តាមគេហទំព័រសារព័ត៌មាន Postkhmer បានឲ្យដឹងថា បញ្ហាប្រជាពលរដ្ឋខ្មែរដែលចូលទៅសេពល្បែងស៊ីសងនៅតាមកាស៊ីណូផ្សេងៗទាំងនៅតំបន់ក្បែរព្រំដែនក្ដី និងនៅទីក្រុងភ្នំពេញក្ដី នៅតែចោទជាបញ្ហា។ គេសង្កេតឃើញឃើញមានប្រជាពលរដ្ឋខ្មែរបានចូលទៅលេងនៅតាមតុល្បែង Baccarat និង Slot Machine យ៉ាងហូរហែទោះបីជាមានសន្តិសុខនៅចាំយាមយ៉ាងណាក៏ដោយ។
កាស៊ីណូ Las Vegas Sun ត្រូវបានដឹងថាអាចបើកអោយខ្មែរចូលទៅលេងបានដោយធម្មតាដោយគ្រាន់តែប្ដូរប្រាក់ទៅជាកាក់លេងល្បែងប៉ុណ្ណោះ។ ហើយជាធម្មតាគេសង្កេតឃើញមានខ្មែរទៅលេងនៅកាស៊ីណូច្រើនគឺនៅពេលយប់។ ហើយកាលពីខែសីហាកន្លងមកនេះ គេបានរៀបចំកិច្ចប្រជុំមួយនៅរាជធានីភ្នំពេញ ដែលបានប្រមូលផ្ដុំគណៈគ្រប់គ្រងមកពីកាស៊ីណូទាំង ៦១ កន្លែងនៅក្នុងស្រុកដើម្បីមកដោះស្រាយបញ្ហាអសកម្មនៅក្នុងកាស៊ីណូ។ ជុំវិញបញ្ហានេះលោកឧត្តមសេនីយ៍ សុខ ផល អគ្គស្នងការរងនគរបាលជាតិបានលើកឡើងពីចំណុចនេះយ៉ាងច្បាស់ថា៖ “យើងសូមលើកទឹកចិត្តម្ចាស់កាស៊ីណូទាំងអស់ឲ្យគោរពច្បាប់កម្ពុជា ឲ្យបានតឹងរ៉ឹង ហើយសុំបញ្ឈប់ការអនុញ្ញាតឲ្យប្រជាជនកម្ពុជាចូល និងទៅលេងល្បែងក្នុងកាស៊ីណូរបស់ខ្លួនជាបន្ទាន់”។ ប៉ុន្តែជុំវិញបញ្ហានេះលោក លីម អៀង នាយកសន្តិសុខកាស៊ីណូនៅបាវិត នៃក្រសួងមហាផ្ទៃបានប្រាប់ថាទោះបីជាអ្នកលេងល្បែងជាខ្មែរបានបន្តមកកាស៊ីណូជាញឺកញាប់ ទូទាំងប្រទេសក៏ដោយ ក៏ប៉ុន្តែចំនួនអ្នកលេងទាំងនោះបានថយចុះ ចាប់តាំងពីកិច្ចប្រជុំជាមួយម្ចាស់កាស៊ីណូថ្នាក់ជាតិមកម្ល៉េះ៕
ដោយ៖ ផានិតប្រែសម្រួលអត្ថបទពី៖ Postkhmer