ក្រុងប៉ោយប៉ែត ៖ សពពលករចំណាកស្រុកម្នាក់ត្រូវបានភាគីសៀមបញ្ជូនមកវិញតាមច្រកទ្វារប៉ោយប៉ែតប្រគល់ឱ្ យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ។ តាមការបំភ្លឺពីស្ត្រីឈ្មោះទឹម ថូ អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធរបស់សព បានឱ្យដឹងថា ប្តីរបស់គាត់ដែលស្លាប់នេះមានឈ្មោះឡៃ ថង់ អាយុ៣៨ឆ្នាំ រស់នៅភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប បានទៅធ្វើការនៅប្រទេសសៀមដោយស្របច្បាប់ តាមរយៈក្រុមហ៊ុនយូមែនផៅវើររយៈពេលជាង៣ខែមកហើយ នៅខេត្តឈុនបុរី គឺធ្វើកម្មករលើកអីវ៉ាន់ដាក់រថយន្ត ។តាមស្ត្រីជាប្រពន្ធបន្តថា ស្រាប់តែនៅ ព្រឹកថ្ងៃទី១៣ មករា ខាងក្រុមហ៊ុនបានទូរស័ព្ទប្រាប់គាត់ជាប្រពន្ធថា ឱ្យមកចាំទទួលយកសព ប្តីនៅមាត់ច្រកទ្វារប៉ោយប៉ែត ។ ស្ត្រីជាប្រពន្ធរូបនេះបានបន្តថា ចំណែកមូលហេតុនៃការស្លាប់របស់ប្តីគាត់ត្រូវក្រុមហ៊ុនប្រាប់ថា ប្តីរបស់គាត់បានដេកស្លាប់នៅវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី១២ មករា ២០១១ នៅក្នុងបន្ទប់ស្នាក់នៅ ហើយនៅពេលព្រឹកឡើងដល់ពេលម៉ោងធ្វើការទើបគេដឹង ។ សពបុរសរូបនេះត្រូវបានភាគីសៀមបញ្ជូនមកវិញតាមច្រកប៉ោយប៉ែតកាលពីថ្ងៃទី១៣ មករា ដើម្បីប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕