រាជធានីភ្នំពេញ ៖ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១១ (ATE 2011) បានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងកោះពេជ្រ កាលពីថ្ងៃទី១៨ មករា ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិកសភា ព្រឹទ្ធសភា ស្ថានទូតនានា រួមជាមួយប្រតិភូទេសចរណ៍ពីបណ្តាប្រទេសក្នុងអាស៊ាន និងដៃគូរបស់ខ្លួនជាច្រើនទៀត ។លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងក្នុងសុន្ទរកថារបស់លោកថា រយៈពេល៤ថ្ងៃកន្លងមកនេះ ក្នុងកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន អាស៊ានបូកចិន-ជប៉ុន-សាធារណរដ្ឋកូរ៉េ អាស៊ាន-ឥណ្ឌា អាស៊ាន-រុស្សី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អាស៊ានបូកបី និងមហាអនុតំបន់ទន្លេមេគង្គ (GMS) យើងសំរេចបានលទ្ធផលសំខាន់ៗជាច្រើន ពិសេសរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានពិភាក្សា និងអនុម័តលើផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន២០១១-២០១៥ ដែលជាឯកសារយុទ្ធសាស្ត្រមួយដ៏មានសារសំខាន់ ដើម្បីធ្វើការអភិវឌ្ឍន៍ទេសចរណ៍អាស៊ានឱ្យក្លាយជាគោលដៅទេសចរណ៍ លំដាប់ពិភពលោក (ASEAN as a World Class Destination) និងផ្តល់ភាពកក់ក្តៅដល់ទេសចរណ៍ ASEAN-Feel the Warmth) និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ។ផែនការយុទ្ធសាស្ត្រនេះផ្តោតជាសំខាន់លើទិសដៅជាយុទ្ធសាស្ត្រអាទិភាព៣គឺ ៖ ១-ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្នាក់តំបន់ ការសិក្សាទីផ្សារ និងផ្សព្វផ្សាយប្រកបដោយការច្នៃប្រឌិត និងយុទ្ធសាស្ត្រ វិនិយោគទេសចរណ៍, ២-ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សក្នុងតំបន់, ៣-ជំរុញការសម្រួលការធ្វើដំណើរ និងការតភ្ជាប់ក្នុងតំបន់ (Connectivity) ។ ដោយឡែក ពិព័រណ៍ទេសចរណ៍អាស៊ាន (TRAVEX) ដែលនឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១៩ មករា គឺជាការជួបគ្នាដ៏ធំបំផុតរវាងប្រតិបត្តិការទេសចរណ៍ ក្នុងនោះមានអ្នកលក់ (Sellers) ប្រមាណជាងមួយពាន់នាក់ (ស្មើនឹង៥១១ស្តង់) មកពីផ្នែកសណ្ឋាគារ ក្រុមហ៊ុនទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍នៃប្រទេសជាសមាជិកអាស៊ាន អ្នកទិញ (Buyers) ចំនួន៤៦៦នាក់ មកពីតំបន់អាស៊ាន អាស៊ី និងអាមេរិក និងក្រុមបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ក៏បានចូលរួមយ៉ាងច្រើនផងដែរ ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានជំនឿយ៉ាងមុតមាំថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១១នេះ គឺជាឱកាសដ៏វិសេសវិសាលដែលមិនត្រឹមតែអនុញ្ញាតឱ្យមានការផ្សព្វផ្សាយនូវផលិតផលទេសចរណ៍ របស់កម្ពុជា ក៏ដូចជារបស់អាស៊ានទៅកាន់ពិភពលោកទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយលើកស្ទួយ និងបង្ហាញថែមទៀតពីសារសំខាន់នៃវិស័យទេសចរណ៍ និងបន្តជំរុញសកម្មភាពវិស័យនេះឱ្យកាន់តែទូលំទូលាយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសំរេចនូវគោលដៅអភិវឌ្ឍសហស្សវត្សរបស់អង្គការសហប្រជាជាតិ ព្រមទាំងចូលរួមដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងតំបន់ និងនៅលើសាកលលោកទាំងមូលផងដែរ ៕