ព័ត៌មានជាតិ ៖ ប្រិយមិត្តអ្នកតាមដានអានព័ត៌មានប្រាកដជាជាក់ច្បាស់ហើយថា កាលពីវេលាព្រឹកមិញនេះ លោកអ្នកបានទទួលបាននូវព័ត៌មានយ៉ាងឆាប់រហ័សបំផុត ស្ដីពីលទ្ធផលនៃការបោះឆ្នោតនៅអាមេរិក នេះគឺដោយសារតែប្រព័ន្ធព័ត៌មានរបស់គេមានលក្ខណៈទំនើបនិងទាន់សម័យ។
ដូចជាឧទាហរណ៍ខាងលើនេះស្រាប់ ករណីយើង Click លើរដ្ឋណាមួយ នោះវានឹងបង្ហាញពី សម្លេងឆ្នោតដែលទទួលបាននារដ្ឋមួយនោះ។
ទាក់ទឹននឹងភាពរហ័ស នៃការផ្សាយព័ត៌មាន ស្ដីពីលទ្ធផលនៃការបោះឆ្នោត យើងងាកទៅមើលទំព័រសារព័ត៌មានបរទេសធំៗ ដូចជា BBC ជាដើមនោះ ក៏បានចុះផ្សាយព័ត៌មានទាក់ទិននឹងការបោះឆ្នោតនៅអាមេរិក យ៉ាងលឿន និងគួរអោយចាប់អារម្មណ៍ ស្របពេលដែលទំព័រ BBC នេះ ក៏ផ្សាយផ្ទាល់នូវព័ត៌មានលំអិត ស្តីពីការរាប់សន្លឹកឆ្នោតតាមបណ្តារដ្ឋនីមួយៗទូទាំងប្រទេសផងដែរ។ ប្រការនេះ បានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ និងអ្នកតាមដានលទ្ធផលនៃការរាប់សន្លឹកឆ្នោត។
រូបភាពខាងលើ បង្ហាញពីបេក្ខភាពនីមួយៗ ទទួលបានសម្លេងឆ្នោតរបស់ខ្លួន
ផ្ទុយទៅវិញ បើយើងងាកក្រឡេកមកមើលព័ត៌មានក្នុងស្រុកវិញ យើងគ្រប់គ្នាប្រាកដជាជាក់ច្បាស់ថា នៅក្នុងអំឡុងឆ្នាំក្រោយ ពោលគឺឆ្នាំ ២០១៣ នេះ ប្រទេសកម្ពុជានឹងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត សម្រាប់អាណត្តិទី ៥ ដូច្នេះ បើសិនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្កើតកម្មវិធីផ្សាយផ្តល់នូវព័ត៌មានស្តីពីការរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលឬក៏ខេត្ត នៅលើគេហទំព័ររបស់ខ្លួននោះ ដែលស្រដៀងទៅនឹង ទំព័រសារព័ត៌មាន BBC ដែលបានផ្សាយផ្ទាល់ពីដំណើររាប់សន្លឹកឆ្នោត ក៏ដូចជាលទ្ធផលបណ្តោះអាសន្នការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សហរដ្ឋអាមេរិក នោះ វាគឺជាករណីមួយ ដ៏ល្អប្រសើរចំពោះបងប្អូនជនរួមជាតិខ្មែរ ដែលនិយមតាមដានព័ត៌មានដោយប្រើប្រាស់អ៊ីនធើរណែត ពោលគឺតាមដានពីលទ្ធផលបណ្តោះអាសន្ន ក៏ដូចជា ដំណើរការនៃការរាប់សន្លឹកឆ្នោតជាដើម៕
ដោយ ៖ រិទ្ធី