ក្រុងប៉ោយប៉ែត ៖ ពិតជាមហាសំណាងនិងជាការកម្រមួយដែលបុរសម្នាក់អះអាងថា ខ្លួនបានធ្លាក់ពីលើផ្ទះថ្មកំពស់រហូតដល់៤ជាន់នៅក្នុងទឹកដីថៃ ប៉ុន្តែជីវិតថ្លៃរួចផុតពីស្លាប់ និងត្រូវបានភាគីសៀមបញ្ជូនមកកម្ពុជាវិញ ទាំងរបួសកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១២ មករា ហើយត្រូវបានប៉ូលិសអន្តោប្រវេសន៍ឈរជើងនៅគល់ស្ពានមិត្តភាពកម្ពុជា-ថៃជួយអន្តរាគមន៍ហៅម៉ូតូកង់បី និងជួយចេញថ្លៃដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតទាំងយប់ ។បុរសរងគ្រោះឈ្មោះចាន់ រ៉ាត់ អាយុ៣១ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិព្រែក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។ បុរសរូបនេះបានរៀបរាប់ថា ខ្លួនបានធ្លាក់ពីលើផ្ទះថ្មកំពស់៤ជាន់ក្នុងទឹកដីថៃ ប៉ុន្តែពុំបានស្គាល់ថា ស្ថិតនៅក្នុងខេត្ត ឬស្រុកណាទេ ព្រោះមេខ្យល់នាំចូលតាមច្រករបៀងដោយឡើងតាមរបងផ្សាររុងក្លឿ ស្រុកអារញ្ញ ។ គ្រោះថ្នាក់ដែលមិនបណ្តាលឱ្យស្លាប់នេះគឺ ដោយសារការធ្លាក់មកចៃដន្យប៉ះចំគំនរខ្សាច់ពីខាងក្រោម ។ បុរសរងគ្រោះបានរងរបួសធ្ងន់ធ្ងរត្រង់ចង្កេះខាងស្តាំ និងជើងស្តាំកំរើកមិនរួច ។ តាមមន្ត្រីប៉ូលិសអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោកអនុសេនីយ៍ទោ ប៊ុន សុផា បានប្រាប់ថា ផ្អែកលើការសួរនាំស្ត្រីជាប្រពន្ធនិងអ្នកជួយនាំឆ្លងស្ពានព្រំដែនបានប្រាប់ថា បុរសរងគ្រោះត្រូវបានរថយន្តតម្រួតថៃដឹកមកដល់គល់ស្ពានខាងទឹកដីថៃ ហើយក៏ត្រឡប់ទៅវិញ ។ចំណែកស្ត្រីជាប្រពន្ធឈ្មោះសល់ នី អាយុ៣៦ឆ្នាំ ដែលមានទាំងកូនប្រុសតូចជាប់មកជាមួយផងនោះបានប្រាប់ថា ពេលប្តីគាត់មានគ្រោះថ្នាក់រូបគាត់ក៏ស្ថិតនៅទីនោះដែរ ហើយកន្លែងធ្វើការនោះស្ថិតនៅកណ្តាលប្រទេសថៃ ប៉ុន្តែគាត់មិនស្គាល់ឈ្មោះខេត្ត ឬស្រុកទេ ។ ស្ត្រីជាប្រពន្ធបន្តទៀតថា គ្រោះថ្នាក់នេះបានកើតឡើងតាំងពី៥ថ្ងៃមុនម៉្លេះ ហើយត្រូវបានជនជាតិសៀមជួយនាំទៅកាន់មន្ទីរពេទ្យ ប៉ុន្តែការព្យាបាលនៅមន្ទីរពេទ្យថៃនោះ គ្មានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យឡើយ ម្យ៉ាងដោយស្ថានភាពប្តីរបស់គាត់នៅតែធ្ងន់ធ្ងរ ទើបសុំគេត្រឡប់មកកម្ពុជាវិញ ។ បុរសរងគ្រោះ និងស្ត្រីជាប្រពន្ធ ព្រមទាំងកូនប្រុសតូចពេលនេះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៕