ខេត្ត​កំពង់ធំ ៖ យោង​តាម​របាយ​ការណ៍​​របស់​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត​​កំពង់​ធំ​បានឱ្យ​​ដឹង​ថា ​ក្នុង​សបា្តហ៍​ទី១ ដើម​ខែ​មករា ២០១១ ​កន្លង​មកនេះ នៅ​គ្រប់​មូលដ្ឋាន​​ក្នុង​ខេត្តកើត​មានគ្រោះ​ថ្នាក់​​ផ្សេងៗ​​ចំនួន៧​លើក ក្នុងនោះ​​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍កើត​មានចំនួន៥លើក​ និង​គ្រោះ​ថ្នាក់​ផ្សេងៗទៀត​​កើត​មាន២​លើក​​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​​៥​នាក់ របួស​ធ្ងន់​៥នាក់ ខូច​ម៉ូតូ​២​គ្រឿង ​រថ​យន្ត​២​គ្រឿង ​និង​យានផ្សេងៗ​២​គ្រឿង ។ ក្នុង​ចំណោម​គ្រោះ​ថ្នាក់​ចរា​ចរ​ទាំង​៥​លើក​ គឺនៅ​​ស្រុក​​កំពង់​ស្វាយ ​កើត​មាន​៣​លើកបណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ របួស​ធ្ងន់៤​នាក់ ។ ស្រុក​បា​រាយ​ណ៍​កើត​មាន​១​លើក ​បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ និងក្រុង​ស្ទឹង​សែន​​កើត​មាន៤​លើក​បណ្តាល​ឱ្យ​មនុស្ស​រងរបួស​ធ្ងន់១​នាក់ ។គ្រោះ​ថ្នាក់​ច​រាចរណ៍​ចំនួន​២លើក គួរ​ឱ្យ​កត់​សំគាល់​ខាង​លើ ដែលបណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ចំនួន​​៤​នាក់​នោះ​គឺ​នៅដើម​សបា្តហ៍​​កន្លង​មកវេលា​ម៉ោង​៨ និង១៥​នាទីយប់​លើកំណាត់​ផ្លូ​វ​ជាតិ​លេខ៦ ចំណុច​ភូមិ​តារៀម ឃុំ​ត្បែង​ ស្រុក​កំពង់​ស្វាយ ដោយ​មានរថ​យន្ត​ដឹកទំនិញ​ធុនធំ១​គ្រឿង ​បានជ្រុល​​ចង្កូត​ទៅបុក​គោ​យន្ត​កន្ត្រៃ​​ក្នុង​ដំណើរ​​បញ្ច្រាស​ទិសគ្នា​យ៉ាង​ពេញ​ទំហឹង បណ្តាល​ឱ្យ​អ្នក​បើក​បរ​គោយន្ត​ឈ្មោះ​ឈ្នួន ថាន ​ភេទ ប្រុស អាយុ​២៧​ឆ្នាំ និងអ្នក​រួម​ដំណើរ​​ម្នាក់​ទៀត​​ឈ្មោះ​ចែម អ៊ុន ភេទប្រុស អាយុ​១៨ឆ្នាំ រស់​នៅ​​ជា​មួយ​គ្នា​ក្នុង​ភូមិ​ត្រាច ឃុំត្បែង ស្រុក​កំពង់​ស្វាយ ត្រូវ​ស្លាប់​ភ្លាមៗ​នៅកន្លែង​កើត​​ហេតុ​ ។ចំណែក​គ្រោះថ្នាក់​ចរា​ចរ​ណ៍​១លើក​ទៀត​គឺ​កើត​ឡើង​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល បង្កឡើង​​ដោយ​រថយន្ត​ដឹក​គ្រឿង​​ចក្រ​បើក​ទៅ​កៀរ​ពីក្រោយ​សិស្ស២​នាក់​កំពុង​ជិះ​កង់ឌុបគ្នា​ទៅ​រៀន​បណ្តា ល​ឱ្យ​ស្លាប់​ទាំង​អស់​គ្នា​នៅលើ​កំណាត់​ផ្លូវ​ជាតិលេខ៦ ចំណុច​​ភូមិ​សំរោង​ ឃុំ​បា​រាយណ៍​ស្រុក​បា​រាយណ៍​​ ។ ជន​រងគ្រោះ​ទាំង​២​នាក់​​មាន​ម្នាក់​ឈ្មោះ​វី ស្រីស្រស់ ភេទស្រី ​អាយុ​១៧​ឆ្នាំ ​និង​សិស្ស​ម្នាក់​ជិះ​ពីក្រោយ​ឈ្មោះ គឹន ចាន់ថេត ភេទប្រុស អាយុ​៨ឆ្នាំ ​ជន​រងគ្រោះ​​ទាំង​២​នាក់​នោះ​រស់​នៅ​​ភូមិ​អូរ​សួស្តី ឃុំ​បា​រាយណ៍ ស្រុក​បារាយណ៍ ។ចំណែក​គ្រោះថ្នាក់​ផ្សេងៗ​ទៀតដែលកើត​មាន​ចំនួន២​លើក​នោះ​រួម​មាន​ គ្រោះ​ថ្នាក់​​អគ្គី​ភ័យ​១​លើក​នៅ​ភូមិ​ស្រែ​ស្រស់ ​ឃុំ​ទីពោ ​ស្រុក​សន្ទុក បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​នៅ​ក្បែរ​គ្នា​អស់​២​ខ្នង ​ខូច​ខាត​ស្រូវ​២០​ថាំង អង្ករ​១៥០​គីឡូ​ក្រាម និងសំភារ​​ប្រើប្រាស់​ផ្សេងៗ​មួយ​ចំនួន​​ទៀត​ និង​នៅស្រុក​ប្រា​សាទ​សំបូរ​មានករណី​មនុស្ស​​ខ្យល់គ​ស្លាប់​ម្នាក់​ដែលជន​រងគ្រោះ​ឈ្មោះ​ធួន ប៊ុន​ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​តាំងក្រសៅ ឃុំ​តាំង​ក្រសៅ ​​។ ទន្ទឹម​នេះ​សមត្ថកិច្ច​ជំនាញ​បានចុះ​ទៅ​ធ្វើ​ការ​ចង​ក្រង​សំណុំ​រឿង​លើ​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​ច ំនួន​៣ករណី​បញ្ជូនទៅ​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត ព្រម​ទាំង​​ជនល្មើស​​ម្នាក់​ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ។ ​ក្រៅពី​នេះបាន​ចុះ​ធ្វើ​ការ​​អប់រំ​​ចំពោះ​អ្នក​បើក​បរ​យាន​យន្ត​គ្រប់ប្រភេទ​​ចំនួន​១១នាក់ ​ឱ្យ​ធ្វើ​ការ​បំពេញ​បែបបទ​​​ត្រឹមត្រូវ​​​តាម​ច្បាប់​​ចរាចរណ៍​ផ្លូវ​គោក ក្នុង​នោះ​​​បាន​ធ្វើ​ការ​ផាក​ពិន័យ​រថ​យន្ត​​៥គ្រឿង ស្មើ​នឹង​ទឹកប្រាក់​៥០០.០០០​រៀល ​ព្រម​ទាំង​បាន​ធ្វើ​ការ​ផាក​ពិន័យ​​តាម​​​ «បទល្មើសលហុ» ចំពោះ​​យាន​យន្ត​គ្រប់​ប្រភេទ​បានសរុប​៤៣៨​គ្រឿង ស្មើនឹង​ប្រាក់​ចំនួន២.៥៤៩.០០០រៀលផងដែរ ៕