ខេត្តបាត់ដំបង ៖ ជនមិនស្គាល់មុខបានលួចដុតកណ្តាប់ស្រូវរបស់ស្ត្រីមេម៉ាយម្នាក់គរទុកនៅកណ្តាលវាលស្រែដែល តាមការប៉ាន់ស្មានប្រហែល៩០បាវ កាលពីវេលាជិតពាក់កណ្តាលអធ្រាត្រ ថ្ងៃទី៩ មករា នៅភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ។ សមត្ថកិច្ចអះអាងថា ជនមិនស្គាល់មុខធ្វើបែបនេះអាចកើតចេញពីរឿងគំនុំដែលគ្រួសាររងគ្រោះធ្លាប់ប៉ះទង្គិចជាមួ យអ្នករស់នៅតំបន់នោះនាពេលកន្លងមក ។ សមត្ថកិច្ចឱ្យដឹងថា ម្ចាស់ស្រូវឈ្មោះឆែម ឡឹក អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិពីងពង់ ឃុំល្វា ។ ចំណុចកើតហេតុនៅឆ្ងាយពីភូមិ ហើយគ្មានសាក្សីណាម្នាក់បានប្រទះឃើញហេតុការណ៍ពីដំបូងទេ ប៉ុន្តែអ្នកភូមិបានឃើញនៅពេលអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនាពេលយប់ ។ស្ត្រីម្ចាស់ស្រូវឱ្យដឹងថា គាត់បានប្រមូលកណ្តាប់ស្រូវជាច្រើនហិកតាទុកគរមួយកន្លែងរង់ចាំជួលម៉ាស៊ីនទៅបោក ប៉ុន្តែមិនទាន់បានបោកផងត្រូវជនមិនស្គាល់មុខលួចដុតបំផ្លាញអស់គ្មានសល់ក្នុងគ្រាដែលរូប គាត់ និងកូនចៅមិនបានដេកយាម ។ គ្រួសារគាត់គ្មានសេសសល់ស្រូវមួយគ្រាប់សំរាប់ទុកទទួលទានទេឆ្នាំនេះ ហើយស្រូវដែលគេដុតបំផ្លាញនោះប្រហែល៩០បាវ ។ អ្នកភូមិនិយាយថា មានគំនរកណ្តាប់ស្រូវម្ចាស់ផ្សេងៗទៀតនៅតំបន់នោះ ប៉ុន្តែមិនរងការខូចខាតដោយសារស្នាដៃជនមិនស្គាល់មុខនោះទេ ។ យប់នោះអ្នកភូមិរាប់សិបនាក់បានភ្ញាក់ផ្អើលរត់ទៅកាន់កន្លែងភ្លើងឆេះ ប៉ុន្តែគេមិនអាចជួយពន្លត់ភ្លើងបានទេ ដោយសារតែអណ្តាតភ្លើងឆាបឆេះខ្លាំងពេក ។ លោកធួក ធី នាយនគរបាលប៉ុស្តិ៍ឃុំល្វាថ្លែងថា ករណីនេះអាចកើតឡើងដោយសារគំនុំ រវាងជនដៃដល់ និងគ្រួសាររងគ្រោះ ព្រោះកន្លងមកគ្រួសារនេះធ្លាប់មានទំនាស់ជាមួយមនុស្សរស់នៅតំបន់នោះ ។ លោកកំពុងស្រាវជ្រាវលើករណីនេះ ៕