ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ម្នាក់​​ដោយសារ​ផ្ទុះ​កំហឹង​​នៅក្នុង​ខ្លួន ​​បាន​​យក​ភ្លើង​ដុត​ផ្ទះ​ខ្លួនឯង​បណ្តាល​ឱ្យ​ឆេះ​ជញ្ជាំង​​ជុំ​វិញ ​ហើយបើ​កុំតែបាន​អ្នក​ជិត​ខាង​ខ្លាច​ឆេះ​រាល​​ដាល​ក៏​នាំគ្នា​ជួយ​ពន្លត់​​ទាន់ កុំអី​ឆេះ​តគ្នា​ជា​ពុំ​ខាន ។ ហេតុការណ៍​នេះ​បាន​​កើត​ឡើង​កាលពី​វេលា​ម៉ោង​​២និង​១៥​នាទី​រសៀល​​ថ្ងៃទី​៩ មករា នៅភូមិ​ល្វា ឃុំ​ពេជ​ចង្វា ស្រុក​បរិបូណ៌​ ។ បុរស​ដែលយកភ្លើង​ដុត​ផ្ទះ​​​ខ្លួន​ឯងនេះ​​​ឈ្មោះ​ណុប សារី អាយុ​៤១ឆ្នាំ ចំណែក​ផ្ទះ​ដែល​ឆេះ​សល់​​តែដំបូល​នោះ​មាន​ទំហំ​៥ម៉ែត្រ×៤​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​​ បាំង​ជញ្ជាំង​ស្លឹក ។លោក សៀង ស៊ីថៃ នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំ​ពេជ​ចង្វា បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ការ​ដុតផ្ទះ​ខ្លួន​ឯងនេះ​​​គឺ​​មក​​ពី​ខឹង​ប្រពន្ធ​ទៅរក​ការងារធ្វើនៅ​ប្រទេស​ថៃ​ចោល​រូបគាត់​ជាប្តី​ហើយ​ ទុក​កូន​តូច​អាយុ​៥ឆ្នាំ​ឱ្យ​ប្តីមើល​ទៀត មិន​ត្រឹម​តែប៉ុណ្ណោះ ​ខឹង​នឹងរឿង​​ទុក​លុយ​ចេះតែបាត់ ។ លោក​នាយ​ប៉ុស្តិ៍​បាន​​បន្ថែម​​ថា ក្រៅ​ពី​ឆេះ​ផ្ទះ​សល់​តែ​ដំបូល​នោះ​ពុំ​មាន​​អ្វីខូច​ខាត​​ធ្ងន់​ធ្ងរ​​ជាង​នេះ​ទៀត​ទេ ព្រោះ​មុនពេល​ដុត​ផ្ទះ​​ចោល​​ក៏បាន​ជញ្ជូន​អីវ៉ាន់​ចេញ​អស់​ខ្លះ​ហើយដែរ​ ពិសេស​របស់​មានតម្លៃ ។​ចំពោះ​ប្រវត្តិ​​​គ្រួសារ​​នេះ​វិញ​ គឺ​ទើប​មក​រស់​​នៅ​ក្នុង​ភូមិ​នេះ​ប្រមាណ​​ជិត​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ដែល​បុរស​រូបនេះ​មាន​ទីលំនៅ​នៅខេត្ត​ពោធិ៍​សាត់​​ ហើយ​មក​បាន​​ប្រពន្ធ​​នៅភូមិល្វា​ ឃុំ​ពេជ​ចង្វា​ ។ ប៉ុន្តែ​មុនពេល​មក​រស់​នៅ​ភូមិ​ពេជ​ចង្វា​នេះ​ពួកគាត់​ពីរ​នាក់​ប្តីប្រពន្ធ​គឺបាន​គ្នា​យូរហើយរហូត​​មាន​ កូន​អាយុ៥ឆ្នាំ ទើបតែ​ប្រហែល​​១ឆ្នាំ​ចុង​ក្រោយ​​នេះក៏​​បាន​មក​សង់​​ផ្ទះ​នៅដីកេរ​​ខាង​ប្រពន្ធ​នៅភូមិ​ពេជចង្វា​នេ ះ ។ លោកនាយ​ប៉ុស្តិ៍​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេលដុត​ផ្ទះ​ហើយ ​បុរស​រូបនេះបាន​នាំកូន​រត់​គេច​បាត់​ដែល​តាម​លោក​ដឹង​ប្រហែល​គេចទៅ​ខេត្តពោធិ៍​សាត់​ ។ មុនពេល​ដុតផ្ទះ​បុរស​រូបនេះ​បាន​ផឹក​ស្រា​ស្រវឹង​ ហើយ​ត្រឡប់​​​មក​ផ្ទះ​វិញ​ជិះ​កង់​ដួល​បាត់​លុយ​អស់​៣០ម៉ឺន​រៀល​ទៀត​ក៏ថាផ្ទះ​នេះ​ចង្រៃ​​ទើប​ដុត​​ចោល​តែ ម្តង ៕