មហាសេដ្ឋីដែលបានរកប្រាក់លឿនបំផុតប្រចាំឆ្នាំ ២០១៣ នេះ គឺកំពូលវិនិយោគិន Warren Buffett ដោយល្បឿននៃការរកប្រាក់របស់គាត់ គិតជាមធ្យម គឺ ៣៧លានដុល្លារអាមេរិក ក្នុងមួយថ្ងៃៗ។ទីភ្នាក់ងារសារព័ត៌មាន CNBC បានដកស្រង់របាយការណ៍ស្រាវជ្រាវមួយរបស់ Wealth-X បានឱ្យដឹងថា ក្នុងរយៈពេល ៣៤៥ថ្ងៃកន្លង នៃឆ្នាំ ២០១៣ តម្លៃទ្រព្យរបស់មហាសេដ្ឋី Buffett បានកើនបន្ថែម១២,៧ពាន់លានដុល្លារ ហើយបច្ចុប្បន្ន កំពូលអ្នកមានរូបនេះ មានទ្រព្យ ៥៩,១ពាន់លានដុល្លារ។
មហាសេដ្ឋី Warren Buffett
បើទោះជាក្លាយជាអ្នកដែលរកប្រាក់បានលឿនបំផុតក្នុងចំណោមមហាសេដ្ឋី ប៉ុន្ដែលោក Buffett មិនមែនជាអ្នកមានបំផុតក្នុងពិភពលោកនោះដែរ។ យោងតាមការដាក់ចំណាត់ថ្នាក់ដែលធ្វើឡើងដោយទស្សនាវដ្ដី Forbes ចេញផ្សាយកាលពីខែមិនា ឆ្នាំ ២០១៣ Buffett ជាអ្នកមានលំដាប់លេខ៤ ។ដោយល្បឿននៃការរកបានប្រាក់ ៣៧លានដុល្លារអាមេរិក ក្នុងមួយថ្ងៃៗបែបនេះ គេជឿថា មហាសេដ្ឋី Buffett អាចនឹងដណ្ដើមបានតំណែងទី ៣ ពីមហាសេដ្ឋី លក់រាយផ្នែកសម្លៀកបំពាក់ ជនជាតិអេស្ប៉ាញ Amancio Ortega ដែលជាម្ចាស់ក្រុមហ៊ុន Zara (Amancio Ortega មិនមានឈ្មោះនៅក្នុងបញ្ជីរបស់ Wealth-X ស្ដីអំពីមហាសេដ្ឋីដែលរកប្រាក់បានលឿនបំផុត ក្នុងឆ្នាំនេះ)។ ល្បឿននៃការរកបានប្រាក់របស់មហាសេដ្ឋីវ័យ ៨៣ឆ្នាំ លោក Buffett គឺលឿនជាងអ្នកមានបំផុតលំដាប់លេខ២ គឺ Bill Gates ទៅទៀត។ ចាប់ពីដើមឆ្នាំមកនេះ តម្លៃទ្រព្យរបស់ស្ថាបនិក Microsoft កើនបន្ថែមបាន ១១,៥ពាន់លានដុល្លារ ជួយឱ្យទ្រព្យសរុបរបស់គាត់ឡើងដល់ ៧២,៦ពាន់លានដុល្លារអាមេរិក។ជាមួយនឹងទ្រព្យខាងលើ Bill Gates អាចទុកចិត្តក្នុងការកាន់កាប់តំណែងជាអ្នកមានបំផុតក្នុងពិភពលោក ដោយមិនព្រួយបារម្ភអំពីការប្រជែងរបស់មហាសេដ្ឋីទីពីរ គឺកំពូលអ្នកទូរគមនាគមន៍ ជនជាតិ Mexico លោក Carlos Slim ។ ឆ្នាំនេះ លោក Carlos Slim ក៏មិនមានឈ្មោះនៅក្នុងបញ្ជី កំពូលអ្នករកប្រាក់បានលឿនបំផុតប្រចាំឆ្នាំ ២០១៣ របស់ Wealth-X ។“មេ” បនល្បែង Sheldon Adelson កាលពីខែមិនា ត្រូវបានទស្សនាវដ្ដី Forbes ដាក់ចំណាត់ថ្នាក់លេខ ១៥ ក្នុងបញ្ជីមហាសេដ្ឋីរបស់ខ្លួន។ ប៉ុន្ដែ Sheldon Adelson មានឈ្មោះក្នុងបញ្ជី top ១០ នេះ គឺដោយសារទ្រព្យរបស់គាត់បានកើនឡើងយ៉ាងលឿន។ ទំព័រ Wealth-X ឱ្យដឹងថា អគ្គនាយកវ័យ ៨០របស់បនល្បែង Las Vegas Sands រូបនេះ រកបានប្រាក់បន្ថែម ១១,៤ពាន់លានដុល្លារ ចាប់ពីដើមឆ្នាំមកនេះ ហើយបច្ចុប្បន្ន ទ្រព្យសរុបរបស់ Sheldon Adelson បានឡើងដល់ ៣៥,៣ពាន់លានដុល្លារ។
ចំណែកមហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិករបស់ Amazon ក្នុងឆ្នាំនេះ រកបានប្រាក់បន្ថែម ១១,៣ពាន់លានដុល្លារ ជួយឱ្យទ្រព្យសរុបរបស់គាត់ បច្ចុប្បន្ន ឡើងដល់ ៣៤,៤ពាន់លានដុល្លារ។ក្រៅពីនេះ ក៏មានឈ្មោះមហាសេដ្ឋីមួយចំនួនផ្សេងទៀត ដែលរកប្រាក់បានលឿនបំផុត ប្រចាំឆ្នាំ ២០១៣ ៖ Larry Pages និង Sergey Brin មកពី Google , CEO Masayoshi Son របស់ Sofbank , ម្ចាស់ Facebook លោក Mark Zuckerberg , រួមនឹង Lui Chee Woo អ្នកគ្រប់គ្រងបនល្បែង Galaxy Entertainment របស់ Macau ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
រកបានរាប់សិបលានដុល្លារ ដោយគ្រាន់តែ លក់ឆ្នាំងសាកថ្ម
គម្របកែវកាហ្វេ ជួយឱ្យ Resnikoff រកបាន រាប់លានដុល្លារ
មានពីរសែន “Like” លើ Facebook ដូចមានប្រាក់ខែខ្ពស់
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNBC