ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីសង្ស័យ២នាក់ដែលម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀន និងម្នាក់ទៀតជាអ្នកជាប់ពាក់ព័ន្ធ ត្រូវកំលាំងនគរបាលក្រុងសិរីសោភ័ណ សហការជាមួយកំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនចាប់ខ្លួននៅវេលាម៉ោង២និង៣០នាទីរសៀ លថ្ងៃទី៣ មករា នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ លោកវរសេនីយ៍ត្រីរ៉ែម វីរៈ អធិការនគរបាលក្រុង បានឱ្យដឹងថា ស្ត្រីទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះឈ្មោះឡាយ ល័ក្ខ អាយុ២២ឆ្នាំ នៅភូមិឃាត់ខ្លួនខាងលើជាមុខសញ្ញាចែកចាយគ្រឿងញៀន ដែលក្នុងនោះសមត្ថកិច្ចស្រាវជ្រាវរកឃើញថ្នាំញៀនប្រភេទគ្រាប់ពណ៌ផ្កាឈូក មានអក្សរ WY នៅលើគ្រាប់ថ្នាំតែម្ខាងចំនួន១៥គ្រាប់ និងថ្នាំញៀនពណ៌ក្រហមចំនួន៣គ្រាប់ ដកហូតសំភារ ទូរស័ព្ទដៃ១គ្រឿង ដែកកេះ៣ ។ចំពោះលទ្ធផលសំរេចបាននេះគឺដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រីហ៊ុន ហ៊ាន ស្នងការនគរបាលខេត្ត និងលោកមេបញ្ជាការ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ។ លោកវរសេនីយ៍ទោឆេន ឈួត នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យឈ្មោះឡាយ ល័ក្ខ បានសារភាពថា គេទើបចែកចាយថ្នាំញៀនជាលើកដំបូង ហើយក៏ត្រូវប៉ូលិសចាប់ឃាត់ខ្លួនតែម្តង ។ ឯស្ត្រីឈ្មោះហឿន ម៉ី បានអះអាងថា ពេលដែលសមត្ថកិច្ចចុះប្រតិបត្តិការចាប់ឃាត់ខ្លួនឈ្មោះឡាយ ល័ក្ខ រូបគាត់ក៏នៅទីនោះដែរ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងទាំង២នាក់តែម្តង ។ លោកវរសេនីយ៍ឯកពូន សានិត ស្នងការរងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕