រាជធានីភ្នំពេញ ៖ នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​១៤ មករា មាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា​​អំពី​ការ​ងារ​អប់រំ ការ​ងារ​វប្ប​ធម៌ និង​ការ​ងារ​ធម្ម​ការ ​រវាង​​មន្ត្រី​រដ្ឋ​សភា និង​មន្ត្រី​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ក្រោម​អធិបតីភាព​លោក​ជំទាវ​បណ្ឌិត​ខ្លូត ធីតា ​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ។ លោក​ជំទាវ​បណ្ឌិត​ខ្លូត ធីតា បាន​​មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​ពិភាក្សា​​នេះ​ គឺ​ធ្វើ​ឡើង​តាម​សំណើ​របស់​សម្តេច​​អគ្គ​មហា​ពញា​​​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា​ ដែល​បាន​ចាត់​មន្ត្រី​រដ្ឋ​សភា​ចំនួន​៤​នាក់ ឱ្យ​មក​សាក​សួរ​រាជ​បណ្ឌិត្យ​សភា​ជួយ​គិត​មើល​លើ​ទិដ្ឋ​ភាព​សង្គម​បច្ចុ​ប្បន្ន​ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ងារ​​អប់រំ ការ​ងារ​វប្ប​ធម៌ និង​ការ​ងារ​ធម្ម​ការ​ជា​មួយ​ការ​ងារ​នយោ​បាយ តើ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​យល់​ឃើញ​យ៉ាង​ម៉េច​ដែរ​ ។លោក​ជំទាវ​ខ្លូត ធីតា បាន​បង្ហាញ​ថា ការ​ងារ​ទាំង​បី​ដែល​​ពាក់​ព័ន្ធ​​នឹង​​នយោ​បាយ​​នេះ គឺ​ពិត​ជា​ការ​ងារ​សំខាន់ និង​មាន​ប្រយោជន៍​ទាំង​អស់ ។ ​ការ​ងារ​​ទាំង​​បី​នេះ វា​ក៏​ជា​មូល​ដ្ឋាន​គ្រឹះ​​របស់​ការ​ងារ​នយោ​បាយ​ដែរ ពី​ព្រោះ​​ថា បើ​​សិន​ជា​មនុស្ស​មិន​បាន​អប់រំ​ខ្លួន​ឱ្យ​យល់​អំពី​វប្ប​ធម៌​​​របស់​​ជាតិ​ខ្លួន មិន​ស្គាល់​អំពី​សាសនា​ដែល​មនុស្ស​​​ត្រូវ​គោរព​មាន​លក្ខណៈ​ផ្សេងៗ​ពី​គ្នា​នោះ​ទេ មនុស្ស​​នោះ​ក៏​មិន​អាច​​ធ្វើ​នយោ​បាយ​បាន​ដែរ ។ ដូច្នេះ​​អ្វី​ៗ​​វា​សុទ្ធ​តែ​មាន​ទំនាក់​ទំនង​គ្នា​ទាំង​អស់ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ថា តើ​មនុស្ស​នោះ​គេត្រូវ​មាន​ការ​ចេះ​ដឹង​​ក្នុង​កំរិត​ប៉ុន​ណា​ យល់​កំរិត​ណា បើ​យល់​ដឹង​មិន​ដល់​កំរិត​​ធ្វើ​អ្វីៗ​ក៏​មិន​ពូកែ​ដល់​កំរិត​ដែរ ។មន្ត្រី​ខាង​រដ្ឋ​សភា​បាន​សួរ​ទៀត​​ថា ការ​ងារ​ទាំង​អស់​នេះ​ល្អ​ទៅ​បាន​ដោយ​សារ​​អ្វី? លោក​ជំទាវ​​បន្ត​ថា ​ការ​ងារ​នេះ​ល្អ​ទៅ​បាន គឺ​ដោយ​សារ​ថ្នាក់​ដឹក​នាំ​ប្រទេស​ជាតិ​ផង និង​អ្នក​ដែល​ត្រូវ​​គេ​គ្រប់​គ្រង​​ផង​ដែរ ត្រូវ​ចេះ​យល់​​ពី​គ្នា​​ និង​ពូកែ​ស្រាវ​ជ្រាវ​ ដូច​ជា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន លោក​មិន​​ត្រឹម​តែ​ឆ្លាត​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​​​ស្គាល់​ច្បាស់​ពី​ការ​ងារ ​​ពូកែ​ស្រាវ​ជ្រាវ​​ តស៊ូ និង​ស្មោះ​ត្រង់​ចំពោះ​ជាតិ​មាតុ​ភូមិ ។ បើ​សិន​ជា​លោក​មិន​ស្មោះ​​ត្រង់​ចំពោះ​ជាតិ​មាតុ​ភូមិ​​ទេ ការ​ងារ​គ្រប់​គ្រង​របស់​គាត់​​ក៏​មិន​​ទទួល​បាន​ជោគ​ជ័យ​ដូច​បច្ចុ​ប្បន្ន​នេះ​ដែរ ៕