ខេត្តកំពង់ឆ្នាំង​ ៖ យុវជន​​ពីរនាក់​បានស្លាប់​​នៅនឹង​កន្លែង​ និង​​ម្នាក់ទៀត​​​រ​ងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​​បើក​ម៉ូតូ​យ៉ា​ងលឿន​​ទៅបុក​​បង្គោល​ដែក​ការពារ​​កាប​​អុបទិក​​នៅ​ចំណុច​​​មុខ​មន្ទីរ​ធម្ម​ការ ​ខេត្ត កាល​ពី​​វេលាម៉ោង​​៨​យប់​​ថ្ងៃ​ទី​១៣ មករា ស្ថិត​​ក្នុង​​​​ភូមិធម្ម​យុត្តិ​​ សង្កាត់កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ តាមប្រភពព័ត៌​មាន​​ពី​មន្ត្រី​​ប៉ូលិស​​ខេត្ត​​បាន​និយាយ​​ថា ​ជនរងគ្រោះ​​​ទាំង​៣នាក់ មាន​១-​ឈ្មោះ​​មីត សុខា អាយុ​​២២​ឆ្នាំ ​ជាសិស្ស​​ មានទី​លំនៅ​​ក្នុងភូមិ​​​ម៉ុង​បារាំង សង្កាត់ប្អេរ ​ឈ្មោះ​នេះ​បាន​​ស្លាប់​​ដោយ​បែក​ក្បាល និងធ្លាយ​ខួរ​ចេញ​ក្រៅ ​២-​ឈ្មោះ​​អួន ចិត្រា អាយុ​​​២១​ឆ្នាំ ​នៅ​ភូមិ​​ត្រពាំង​បី សង្កាត់​​ផ្សារ​ឆ្នាំង ឈ្មោះនេះ​​បាន​ស្លាប់​ដោយ​​ធ្លាយខួរ​​ដូចគ្នានៅនឹង​កន្លែង​​ ៣-​ឈ្មោះ​​​​កែវ វាសនា ​​អាយុ​​២២​ឆ្នាំ ​​របួសធ្ងន់ ។ ​ប្រភពដដែល​​បាន​បញ្ជាក់​ថា ​ពួកគេ​ទាំង​​៣​នាក់​​​ជិះម៉ូតូ​​ម៉ាក​ស្ទេប​ ពណ៌ស ពាក់ស្លា​ក​លេខ ភ្នំពេញ 1AG-4386 មក​ពីទិស​​ខាងលិច​​ ដោយ​កាត់​​ក្រោម​​ដើម​ស្វាយមុខ​​សាលា​ខេត្ត​​យ៉ាង​លឿន លុះ​​មក​ដល់​មុខ​មន្ទីរ​ធម្ម​ការ​​និង​សាសនា​​​​ខេត្ត ជា​ផ្លូវកោង​​បត់​ឆ្វេង​ ដោយបត់​មិន​រួច​ក៏ជ្រុល​ទៅ​បុក​​​របាំង​ដែក​​ដែលគេធ្វើ​ដាក់​​​​ការពារ​បង្គោល​​​កាប​អុបទិច បណ្តាល​ឱ្យ​​​បោកក្បាល​​ធ្លាយ​ខួរ​​ស្លាប់​២នាក់​​នៅនឹង​កន្លែង​​​​ ចំណែក​អ្នក​​ជិះ​ក្រោយ​​​គេ​​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ។ ប៉ូលិស​​​​​បាន​បញ្ជាក់​​​ថា គឺ​ឈ្មោះ​​មីត សុខា ជា​ម្ចាស់​ម៉ូតូ ជា​អ្នក​​​បើក​បរ​ក្នុង​ហេតុការណ៍​នោះ ប៉ុន្តែ​​​​​​តាម​ប្រភព​​ក្រៅ​​​ផ្លូវ​ការ​​​ពី​មិត្តភក្តិ​ដែល​​​ជិតស្និទ្ធ​​នឹង​ជន​រង​គ្រោះ​ទាំង​៣នាក ់​​​និយាយ​ថា នៅ​ក្នុង​ហេតុ​​ការណ៍​​នោះ ​ឈ្មោះ​អួន ​ចិត្រា ​ជាអ្នក​បើកបរ​​​ ព្រោះ​ម្ចាស់​ម៉ូតូ​​មានភ្នែក​មីញ៉ូប មើល​ផ្លូវ​ពុំ​សូវ​ច្បាស់​ ទើប​ឱ្យ​​មិត្តភក្តិ​​​​ជាអ្នក​បើក​វិញ ។ទោះ​យ៉ាង​​ណា ជនរងគ្រោះ​​​២នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​​ក្នុងហេតុ​ការណ៍​​គ្រោះថ្នាក់​តែ​​មួយប៉ប្រិច​ភ្នែក​ប៉ ុណ្ណោះ ​និង​ម្នាក់ទៀត​បាន​​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ។ លោក​​អៀរ ប៊ុនធឿន ​​នាយប៉ូលិស​ចរាចរ​​ជើងគោក​​ បាន​បញ្ជាក់​ថា ឈ្មោះមីត សុខា ​ជា​ម្ចាស់ម៉ូតូគឺ​ជាអ្នកបើក​​​បរក្នុងហេតុ​ការណ៍​គ្រោះ​​ថ្នាក់ដ៏រន្ធត់​​នេះ ៕​