រាជធានីភ្នំពេញ ៖ ជនសង្ស័យឆក់ខ្សែ.កម្នាក់ក្នុងចំណោមបក្សពួក២នាក់ បានត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីកាលពីព្រឹកថ្ងៃទី១០ មករា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី៧ មករា ឆ្នាំ២០១១ ត្រង់ចំណុចភូមិទំនប់ថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈជននេះកំពុងធ្វើសកម្មភាពឆក់ខ្សែ.កពីប្រជាពលរដ្ឋ ។ ជនសង្ស័យដែលសមត្ថកិច្ចក្របួចបាននោះឈ្មោះឃឹម សំបូរ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្រុមទី១ ភូមិទំនប់ថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកបក្សពួកម្នាក់ទៀតដែលរត់រួចនោះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនព្រោះបានស្គាល់អត្តសញ្ ញាណអស់ហើយ ។ ចំណែកឯជនរងគ្រោះឈ្មោះភិរុណ ច័ន្ទបុត្រី ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្សមានទីលំនៅផ្ទះ លេខ៣៥B ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។តាមប្រភពពីប៉ូលិសព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌសែនសុខ បានឱ្យដឹងថា ជនរងគ្រោះកំពុងជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៧ ជាមួយបងប្រុសរបស់ខ្លួនតាមដងផ្លូវលេខ៥៩៨ ឆ្ពោះទៅផ្ទះ ។ លុះមកដល់ចំណុចផ្លូវ១៩៨៦ទល់មុខហាងពីរ៉ាមីត ក៏មានម៉ូតូម៉ាកស្មាស់ ពណ៌ ទឹកប៊ិចជិះគ្នា២នាក់ មួយគ្រឿងធ្វើសកម្មភាព ឆក់ខ្សែ.កពីក្រោយបានហើយ ក្រុមចោរបានព្យាយាមបើកម៉ូតូគេចខ្លួន ។ តែជនរងគ្រោះបានបើកម៉ូតូប្រដេញតាមពីក្រោយជាចៃដន្យអាក្រក់ម៉ូតូជនល្មើសបានដួល ហើយធ្លាក់អ្នកជិះពីក្រោយម្នាក់ ក៏ត្រូវជនរងគ្រោះក្របួចជាប់ រួចបញ្ជូនទៅឱ្យសមត្ថកិច្ចភ្លាមៗ ។ ចំណែកឯបក្សពួកម្នាក់ទៀតបើកម៉ូតូគេចខ្លួនបាត់ ៕