រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរទាក់ និងដាក់ថ្នាំបំពុលឆ្កែពីរនាក់ត្រូវបានកំលាំងប៉ូលិសប៉ុស្តិ៍កំបូល សហការជាមួយប្រជាពលរដ្ឋចាប់បានបន្ទាប់ពីពួកចោរទាំងនោះធ្វើសកម្មភាពបំពុលឆ្កែ បណ្តាលឱ្យងាប់ និងពុលជាបន្តបន្ទាប់រយៈពេល២ទៅ៣ថ្ងៃជាប់ៗគ្នាកន្លងមក ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ មករា ឆ្នាំ២០១១ នៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌដង្កោ ។ ជនសង្ស័យជាចោរទាក់ និងបំពុលឆ្កែនោះ ១-ឈ្មោះមួន សុជាតិ អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌដង្កោ ២-ឈ្មោះសុខ ភារិន អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌដង្កោ ។តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមជនសង្ស័យបានជិះចេញធ្វើសកម្មភាពទាក់ និងដាក់ថ្នាំបំពុលឆ្កែរបស់ប្រជាពលរដ្ឋក្នុងភូមិត្រពាំងទួលនោះជាបន្តបន្ទាប់ រយៈពេល២ទៅ៣ថ្ងៃជាប់ៗគ្នាកន្លងមកហើយ បណ្តាលឱ្យមានឆ្កែងាប់ និងរបួសជាច្រើនក្បាល ។ រហូតដល់ប្រជាពលរដ្ឋនាំគ្នាឃ្លាំមើលមិនហ៊ានដេក ព្រោះមានការព្រួយបារម្ភពីសុវត្ថិភាពទ្រព្យសម្បត្តិ ដោយមិនដឹងថា ក្រុមចោរបំពុលឆ្កែមានបំណងអ្វីពិតប្រាកដទៀតទេ ។ ប្រភពដដែលបានបន្តទៀតថា មុនពេលចេញធ្វើសកម្មភាពបំពុលឆ្កែ ក្រុមចោរបាននាំគ្នាស៊ីផឹកយ៉ាងសប្បាយ រហូតដល់វេលាយប់ស្ងាត់ ទើបពួកគេជិះម៉ូតូចេញទៅធ្វើសកម្មភាពបោះសាច់ជ្រូកប្រឡាក់ដោយថ្នាំពុល ឱ្យឆ្កែអ្នកភូមិស៊ី ។ ពេលនោះអ្នកភូមិបានឃើញម៉ូតូជិះកាត់ភូមិដែរ ប៉ុន្តែពុំបានដឹងថា ក្រុមជនទាំងនោះបោះសាច់ជ្រូកថ្នាំពុលឱ្យឆ្កែស៊ីបែបនេះទេ ។ លុះក្រោយមក ស្រាប់តែឃើញឆ្កែ១ក្បាលពុលប្រកាច់ធ្លាក់ពីលើជណ្តើរផ្ទះ ទើបដឹងថា ឆ្កែត្រូវថ្នាំពុល ឯពួកគាត់ក៏បង្កើនការប្រុងប្រយ័ត្នខ្លាំងថែមទៀត ខណៈក្រុមចោរពុំដឹងថា អ្នកភូមិឃ្លាំចាំមើលពួកវាឡើយ ។ប្រភពដដែលបានបន្តថា បន្ទាប់ពីបំពុលឆ្កែរួច ជនទាំងនោះបាននាំគ្នាជិះម៉ូតូក្រវែលចុះឡើងជាច្រើនត្រឡប់ ដើម្បីយកឆ្កែដែលខ្លួនបំពុល ព្រោះពួកគេនឹកស្មានថា ឆ្កែទាំងនោះងាប់ដោយពុំដឹងថា ឆ្កែគ្រាន់តែពុលប្រកាច់ ហើយត្រូវម្ចាស់គេច្រកស្ករ បន្សាបជាតិពុលហើយនោះទេ ។ ដោយឃើញជនទាំងនោះជិះម៉ូតូចុះឡើងៗបែបនេះ ប្រជាពលរដ្ឋក៏បាននាំគ្នាស្ទាក់ចាប់ ហើយជនទាំងនោះគ្រាន់តែឃើញប្រជាពលរដ្ឋស្ទាក់ផ្លូវ ពួកគេក៏នាំគ្នាបត់ត្រឡប់ក្រោយវិញ ។ចំណែកប្រជាពលរដ្ឋបានចាប់ទាញបក្សពួកម្នាក់ ដែលជិះខាងក្រោយជាប់បណ្តាលឱ្យធ្លាក់ពីលើម៉ូតូ ។ ឯបក្សពួកម្នាក់ទៀតក្លាហានណាស់មិនរត់ចោលគ្នាទេ បានឈប់ម៉ូតូ និងបត់សំដៅប្រុងវាយតដៃប្រជាពលរដ្ឋរំដោះយកបក្សពួករបស់ខ្លួន ។ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមានគ្នាច្រើនប្រដាប់ដោយដំបង ព្រនង់គ្រប់ដៃ ទើបពួកគេនៅស្ងៀម ហើយទីបំផុតប្រជាពលរដ្ឋ និងប៉ូលិសសហការគ្នាចាប់ខ្លួនបានតែម្តង ។ ប្រជាពលរដ្ឋបានឱ្យដឹងថា កន្លងមក ក្រុមចោរទាំងនោះធ្វើសកម្មភាពបំពុលឆ្កែនៅក្នុងភូមិរបស់ពួកគាត់រយៈពេល២ទៅ៣ថ្ងៃជាប់ៗគ្ នាមកហើយ បណ្តាលឱ្យមានឆ្កែងាប់ជាបន្តបន្ទាប់ស្ទើរស្ងាត់ភូមិ ។ ដោយឡែកនៅវេលាយប់ថ្ងៃកើតហេតុ ពួកចោរបានទៅបំពុលទៀត ប៉ុន្តែពុំបណ្តាលឱ្យមានឆ្កែងាប់នោះឡើយ គ្រាន់តែរបួសប៉ុណ្ណោះ ដោយសារពួកគាត់ច្រកស្ករបន្សាបថ្នាំពុលទាន់ពេល ។ ក្រោយពេលចាប់ខ្លួនជននោះបានសារភាពប្រាប់ប៉ូលិសថា ពួកគេពិតជាបានធ្វើសកម្មភាពបំពុលឆ្កែែមន ក្នុងបំណងយកទៅលក់ ដោយមុនពេលចេញធ្វើសកម្មភាព ពួកគេបានរៀបចំទិញថ្នាំពុល និងសាច់ជ្រូកជាស្រេចហើយក្រោយពីពួកគេនាំគ្នាផឹកស៊ីជុំគ្នារហូតយប់ជ្រៅ ទើបចេញធ្វើសកម្មភាពតែម្តង ។ ប្រជាពលរដ្ឋបានបន្តទៀតថា សព្វថ្ងៃនេះសាច់ឆ្កែកំពុងត្រូវប៉ាន់ខ្លាំងណាស់ ដោយសារមានកន្លែងលក់ជាច្រើនកន្លែង ហើយក៏មានមនុស្សចូលស៊ីផឹកច្រើនដែរ ដូច្នេះហើយទើបក្រុមចោរចេញធ្វើសកម្មភាពទាក់ និងបំពុលឆ្កែអ្នកស្រុកយកទៅលក់ ដោយពួកគេពុំខ្វល់ថា ឆ្កែគឺជាអ្នកយាមផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគាត់ដ៏សំខាន់នោះឡើយ ។ ពេលនេះពួកគាត់ស្នើសុំឱ្យសមត្ថកិច្ចជួយចាត់ការធ្វើឱ្យតឹងរ៉ឹងបំផុតចំពោះក្រុមច ោរទាក់ និងបំពុលឆ្កែ មុខខ្លាញ់ដដែលៗនេះ ព្រោះសព្វថ្ងៃពួកគាត់ពឹងពាក់ទៅលើសត្វឆ្កែ ដើម្បីជួយការពារទ្រព្យសម្បត្តិ៥០ភាគរយទៅហើយ ។ ពួកគាត់និយាយថា មិនអាចសម្ងំស្ងៀមចំពោះសកម្មភាពចោរបំពុលឆ្កែនេះបានឡើយ ហើយបើចាប់បានថ្ងៃក្រោយទៀត សង្ស័យរងគ្រោះដល់ជីវិតមិនខានឡើយ ៕