ខេត្តបន្ទាយមានជ័យ ៖ លោកប៉ូលិសស័ក្តិ៤កន្លះម្នាក់ នាយការិយាល័យប្រឆាំងភេរវកម្មដែលគេស្គាល់ថាជាកូនប្រុសអតីតស្នងការនគរបាល និងជាអភិបាលរងខេត្តបន្ទាយមានជ័យផងនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនជាប់ចោទពីបទប្រើប្រាស់អាវុធខុសច្បាប់បាញ់បោះសេរ ី និងធ្វើសកម្មភាពដេញបាញ់ម្ចាស់ភោជនីយដ្ឋានជំនោរសែសិន ដែលជាភោជនីយដ្ឋានមួយកន្លែងទំនើបជាងគេនៅក្នុងក្រុងសិរីសោភ័ណ បណ្តាលឱ្យមនុស្សរត់ជាន់គ្នា ខណៈកំពុងសប្បាយក្នុងពិធីជប់លៀងដែលក្នុងឱកាសនោះនាយក្រឹម តារាកំប្លែងល្បីឈ្មោះក៏រត់ព្រលឹងចុងសក់នឹងគេដែរ ប៉ុន្តែក្រោយមក នាយក្រឹមបានលួងលោមឱ្យបុរសជើងខ្លាំងនោះ ដាក់កាំភ្លើងចុះវិញទើបឈានទៅចាប់ខ្លួន ។ហេតុការណ៍បាញ់បោះសេរីដូចអ្នកលេងខូវប៊យនេះបានកើតឡើង កាលពីវេលាម៉ោង១០កន្លះយប់ ថ្ងៃទី១៣ មករា ២០១១ ធ្វើឱ្យពិធីជប់លៀងសប្បាយក្លាយជារាត្រីព្រលឹងចុងសក់ ។ អ្នកខេត្តបន្ទាយមានជ័យបានអះអាងថា ប៉ូលិសទំនើងរូបនេះតែងតែបង្ករឿងរ៉ាវបាញ់បោះជាច្រើនលើក ច្រើនសាពុំខ្លាចញញើតច្បាប់អ្វីទេ ឱ្យតែផឹកស៊ីស្រវឹងម្តងៗ រហូតដល់អ្នកស្គាល់គ្នាលែងហ៊ានផឹកជាមួយទៅហើយ ។ សកម្មភាពបាញ់បោះសេរីនោះកើតឡើងក្នុងពិធីជប់លៀងឡើងកាន់មុខតំណែងរបស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យថ្មី ដោយបានរៀបចំនៅភោជនីយដ្ឋានជំនោរសែនសិន ក្នុងនោះមានលោកឧកញ៉ា តារាកំប្លែងល្បីឈ្មោះលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម មន្ត្រីអប់រំ លោកគ្រូ មន្ត្រីគយ កងរាជអាវុធហត្ថ និងបុគ្គលិកភោជនីយដ្ឋានចូលរួមសប្បាយយ៉ាងច្រើនកុះករ ។បន្ទាប់ពីកើតមានជម្លោះពាក្យសំដីហើយឈានទៅដល់ការបាញ់បោះប្រហែល១០គ្រាប់ ធ្វើឱ្យមនុស្សទាំងនោះខ្លះលូន ក្រាប រត់បាតជើងសព្រាត សូម្បីតែតារាកំប្លែងដ៏ល្បីឈ្មោះនាយក្រឹមក៏រត់ស្ទើរតែលស់ព្រលឹងផងដែរ...ប៉ុន្តែ ក្រោយមកបាននាយក្រឹមនេះឯងទៅលួងលោមប៉ូលិសស័ក្តិ៤កន្លះទំនើងឱ្យទំលាក់កាំភ្លើងច ុះ រួចហើយឈានទៅធ្វើការចាប់ខ្លួនតែម្តង គឺប៉ូលិសទំនើងនេះឈ្មោះសុខ សុគន្ធ ត្រូវបានឃុំខ្លួននៅការិយាល័យបុគ្គលិកដើម្បីរៀបចំបែបបទបញ្ជូនទៅការិយាល័យវិន័យរបស់កង កំលាំងនគរបាលជាតិ និងរង់ចាំគោលការណ៍ពីថ្នាក់លើ ចាត់ការតាមច្បាប់ ៕