រាជធានីភ្នំពេញ ៖ រថយន្ត​​​កាមរី​បាឡែន​​​ពណ៌ស្ករ បានបុកម៉ូតូ​៦គ្រឿង​​ជា​បន្តបន្ទាប់​មើល​ទៅ​គួរ​​​ឱ្យ​តក់ស្លុត​​​លើ​កំណាត់ផ្លូវ​ព្រះ​​​មុនីរ៉េត​ត្រង់​ ចំណុច​​​មុខ​រោងចក្រ​​​ក្រឡុក​ស៊ីម៉ង់ត៍ ស្ថិត​​ក្នុង​សង្កាត់​​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ ​​​កាលពី​វេលាម៉ោង​​​១០​និង​​​៣០នាទី​ព្រឹក ថ្ងៃទី​​១៦ មករា ​២០១១ ​​​បង្ក​​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​​​ និង​​កកស្ទះ​ចរាចរណ៍​​ណែនណាន់​តាន់​តាប់​​ ។​ ហេតុការណ៍​​​​គួរ​ឱ្យញាក់សាច់​​ខាងលើនេះ គេ​ឃើញ​រថយន្ត​​បង្កហេតុ​​ព្យាយាម​​បើក​​រត់គេច​​ពីកន្លែង​​​កើតហេតុទាំង​​កំរោល ប៉ុន្តែ​ទៅ​មុខ​​​លែង​រួច​ដោយសារ​ម៉ូតូ​​​​ទាំង​៦គ្រឿង ​កល់​ជាប់​​ពី​ក្រោម​​តួរថយន្ត ។ អ្នក​បើកបរ​​រថយន្ត​​បង្ក​ហេតុ​ខាងលើ​​ឈ្មោះ​​​​រុន កន​ ហៅ​ពេជ្រ ​ភេទ​ប្រុស ​​អាយុ​​​​២៨​ឆ្នាំ ​មិនហ៊ាន​​បើកទ្វារ​ចុះ​ចេញ​ពីក្នុង​រថយន្តឡើយ ​ព្រោះខ្លាច​​ហ្វូងមនុស្ស​​​​ជាច្រើន​នាក់ ដែល​ចោមរោម​​រថយន្ត​ឡើងជិត​​​​ឈឹងនោះ​វាយ​​ធ្វើបាប​ បើ​ទោះ​​​ជាមាន​សមត្ថ​កិច្ច​​ទៅជួយ​អន្តរាគមន៍​ក៏ដោយ ​។ផ្តើម​ចេញ​ពីម្ចាស់​រថយន្ត​​ដែលមាន​​ចរិត​ក្រអើត​ក្រទម​​​មិនហ៊ាន​ចុះ​ពីក្នុង​​រថយន្ត​​​​​ ក្រុម​ហ្វូង​​មនុស្ស​ចំរុះ​បាន​យកដុំ​ថ្ម​​ និង​​ឧបករណ៍​​រឹង​ផ្សេងៗ ​​​វាយបំបែក​​កញ្ចក់​រថយន្ត​​​បែកខ្ទេច​​ ទើបម្ចាស់​​រថយន្ត​​លូន​ចេញ​មក​ក្រៅ​ ហើយត្រូវ​​បានសមត្ថ​កិច្ច​​​កង​រាជអាវុធ​​​រាជ​ធានី​ភ្នំពេញ សហការ​ជាមួយ​​​កង​​រាជអាវុធ​ហត្ថ​ខណ្ឌ​មានជ័យ និង​​នគរបាល​​មូល​ដ្ឋាន​​​ឃាត់ខ្លួន​​នាំ​យកទៅកាន់​ទីបញ្ជា​ការ​​កង​រាជអាវុធ​​​​រាជធានី​ភ្នំពេញ ​ដើម្បី​​ការពារ​សុវត្ថិ​ភាព​​​ពីកណ្តាប់​ដៃ​​​មនុស្ស​​ជាច្រើន​​​នាក់ដែល​ខឹង​សម្បា​​ចំពោះ​​ការ​បើកបរ​​ រថយន្ត​​បុកគេ​​​ បុកឯង ​គ្មានដឹង​​​ទិស​តំបន់ ។ ​តាមការ​ឱ្យ​​ដឹង​ពីសមត្ថ​កិច្ច​​ថា ឈ្មោះរុន ​កន នេះ​បាន​​បើករថយន្ត​​បុក​​​​រថយន្ត និង​​ម៉ូតូ​​អ្នក​ដំណើរ​​​​នៅកន្លែង​​ផ្សេងៗ ​ជាច្រើន​​គ្រឿងរួច​មក​ហើយ ​និងព្យាយាម​​​បើក​​រត់​រហូត​​មក​បុកម៉ូតូ​ទាំង​៦គ្រឿង​​ខាងលើ​ថែមទៀត ទើប​ត្រូវ​​ឃាត់ខ្លួន​​តែម្តង ៕​