រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងមហាផ្ទៃបានថ្លែងឱ្យដឹងថា នៅឆ្នាំ២០១០ កន្លងមកនេះ អង្គការ-សមាគមក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានជិត២០០អង្គការ-សមាគម ។ អនុប្រធានការិយាល័យគ្រប់គ្រងសមាគមនៃនាយកដ្ឋានកិច្ចការនយោបាយក្រសួងមហាផ្ទៃ លោកពេជ្រ សុមេធារៈ បានប្រាប់កោះសន្តិភាពនៅពឹ្រកថ្ងៃទី៩ មករា ២០១១ ថា ចំនួននេះបើធៀបទៅនឹងឆ្នាំ២០០៩ គឺមានការកើនឡើងតិចតួច ប៉ុន្តែបើគិតចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកទល់នឹងពេលនេះ មានអង្គការ-សមាគមបានចុះបញ្ជីនៅក្រសួងមហាផ្ទៃជាង៣ពាន់អង្គការ-សមាគម ។សំរាប់លោកឌី សុផាន ប្រធាននាយកដ្ឋានកិច្ចការនយោបាយនៃអគ្គនាយកដ្ឋានរដ្ឋបាល មូលដ្ឋានក្រសួងមហាផ្ទៃ កោះសន្តិភាពមិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមបានទេ នៅព្រឹកថ្ងៃអាទិត្យនេះ ដោយទូរស័ព្ទរបស់លោកភ្ជាប់បានហើយ ប៉ុន្តែពុំមានការឆ្លើយតប ។ ការថ្លែងឱ្យដឹងរបស់លោកអនុប្រធានការិយាល័យគ្រប់គ្រងសមាគមនៃក្រសួងមហាផ្ទៃខាងលើ នេះ ធ្វើឡើងមុនមួយថ្ងៃដែលក្រសួងមហាផ្ទៃ និងអង្គការក្រៅរដ្ឋាភិបាលនឹងធ្វើសិក្ខាសាលារួមគ្នាមួយទាក់ទងនឹងសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតអង្គ ការក្រៅរដ្ឋាភិបាលនៅសណ្ឋាគារកាំបូឌីយ៉ានា នាវេលាព្រឹកថ្ងៃចន្ទស្អែកនេះ ។បើតាមមន្ត្រីដដែលបានបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបញ្ចេញទស្ស នៈ និងលើកយោបល់ជុំវិញសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតអង្គការក្រៅរដ្ឋាភិបាលដែលមាន ១១ជំពូក និង៥៨មាត្រា ហើយថា បន្ទាប់ពីមានការចូលរួមមតិយោបល់ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនៅក្នុងសិក្ខាសាលានេះ ក្រសួងមហាផ្ទៃអាចនឹងមានការកែសំរួលពាក្យពេចន៍ ឬខ្លឹមសារខ្លះនៅក្នុងសេចក្តីព្រាងច្បាប់ដែលតាក់តែងឡើង ដោយក្រសួងមហាផ្ទៃមុននឹងមានការសំរេចពីថ្នាក់ដឹកនាំក្រសួងដាក់ឆ្លងគណៈរដ្ឋមន្ត្រីនៅ មុនពេលបញ្ជូនទៅរដ្ឋសភាដើម្បីពិភាក្សា និងអនុម័តនោះ ៕