ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី១៣ មករា ឆ្នាំ២០១១ នៅសាលប្រជុំសាលាខេត្ត មានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរអប់រំយុវជ និងកីឡាខេត្ត ក្រោមអធិបតីភាពលោកបណ្ឌិតអ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ អញ្ជើញចូលរួមក្នុងពិធីនោះមានលោកអ៊ុង អឿន អភិបាលខេត្ត លោកប៉ុក សាលុយ ប្រធានក្រុមប្រឹក្សាខេត្ត និងអស់លោកជាប្រធានមន្ទីរនានាក្នុងខេត្តជាច្រើនរូប ។ លោកនៀ សុផន ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងអប់រំយុវជន និងកីឡា បានអានប្រកាសលេខ៣៣៧៦អ.យ.ក ប្រ.ក ចុះថ្ងៃទី២២ ធ្នូ ឆ្នាំ២០១០ របស់ក្រសួងអប់រំយុវជន និងកីឡា តែងតាំងលោកឈឺយ ចាន់ណា ជាប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ជំនួសលោកប្ល៉ែង សារ៉ុត ដែលត្រូវចូលនិវត្តន៍ ។បន្ទាប់មក លោកឈឺយ ចាន់ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ ដែលត្រូវតែងតាំងថ្មីបានឡើងប្តេជ្ញាចិត្តដោយបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍកសាងធនធានមនុស្សក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ និងដំណាក់កាលទី២ ក្រសួងអប់រំបានលើកគោលនយោបាយជាអាទិភាពសំខាន់៣គឺ ១-ការប្រមូលកុមារឱ្យបានចូលរៀនប្រកបដោយសមធម៌ ២-គុណភាព ប្រសិទ្ធភាព និងការទទួលបាននូវសេវាអប់រំ ៣-ធានាកសាងសមត្ថភាព និងអភិវឌ្ឍន៍ស្ថាប័នរដ្ឋ ស្របតាមអាទិភាពនៃគោលនយោបាយអប់រំនេះ ក៏បានលើកឡើងនូវចក្ខុវិស័យ និងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព សីលធម៌ខ្ពស់ ដើម្បីអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យឱ្យរីកចំរើនរុងរឿងឈានទៅសំរេចចក្ខុវិស័យនេះ ។លោកអ៊ុង អឿន អភិបាលខេត្ត និងលោកអ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់នៃវិស័យអប់រំនៅក្នុងខេត្តជាប់ព្ រំដែនឱ្យមានការរីកចំរើន ក្នុងនាមអាជ្ញាធរ សូមកោតសរសើរដ៏ស្មោះចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃមន្ទីរ អប់រំ និងអាជ្ញាធរផងដែរ ។ លោកអ៊ឹម សិទ្ធី មានប្រសាសន៍ថា ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានអភិបាលកិច្ចល្អជាស្នូល បានធ្វើឱ្យប្រទេសជាតិយើងកំពុងឈានទៅទទួលនូវវឌ្ឍនភាព វិបុលភាពដ៏រុងរឿងជាជំហានៗទៅមុខឥតឈប់ឈរ លើមាគ៌ានៃការអភិវឌ្ឍគ្រប់វិស័យ ។ជាមួយនេះដែរ វិស័យអប់រំយុវជននិងកីឡា គឺជាវិស័យដ៏មានអាទិភាពខ្ពស់ក្នុងជ្រុងមួយនៃយុទ្ធសាស្ត្រចតុកោណ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជំរុញវិស័យនេះយ៉ាងខ្លាំងក្លាបំផុត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស សំរាប់សសរគ្រឹះដ៏រឹងមាំនៃមាតុភូមិកម្ពុជា ទាំងពេលបច្ចុប្បន្ន និងតទៅអនាគត ជាកត្តាចាំបាច់បំផុតដែលពុំអាចខ្វះបាន ។ ជាចុងក្រោយ លោករដ្ឋមន្ត្រីក្រសួងអប់រំបានផ្តាំផ្ញើដល់លោកប្រធានមន្ទីរទើបឡើងកាន់តំណែងថ្មី សូមយកអស់ស្មារតី និងឆន្ទៈរបស់ខ្លួនអនុវត្តរាល់ភារកិច្ចឱ្យសំរេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ សំរាប់ជាគំរូ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទរបស់ខ្លួនជាពិសេសត្រូវពុះពារកែលំអ និងបំពេញចំណុចខ្វះខាតរួមទាំងការងារចាំបាច់ដែលនៅសេសសល់កន្លងមក ដោយអនុវត្តឱ្យមានប្រសិទ្ធភាព និងតម្លាភាព៕