ជាមួយប្រាក់ចំណូលចំនួន ៣៧៨ លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១១ កន្លងទៅ ដែលប្រហែលជាង ១ លានដុល្លាអាមេរិកក្នុងមួយថ្ងៃ,Tim Cook គឺជា CEO ដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងប្រទេសអាមេរិក។

បណ្តាប្រភពពត៌មានដែលទើបតែលេចឡើងនៅលើទំព័រ New York Times ពិតជានឹងធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នោះក៏ព្រោះតែប្រាក់ចំណូលរបស់ CEO Apple កាលពីកំឡុងឆ្នាំ ២០១១ កន្លងទៅមានចំនួនឡើងរហូតដល់ ៣៧៨ លានដុល្លាអាមេរិក ហើយបើគិតជាមធ្យមគឺប្រហែលជាជាង ១លានដុល្លាអាមេរិកក្នុងមួយថ្ងៃ។
ប្រាក់ចំណូលនេះគិតបញ្ចូលទាំងប្រាក់បៀរវត្សប្រចាំឆ្នាំចំនូន ៩០០.០០០ ដុល្លាអាមេរិក ប្រាក់រង្វាន់ដែលមានចំនួនប្រហាក់ប្រហែល និងបរិមាណប័ណ្ណភាគហ៊ុនដែលមានតំលៃយ៉ាងច្រើនមហិមារហូតដល់ ៣៧៦ លានដុល្លាអាមេរិក។ បរិមាណនៃប័ណ្ណភាគហ៊ុននេះនឹងត្រូវបានធ្វើការផ្តល់ជូនជាបណ្តើរៗដល់ CEO របស់ Apple លោក Tim Cook ក្នុងកំឡុងរយៈពេល ១០ឆ្នាំ។ លោកTim Cook អាចនឹងទទួលបានទឹកប្រាក់ទាំងនោះចំនូនពាក់កណ្តាលនៅឆ្នាំ ២០១៦ និងចំនូនដែលនៅសេសសល់នឹងត្រូវបានផ្ទេរចូលទៅក្នុងគណនីរបស់លោកផ្ទាល់នៅឆ្នាំ ២០២១ (ភាគហ៊ុនគិតតាមតំលៃទីផ្សារ) ។
ជាមួយកំរិតប្រាក់ចំណូលដ៏ច្រើននោះ លោក Tim Cook គឺជាបុគ្គលមួយរូបដែលមានឈ្មោះនៅលំដាប់លើគេក្នុងបញ្ជីឈ្មោះ បណ្តា CEO មានប្រាក់ចំណូលខ្ពស់បំផុតក្នុងប្រទេសអាមេរិក ។ បុគ្គលដែលមានឈ្មោះបន្ទាប់គឺ CEO របស់ក្រុមហ៊ុន Oracle ដែលនៅក្នុងឆ្នាំកន្លងទៅនេះលោកទទួលបានប្រាក់ចំណូលប្រហែល ៧៧ លានដុល្លាអាមេរិកគឺស្មើ ១/៥ ធៀបជាមួយលោក Cook ។ បច្ចុប្បន្នលោក Tim Cook កាន់កាប់នៅក្នុងដៃប្រហែល ១,៣៦ លានភាគហ៊ុនរបស់ Apple ដែលមានតំលៃ ៥៨៩ លានដុល្លាអាមេរិក (តាមតំលៃទីផ្សារបច្ចុប្បន្ន) ។ក្រៅពីលោក Tim Cook និង Steve Jobs បុគ្គលិកមួយចំនូនទៀតដែលទាក់ទងនឹងផ្លាកយីហោរ Apple ដូចជាសហស្ថាបនិក Stephen Wozniak រឺក៏អគ្គនាយករងទទួលភារកិច្ចខាងរចនាលោកJonathan Ive ក៏ក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនផងដែរ ដោយសារតែតំលៃភាគហ៊ុនរបស់ Apple មានការកើនឡើងយ៉ាងខ្ពស់នាពេលកន្លងមក។ ក្នុងនោះបើទោះបីជាលោកWozniak បានចាកចេញពី Apple តាំងពីឆ្នាំ ១៩៨៧ ក៏ដោយ ប៉ុន្តែលោកនៅតែជាម្ចាស់ហ៊ុនម្នាក់ដែលមានទ្រព្យសម្បតិ្តនៅក្នុងដៃមិនតិចជាង ១០០ លានដុល្លាអាមេរិកនោះឡើយ។ចំណែកលោក Jonathan Ive ដែលជាអ្នកទទួលភារកិច្ចសំខាន់ក្នុងការរចនាម៉ូដសំរាប់សមិទ្ធិផលរបស់ Apple នឹងត្រូវបានទទួលបា្រក់បន្ថែមទៀតចំនួន ២៥ លានដុល្លាអាមេរិកនៅក្នុងឆ្នាំនេះផងដែរ អមជាមួយបរិមាណទ្រព្យសម្បត្តិនៅក្នុងដៃបច្ចុប្បន្នចំនួន ១០០ លានដុល្លាអាមេរិកនោះ។
គិតចាប់តាំងពីពេលដែលបានចូលប្រឡូកនៅក្នុងទីផ្សារភាគហ៊ុនកាលពីឆ្នាំ ១៩៨០ មក, Apple បានបង្កើតឡើងនូវមហាសេដ្ឋីប្រហែលជា ៣០០ នាក់ទាំងដោយផ្ទាល់និងប្រយោល ហើយ ៤០នាក់ក្នុងចំណោមនោះគឺជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនមួយនេះ។ តំលៃរបស់ Apple ក្នុងដំណាក់កាលបច្ចុប្បន្នមានចំនួនប្រហែល ៣៤០ ពាន់លានដុល្លាអាមេរិក៕ ប្រភព៖ Zing ដោយ៖ រស្មី