ខេត្តក្រចេះ ៖ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍បានថយចុះក្នុងរយៈពេលមួយឆ្នាំ២០១០ ប៉ុន្តែចំនួនមនុស្សស្លាប់បានកើនឡើងជិតពាក់កណ្តាលបើប្រៀបធៀបទៅនឹងឆ្នាំ២០០៩ ។ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ នៅសាលមហោស្រពខេត្តមានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោ ក ក្រោមអធិបតីភាពលោកធុន គ្រី អភិបាលខេត្តស្តីទី ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រីហឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ត្រីជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកំលាំងប្រដាប់អាវុធ អភិបាលរងស្រុក-ក្រុង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជិត៣រយនាក់ ។លោកឧត្តមសេនីយ៍ត្រីជួង ស៊ាងហាក់ បានអានរបាយការណ៍ឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តមានចំនួន៦៨នាក់ លើសពីឆ្នាំ២០០៩ដែលមានចំនួនតែ៣៨នាក់ប៉ុណ្ណោះស្មើនឹង៤៤ភាគរយ តែចំនួនគ្រោះចរាចរណ៍មានចំនួន២០០លើក គឺថយចុះបើប្រៀបធៀបនឹងឆ្នាំ២០០៩ ដែលមានចំនួន២១៩លើក ។ ថ្វីដ្បិតគ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន១៩លើកមែន ប៉ុន្តែបានបង្កឱ្យស្លាប់មនុស្ស៦៨នាក់ កើនឡើងចំនួន៣០នាក់ ហើយមនុស្សរងរបួស និងការខូចខាតទ្រព្យសម្បត្តិថយចុះតែបន្តិចបន្តួចប៉ុណ្ណោះ ដែលករណីនេះនៅតែជាបញ្ហាមួយមានភាពប្រឈមនិងព្រួយបារម្ភយ៉ាងខ្លាំង ។លោកឧត្តមសេនីយ៍ត្រីហឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ បានមានប្រសាសន៍ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតមានជាបន្តបន្ទាប់គ្រប់ទីកន្លែង គឺបណ្តាលមកពីមូលហេតុជាច្រើនដូចជា អ្នកបើកបរមិនទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៍ និងបំពានលើច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនលឿនលើសការកំណត់ និងការបញ្ជាយានយន្តស្ថិតក្នុងភាពស្រវឹងជាដើម ។ ជាមួយគ្នានេះ ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅមិនទាន់ស្ថាបនារួចរាល់ទើបការដាក់បង្ហាញនូ វស្លាកសញ្ញាចរាចរណ៍នៅមានការយឺតយ៉ាវដល់អ្នកធ្វើដំណើរ ។ លោកឧត្តមសេនីយ៍បានលើកឡើងពីទិសដៅអនុវត្តបន្ត គឺជំរុញនិរន្តរភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ដោយរឹតបន្តឹងបន្ថែមតាមវិធានការច្បាប់ ផ្គួបផ្សំនឹងវិធានការរដ្ឋបាលលើលក្ខណៈបច្ចេកទេសរបស់យានយន្ត និងបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ និងមានវិធានការបញ្ឈប់ការធ្វើអាជីវកម្មរបស់យានដ្ឋានកែច្នៃដំឡើងរថយន្តដែលខុសលក្ខណៈបច្ ចេកទេស ៕