កាលពីល្ងាចថ្ងៃទី ១៦តុលា គេឃើញមានមនុស្សប្រមាណជា មួយពាន់នាក់ បានប្រមូលផ្ដុំគ្នានៅមុខព្រះបរមរាជវាំង ធ្វើការអុជទៀន ធូប និងដាក់ថ្វាយផ្កា កម្រងផ្កា ក្នុងបំណងគោរពព្រះវិញ្ញាណក្ខន្ធ នៃអង្គសម្ដេចឪ។

នៅវេលាម៉ោងប្រហែល ៤ ល្ងាច ពួកគេបានចាប់ផ្ដើមប្រមូលផ្ដុំគ្នានៅមុខព្រះបរមរាជវាំង លុះដល់ម៉ោងប្រហែលជា ៥ ល្ងាច អ្នកដែលបានចូលរួមក្នុងការជួបជុំនេះ បាននាំគ្នាទិញធូប ទៀននិងផ្កាជាដើម ដើម្បីយកមកថ្វាយព្រះវិញ្ញាណក្ខន្ធនៃព្រះមហាវិរក្សត្រខ្មែរ ដែលទើបតែសោយទីវង្គត់។

ក្រោយមក ពួកគេបាននាំគ្នាអង្គុយនៅទល់មុខនឹងព្រះឆាយាលក្ខណ៍នៃអង្គសម្ដេចឪ រួចសូត្រធម៌បួងសួង។ អ្នកខ្លះ ដោយសារតែទប់ចិត្ដមិនបាន ក៏យំ ធ្វើអោយមនុស្សជាច្រើននៅក្បែរនោះដែលកំពុងអួលដើម.ក ស្រាប់ ក៏ត្រូវបង្ហូរទឹកភ្នែកចេញមកក្រៅ។ ចំណែកខ្ញុំ ដែលជាធ្លាប់តែជាមនុស្សមិនចេះយំផ្ដេសផ្ដាសនោះ ក៏អួលដើម.ក រកថ្លែងអ្វីមិនចេញ។

នៅក្នុងការប្រមូលផ្ដុំគ្នានេះ ផ្កា ទៀន និងធូប រាប់ពាន់ដើម ត្រូវបានគេអុជ និងថ្វាយដល់ព្រះវិញ្ញាណក្ខន្ធ នៃអង្គសម្ដេចឪ។ ប៉ុន្ដែអ្វីដែលគួរអោយចាប់អារម្មណ៍ដែរ នោះគឺតម្លៃរបស់ផ្កា ធូបនិងទៀន ត្រូវបានគេដាក់លក់ក្នុងតម្លៃថ្លៃជាងធម្មតាដល់ទៅពីរដង។ ផ្កាមួយដើមមានតម្លៃ ១,០០០រៀល(ថ្ងៃធម្មតា ៥០០រៀល) ចំណែកធូបវិញ តម្លៃក្នុង ១០ដើមគឺ ១,០០០រៀល៕

//អ្នកខ្លះនាំគ្នាសរសេរអំពីអារម្មណ៍ក្ដុកក្ដួលរបស់ខ្លួនទៅក្នុងសៀវភៅអនុស្សវរិយ មុខបរមរាជវាំង/ផ្ការាប់ពាន់ដើមត្រូវបានគេដាក់ថ្វាយនៅមុខបរមរាជវាំង/////

 

ដោយ ៖ សូរីយ៉ា