ខេត្តកំពង់ឆ្នាំង ៖ លោកកែវ ថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអះអាងថា ត្រីប្រហុកក្នុងខែខ្នើតនេះបានកើនឡើងគួរកត់សំគាល់បើប្រៀបធៀបឆ្នាំកន្លងទៅ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ កើត ខែបុស្ស ត្រូវនឹងថ្ងៃទី៩ ដល់១២ មករា ឆ្នាំ២០១១នេះ ត្រីប្រហុកប្រមូលបាន២.០៤៤តោន នៅតាមបណ្តាឡូត៍នេសាទនានាក្នុងខេត្តកំពង់ឆ្នាំង ។ បើប្រៀបធៀបឆ្នាំ២០១០ កន្លងទៅរយៈពេលដូចគ្នានេះដែរ គឺបានកើនឡើងដល់២០ភាគរយ ។ លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបញ្ជាក់ថា នៅថ្ងៃ៩ កើត ត្រូវនឹងថ្ងៃទី១៣ មករា កន្លងទៅនេះ ត្រីប្រហុកកំពុងត្រូវទ្វេដង រហូតដល់ផុតខ្នើតខែបុស្សនេះ ដែលតំលៃ១គីឡូក្រាមត្រឹម៦០០រៀលទៅ១.០០០រៀលប៉ុណ្ណោះ នៅតាមបណ្តាឡូត៍នេសាទ ។ លោកបន្តថា ទិន្នផលត្រីឆ្នាំនេះសង្ឃឹមថា នឹងកើនឡើងជាងឆ្នាំចាស់ នេះក៏ដោយសារអំណោយផលទឹកទន្លេឡើង-ស្រកផង និងមួយវិញទៀត គឺមន្ត្រីជំនាញបានប្រឹងប្រែងអស់លទ្ធភាពដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទមានដូចជាឆក់ លប ឬអួន ស្បៃមុង ការកាប់ព្រៃលិចទឹកជាដើម ។ល។នៅតាមស្រុកមួយចំនួនដែលមានភូមិសាស្ត្រជាប់មាត់ទន្លេ គេឃើញប្រជាពលរដ្ឋជិះរទេះគោ គោយន្ត រ៉ឺម៉កម៉ូតូ ខ្លះម៉ូតូផ្ទាល់ខ្លួនបាននាំគ្នាមកកាត់ត្រីប្រហុកយ៉ាងណែនណាន់តាន់តាប់ ពិសេសនៅស្រុកកំពង់ត្រឡាច ។ ចំណែកអាជ្ញាធរមូលដ្ឋានតាមដងទន្លេវិញ ក៏ជួយសំរួលឱ្យបងប្អូនដែលមកពីឆ្ងាយមានកន្លែងសំរាក និងស្នាក់នៅដើម្បីធ្វើត្រីប្រហុក លើសពីនេះទៀតបានចាត់កំលាំងការពារសុវត្ថិភាពបងប្អូនទាំងនោះផងដែរ ។គួរបញ្ជាក់ថា នៅភូមិសែប និងភូមិតាជេស ស្រុកកំពង់ត្រឡាច បងប្អូនដែលទិញត្រីប្រហុក គាត់ទិញពីក្រុមប្រជាពលរដ្ឋបណ្តែតមងនៅទីនោះតែម្តង គឺមិនបានទិញពីឡូត៍នេសាទផ្ទាល់ទេ ព្រោះត្រីប្រហុករបស់ឡូត៍នេសាទទាំងនោះគេលក់ទៅឱ្យក្រុមឈ្មួញវៀតណាមតែប៉ុណ្ណោ ះ ព្រោះគេទិញច្រើន ចំណែកប្រជាពលរដ្ឋមួយគ្រួសារមកធ្វើត្រីប្រហុកត្រឹមតែ៣០ទៅ៤០គីឡូក្រាម គឺត្រូវទិញពីអ្នកបណ្តែតមង ៕