ទីក្រុងហាណូយ៖ ផ្អើលផ្ទុះជំងឺកញ្ជ្រិលដ៏សាហាវ បានសម្លាប់មនុស្សជាបន្តបន្ទាប់ ច្រើនជាង១០០នាក់ ភាគច្រើនជាកុមារតូចៗ និង កំពុងតែបន្តឆ្លងទៅមនុស្សរាប់ពាន់នាក់ផ្សេងទៀតក្នុងឆ្នាំ២០១៤ នេះ។
យោងតាមក្រសួងសុខាភិបាល វៀតណាម បានឱ្យដឹងថា យ៉ាងហោចណាស់ មានអ្នកស្លាប់ចំនួន១១២នាក់ ភាគច្រើនជាកុមារតូចៗ មានអាយុក្រោម ១០ឆ្នាំ ត្រូវបានឆ្លង និងស្លាប់ភ្លាមៗដោយសារតែជំងឺកញ្ជ្រិលដ៏កាចសាហាវនេះ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung កាលពីថ្ងៃពុធ បានអំពាវនាវ ឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើសកម្មភាពចាត់វិធានការជាបន្ទាន់ ដើម្បីការពារទប់ស្តាត់កុំឱ្យជំងឺ ដ៏កាចសាហាវនេះ ឆ្លងរាលដាលទៅកុមារផ្សេងទៀត។
បច្ចុប្បន្ននេះ អាជ្ញាធរកំពុងផ្តល់ថ្នាំបង្ការ បង្កើនការតាមដាននៃជំងឺនេះនិងជំរុញឱ្យឪពុកម្តាយស្វែងរកការព្យាបាលនៅក្នុងស្រុក ឬ តំបន់ដែលនៅជិតកន្លែងដែលខ្លួនរស់នៅ ជំនួសឱ្យការ មកព្យាបាលនៅមន្ទីរពេទ្យដែលមាន ទីតាំងនៅតំបន់ឆ្ងាយពីកន្លែងរស់នៅរបស់ពួកគេ ដើម្បីភាពងាយស្រួលទប់ស្តាត់ និង អាចព្យាបាលទាន់ពេលវេលា ចំពោះកុមារដែលកើតមានជំងឺកញ្ជ្រិល។
យោងតាមរបាយការណ៍ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ជំងឺកញ្ជ្រិលជាជំងឺឆ្លងដ៏កាចសាហាវបំផុត នៅលើពិភពលោក ដែលបានសម្លាប់ជីវិតមនុសអស់ចំនួន ១២២,០០០នាក់ នៅក្នុងឆ្នាំ២០១២ និង នៅក្នុងឆ្នាំ២០០០ មានអ្នកស្លាប់ដោយសារតែ ជំងឺកញ្ជ្រិល ចំនួន៥៦២,០០០នាក់។
អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់បន្ថែមទៀតថា ការចាក់ថ្នាំបង្ការជំងឺកញ្ជ្រិលដ៏កាចសាហាវនេះ គឺមិនប្រសិទ្ធិភាពចំពោះកុមារដែលមានអាយុក្រោម ៩ខែនោះទេ ដូច្នេះអាជ្ញាធរត្រូវតែធ្វើស្ថិតិឱ្យច្បាស់ថា មានចំនួនកុមារមានអាយុចាប់ពីប៉ុន្មានខ្្លះ ដែលកើតមានជំងឺកញ្ជ្រិលនេះ ដើម្បីបង្កើនភាពសាុំនៃថ្នាំបង្ការឱ្យកាន់តែមានប្រសិទ្ធិិភាពខ្ពស់៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ channelnewsasia