ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី៤ និងទី៥ ខែមករា សមត្ថកិច្ចខណ្ឌរដ្ឋបាលជនផលពោធិ៍សាត់បានបង្កើនយុទ្ធនាការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្ លេសាប ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកសេង ស៊ុនហ៊ួត នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួមសហការពីកងរាជអាវុធហត្ថបេ០៥ ប្រចាំការតំបន់កំពង់ហ្លួង។ លោកសេង ស៊ុនហ៊ួត បានរាយការណ៍ឱ្យដឹងថា ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសក្នុងរយៈពេល២ថ្ងៃ កន្លងមកនេះ សមត្ថកិច្ចចំរុះបង្ក្រាប និងកាប់បំផ្លាញចោលវត្ថុតាងបទល្មើសនេសាទចោលនៅនឹងកន្លែងចំនួន៧ករណី រួមមានលូសាច់អួន ចំនួន៥ករណី ដែលមានរបាំងសាច់អួនសរុបប្រវែង៤៦០ម៉ែត្រ បង្គោលចំនួន៥៩០ដើម, បង្គោលឆ្នុកចំនួន២ករណី ដែលមានបង្គោលសរុបចំនួន៩៦ដើម និងលែងកូនត្រីចំរុះទំងន់៥០គីឡូក្រាម។លោកបញ្ជាក់ថា យុទ្ធនាការបង្ក្រាបបទល្មើសជលផលគ្រប់រូបភាព សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់នៅតែបន្តសកម្មភាពជាប់ជាប្រចាំ ស្របតាមអនុសាសន៍របស់លោកបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការចង្អុលបង្ហាញពីលោកណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកប្រធានរដ្ឋបាលជលផល ក្នុងការទប់ស្កាត់រាល់បទល្មើសជលផលគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយកា រទទួលខុសត្រូវ និងមានប្រសិទ្ធភាព។ជាមួយគ្នានេះដែរ លោកអំពាវនាវដល់ប្រជានេសាទទាំងអស់ដែលកំពុងប្រព្រឹត្តបទល្មើសជលផល ឬត្រៀមប្រព្រឹត្តត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះសមត្ថកិច្ចជលផលនៅតែប្រកាន់ជំហរបង្ក្រាបមិនបន្ធូរដៃ ឬយោគយល់ឡើយ ដែលធ្វើឱ្យការចំណាយថវិកា និងកម្លាំងចោលឥតប្រយោជន៍។ ប្រជានេសាទត្រូវបង្វែរមកនេសាទជាលក្ខណៈជាប្រពៃណី និងស្របច្បាប់ ដើម្បីចូលរួមចំណែកថែរក្សា និងការពារប្រភពធនធានជលផលរបស់យើងឱ្យមាននិរន្តរភាពទុកសំរាប់កូនចៅជំនាន់ក្រោយទៀ ត៕