ខេត្ត​កំពត ៖ ការ​បង្កើត​ធនា​គារ​ក្តាម​នៅ​តាម​សហ​គមន៍​អ្នក​នេសាទ​សមុទ្រ​កាន់​តែ​ធ្វើ​​ឱ្យ​ក្រុម​អ្នក​នេសាទ​ និង​អាជីវ​ករ​​ប្រមូល​ទិញ​ក្តាម​យល់​ដឹង​ពី​ភាព​វិនាស​ហិន​ហោច​របស់​ក្តាម​សេះ​ ។ និយម​ន័យ​របស់​ធនា​គារ​ក្តាម​ គឺ​ជា​ពាក្យ​​មួយ​ស្ទើរ​តែ​មិន​ធ្លាប់​ឮ​ ​។ លោក​ស សូរិន ប្រធាន​ការិយា​ល័យ​​ជល​ផល​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា ការ​បង្កើត​ធនា​គារ​ក្តាម​ចាប់​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ​ ​នៅ​តាម​សហ​គមន៍​៨​​ផ្សេងៗគ្នា​នៅ​ខេត្ត​កំពត​ និង​ខេត្ត​កែប ។ ធនា​គារ​ក្តាម​ គឺ​អ្នក​នេសាទ​ទាំង​ឡាយ​ដែល​ចាប់​បាន​​ក្តាម​មាន​ពង​ពី សមុទ្រ​ត្រូវ​​គណៈ​កម្ម​ការ​ធនា​គារ​ក្តាម​ទិញ​យកទៅ​​លែង​ក្នុង​បែ​(ទ្រុង)​ដើម្បី​ឱ្យ​​ក្តាម​ពង​ញាស់​​ជ ា​កូន​ ហើយ​លែង​ទៅ​ក្នុង​ទឹក​វិញ ​។លោក​ស សូរិន​ អះ​អាង​ថា តាម​ការ​ពិនិត្យ​របស់​ក្រុម​​មន្ត្រី​​ជល​ផល​​បាន​រក​ឃើញ​ក្តាម​ញី​នីមួយៗ​មាន​ពង​ចំនួន​ជាង​មួយ​​លាន​គ្រ ាប់​ ហើយ​រយៈ​ពេល​​តែ​៧​ថ្ងៃ​ប៉ុណ្ណោះ​​អាច​ញាស់​ជា​កូន​ជ្រុះ​ទៅ​សមុទ្រ​វិញ ​។ នៅ​ឆ្នាំ​២០១០​កន្លង​មក​នេះ​មិន​បាន​ប្រមូល​ទិញ​ពី​ក្រុម​អ្នក​នេសាទ​​ទេ​ ដោយ​មាន​ក្រុម​ឃ្លាំ​មើល​​របស់​សហ​គមន៍​ឃើញ​ក្តាមមាន​​ពង​ហើយ​ត្រូវ​យក​មក​ដាក់​ក្នុង​បែ ។ ​ធនា​គារ​​ត្រូវ​ធ្វើ​កំណត់​ត្រា​ថា​តើ​​អ្នក​នេសាទ​ណា​បាន​ក្តាមពង​ទុក​ក្នុងបែ​ច្រើន​ជាង​គេ​នឹង​​ឱ្យ​អ ្នក​នេសាទ​រូប​នោះ​ខ្ចី​ប្រាក់​ ដោយ​មិនគិត​​​ការ​ពី​ពួក​គាត់​ទេ ​។ ទោះ​បី​ជា​បែប​ណា​ក្តី​ក្រុម​​អ្នក​នេសាទ​ចាប់​បាន​ក្តាមមាន​ពង​តិច​តួច​បំផុត​ ។លោក​ស៊ឹម ហ៊ឹម ប្រធាន​សហ​គមន៍​អ្នក​នេសាទ​ឃុំ​ត្រពាំង​​សង្កែ​ ស្រុក​ទឹក​ឈូ​មាន​ប្រសាសន៍​ថា សហ​គមន៍របស់​លោក​​​មិន​ទាន់​បាន​បង្កើត​ធនា​គារ​ក្តាម​នៅ​ឡើយទេ គឺ​មិន​ទាន់​​មាន​អង្គ​ការ​ជួយ​ជ្រោម​ជ្រែង ។ ​ម្យ៉ាង​ខ្វះ​ថវិកា​ធ្វើ​បែ សំ​រាប់​ដាក់​ក្តាម​ពង ​​។ ចំពោះ​សហ​គមន៍​អ្នក​នេសាទ​កំពង់​សាមគ្គី​​ ឃុំ​កូន​សត្វ​ គឺ​បង្កើត​ធនា​គារ​ក្តាម​បានហើយ​តែ​​ដួល​រលំ​ទៅវិញ​ ដោយ​សហ​គមន៍​​នោះ​ចង់​បាន​មុខ​មាត់​ឆាប់​រហ័ស​​ពេក​ធ្វើ​ឱ្យ​បាត់​ចំណូល​របស់​ក្រុម​អ្នក​នេសាទ​ ។ តាម​​របាយ​ការណ៍​ជា​ផ្លូវ​ការ​របស់​ជល​ផល​ខេត្ត​ឱ្យ​ដឹងថា មាន​ក្តាម​ពង​ជាង​១​តោន​ត្រូវ​បាន​ដាក់​ក្នុង​បែជំរុះ​កូន​ទៅ​ក្នុង​សមុទ្រ​វិញ​ ៕