ឈឺទ្រូងខាងឆ្វេង អាចជាសញ្ញាដំបូងនៃជម្ងឺបេះដូង សួត ក្រពះ។ល។ ហើយបើសិនមិនយកចិត្តទុកដាក់ ជម្ងឺទាំងនេះ អាចសម្លាប់អ្នកបាន ក្នុងរយៈពេលខ្លី ពិសេសគឺជម្ងឺបេះដូង។

ជម្ងឺបេះដូង គឺជាមូលហេតុសំខាន់មួយដែលបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើនក្នុងពិភពលោក។ មិនត្រឹមតែមនុស្សដែលមានបញ្ហាបេះដូងពីកំណើត សូម្បីតែមនុស្សដែលមានកម្លាំងមាំមួន ក៏អាចកើតជម្ងឺនេះ ហើយពេលខ្លះ អ្នកជម្ងឺបានមើលរំលងអាការៈដំបូងនេះ នាំឱ្យពួកគេមានការប្រឈមនឹងជម្ងឺដ៏កាចសាហាវ។

/

ការឈឺទ្រូង ជាអាការៈមួយដែលតែងត្រូវបានអ្នកជម្ងឺរអ៊ូរទាំប្រាប់គ្រូពេទ្យ នៅពេលពួកគេទៅពិនិត្យបេះដូង ប៉ុន្តែ មិនមែនមានន័យថា រាល់អ្នកជម្ងឺឈឺទ្រូង គឺសុទ្ធតែមានបញ្ហាបេះដូងនោះដែរ។

ជម្ងឺបេះដូង-ការឈឺទ្រូង ដែលមានលក្ខណៈដូចជាត្រូវគេសង្កត់ច្របាច់នៅកណ្ដាល ឬងាកមកខាងឆ្វេងនៃដើមទ្រូងបន្តិច និងមានរយៈពេលចាប់ពី ៣០នាទីឡើងទៅ ដោយមិនមានភាពធូរស្រាលពេលដេកសម្រាក ឬប្រើថ្នាំ Nitroglycerine នោះគេត្រូវគិតដល់បញ្ហាគាំងបេះដូង។

ការឈឺទ្រូងដែលកើតឡើងដោយសារខ្វះឈាមបេះដូង/ខ្លាញ់ក្នុងសរសៃឈាមបេះដូង (ischemic heart disease) តែងតែរាលដាលមកកាន់ដៃឆ្វេង តែវាក៏អាចរាលដាលដល់ដៃស្ដាំ ឬស្មារ ក ខ្នង និងចុងដង្ហើម។

ជម្ងឺក្រពះ-បើសិនការឈឺចុក ក្រោយពីហូបអាហារ ផឹកទឹក ផឹកស្រា នោះភាគច្រើនគឺដោយសារជម្ងឺក្រពះ។ ក៏ប៉ុន្តែ មានករណីមួយចំនួន ការឈឺបែបនេះ ក៏អាចបណ្ដាលមកពីបញ្ហាខ្វះឈាមបេះដូងផងដែរ។

តាមធម្មតា អាការៈឈឺចុកដោយសារជម្ងឺខ្វះឈាមបេះដូង ឬខ្លាញក្នុងសរសៃឈាមបេះដូង វានឹងធូរស្រាលមកវិញ បន្ទាប់ពីបានលេបថ្នាំ Nitroglycerine ឬសម្រាកប៉ុន្មាននាទី (< ៣-៥នាទី)។ ផ្ទុយទៅវិញ បើសិនឈឺក្រពះ ឬបំពង់អាហារ វានឹងមិនងាយធូរស្រាល ឬធូរស្រាលដែរ តែប្រើពេលយូរ។

ជម្ងឺសួត-ឈឺចាប់ភ្លាមៗដូចទៅនឹងត្រូវចុងកំបិត ហើយវានឹងឈឺខ្លាំងឡើងនៅពេលដកដង្ហើមចូល ឬពេលដេកផ្ងារ នោះគឺអាចបណ្ដាលមកពីរលាកសួត។ ជាងនេះ អាការៈខាងលើក៏អាចបណ្ដាលមកពីបញ្ហារលាកស្រោមបេះដូង (pericardium) ក៏ថាបាន។

នៅពេលមានអាការៈឈឺទ្រូងខាងឆ្វេង សូមកុំមើលស្រាល អ្នកគួរទៅពិនិត្យសុខភាពដើម្បីឱ្យដឹងថា អ្នកមានជម្ងឺបេះដូងឬអត់ និងដើម្បីព្យាបាលឱ្យទាន់ពេលវេលា។ នៅកន្លែងពិនិត្យសុខភាព អ្នកអាចនឹងត្រូវបានពិនិត្យសួតដោយកាំរស្មីអិច ពិនិត្យបេះដូងដោយការវាស់ចង្វាក់បេះដូង (ECG) និងអូកូបេះដូង និងសុងក្រពះដើម្បីឱ្យដឹងថា អ្នកមានជម្ងឺក្រពះឬអត់។ ក្រៅពីនេះ អ្នកក៏នឹងត្រូវបានបូមឈាម យកទៅពិនិត្យរកជម្ងឺផ្សេងៗដែលពាក់ព័ន្ធផងដែរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PNToday