ខេត្តកំពត ៖ លោកសៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត និងលោកកុយ ជិ ជាក្រឡាបញ្ជីនៅព្រឹកថ្ងៃទី១៨ មករា បានចុះអនុវត្តដីការក្សាការពារដីផ្លូវមួយកន្លែងស្ថិតនៅភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ តាមដីកាលេខ៣១០ ចុះថ្ងៃទី១៩ តុលា ឆ្នាំ២០១០ ដោយលោករស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងខេត្ត ។ តាមប្រភពព័ត៌មានទាក់ទិននឹងការអនុវត្តដីការក្សាការពារនេះបានឱ្យដឹងថា លោកស្រីតូច សម្បត្តិ បានទិញដីពីឈ្មោះឌិន មុន្នីរដ្ឋា ហើយដីរបស់ឌិន មុន្នីរដ្ឋា ដែលអ្នកស្រីតូច សម្បត្តិ ទិញនេះ នៅខ្សែបន្ទាត់ខាងមុខដីប្រជាពលរដ្ឋពីរគ្រួសារដែលមានឈ្មោះមាស សុភាព ភេទប្រុស អាយុ៤១ឆ្នាំ និងឈ្មោះម៉ឹង ប៉ាល់ ភេទប្រុស អាយុ៥៣ឆ្នាំ ។ ប្រភពនោះបន្តទៀតថា ដីដែលអ្នកស្រីតូច សម្បត្តិ ទិញនេះម្ចាស់ដើមមានប័ណ្ណកម្មសិទ្ធិបញ្ជាក់ពីព្រំប្រទល់ តែពុំបានបញ្ជាក់ពីទំហំផ្ទៃដីឱ្យបានត្រឹមត្រូវទេ ប៉ុន្តែនៅក្នុងប្លង់ការិយាល័យភូមិបាលស្រុកបានកំណត់ផ្ទៃក្រឡាត្រឹមត្រូវ ដោយមានទុកផ្លូវចំនួន៣,៥០ម៉ែត្រ សំរាប់ប្រជាពលរដ្ឋដែលនៅខាងក្រោយដីនោះធ្វើដំណើរចេញ-ចូល ។ការវាស់វែងទុកផ្លូវនោះមានការពិនិត្យត្រឹមត្រូវពីអាជ្ញាធរភូមិ-ឃុំ-ស្រុក ការិយាល័យភូមិបាល និងតុលាការផងដែរ គឺបានពិនិត្យ និងឯកភាពទុកផ្លូវចំនួន៣ម៉ែត្រកន្លះនេះ ។ ក្រោយមកអ្នកស្រីតូច សម្បត្តិ បានសុំទិញដីពីប្រជាពលរដ្ឋពីរគ្រួសារដែលនៅខាងក្រោយដីរបស់លោកស្រី ។ ការចរចាសុំទិញដីពីប្រជាពលរដ្ឋពីរគ្រួសារនៅខាងក្រោយនេះមិនបានសំរេចទេ ដោយតំលៃមិនត្រូវគ្នា ។ ក្រោយមកនៅក្នុងអំឡុងចុងឆ្នាំ២០១០ អ្នកស្រីតូច សម្បត្តិ ក៏បានជួលជាងរៀបរបងថ្មបិទផ្លូវដើរ ដោយមានកំលាំងប៉ូលិសការពារផង ។ប្រភពពីប្រជាពលរដ្ឋពីរគ្រួសារឱ្យដឹងថា ក្រោយពីអ្នកស្រីតូច សម្បត្តិ ធ្វើរបងបិទផ្លូវដើរពួកគាត់ក៏សំរេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីរកយុត្ត ិធម៌ ។ ជាក់ស្តែងនៅថ្ងៃទី១៨ មករា កន្លងទៅនេះ ក្រោយពីតុលាការសាលាដំបូងខេត្តសាកសួរ និងពិនិត្យអង្គហេតុរួចក៏សំរេចចេញដីការក្សាការពារដីផ្លូវនេះដោយធ្វើការរុះរើរបង ឱ្យពួកគាត់ពីរគ្រួសារប្រើប្រាស់ចេញ-ចូលជាបណ្តោះអាសន្នរង់ចាំការសំរេចដល់អង្គសេចក្តីនៅពេលក្រោយ ។សមាសភាពចូលរួមអនុវត្តដីកាការពារនោះមាន លោកសេ ដាង អភិបាលស្រុកទឹកឈូ លោកអ៊ុង ញាញ់ ប្រធានភូមិបាលស្រុក លោកម៉ី យឿន ជំទប់ទី១ ឃុំជុំក្រៀល និងលោកអ៊ុង ហ៊ន មេភូមិត្រពាំងធំ ព្រមទាំងកងកំលាំងកងរាជអាវុធហត្ថស្រុក និងនគរបាលស្រុក-ខេត្តផងដែរ ៕