ខេត្តកំពង់ចាម ៖ ប្អូនៗជាសិស្សានុសិស្សត្រូវធ្វើយ៉ាងណា ជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះវាបំផ្លាញជីវិតរបស់យើងធ្វើឲ្យធ្លាក់ទៅរកផ្លូវខុសនៅក្នុងសង្គមជាតិ។ នេះជាថេរដីការបស់ព្រះមុនីសោភ័ណ ប៊ត តាំងឆេង លេខាផ្ទាល់ព្រះមេគណខេត្ត និងជាចៅអធិការវត្តភ្នំហាន់ជ័យ នាព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០១១ នៅលើភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ក្នុងមិទ្ទីញរំលឹកខួបទី៣២ នៃទិវាជ័យជំនះ៧មករា (៧មករា ១៩៧៩-៧មករា ២០១១) ជាប្រវត្តិសាស្រ្តដែលបានរំដោះប្រជាជនកម្ពុជា ឲ្យរួចចាកផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត។លោកឃ ្លាំង រី នាយកវិទ្យាល័យឈីន លានហាន់ជ័យ មានប្រសាសន៍ដោយគូសបញ្ជាក់ថា ថ្ងៃទី៧ មករា ១៩៧៩ គឺជាថ្ងៃដែលបានរំដោះប្រទេសជាតិយើងឲ្យរួចផុតពីទុក្ខវេទនាគ្រប់បែបយ៉ាងនៅក្នុងរបបប្រល័យពូជ សាសន៍ ប៉ុល ពត។ នេះជារឿងប្រវត្តិសាស្រ្តដែលយើងមិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្តេចជា ស៊ីម សម្តេចហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា នោះទេ។ លោកនាយកវិទ្យាល័យមានប្រសាសន៍បន្តថា ប្រសិនណាបើយើងមិនបានរៀបចំរំលឹកនូវទិវាជ័យជំនះ៧មករា នេះទេ នាថ្ងៃក្រោយៗមកទៀត នឹងក្លាយទៅជារឿងព្រេងនិទានលែងជាការពិត។ ហេតុដូច្នេះហើយ ទើបរូបលោក (ឃ្លាំង រី) និងនាយករងវិទ្យាល័យ គណៈកម្មការវត្តភ្នំហាន់ជ័យ ព្រមទាំងអាជ្ញាធរឃុំហាន់ជ័យ តែងតែប្រារព្ធពិធីបុណ្យនេះ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៣ មករហូតដល់សព្វថ្ងៃសំរាប់ជាប្រយោជន៍ឲ្យយុវជនយុវនារីនៅជំនាន់ក្រោយមានការចងចាំនៅក្នុងក្រអៅបេះដូង គ្រប់ៗគ្នា។លោកគាំ ធឿន មេឃុំហាន់ជ័យ មានប្រសាសន៍ថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ៨ខែ និង២០ថ្ងៃ បានបំបិទនូវសិទ្ធិសេរីភាពសព្វបែបយ៉ាង មិនមានសាលារៀន មន្ទីរពេទ្យ និងវត្តអារាម ហើយបានសំលាប់ប្រជាជន កម្ពុជាស្លូតត្រង់រាប់លាននាក់។ ដោយសារកងទ័ពបដិវត្តន៍កម្ពុជា ព្រមទាំងកងទ័ពស្ម័គ្រចិត្តវៀតណាម បានរំដោះប្រទេសជាតិឲ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ គុណបំណាច់ដ៏ថ្លៃថ្លានៃថ្ងៃ៧មករា ១៩៧៩ ត្រូវបានចាត់ទុកជាថ្ងៃកំណើតទី២របស់យើង ។ព្រះមុនីសោភ័ណ ប៊ត តាំងឆេង ចៅអធិការវត្តភ្នំហាន់ជ័យ មានថេរដីកាថា ក្រោយថ្ងៃទី៧ មករា ១៩៧៩ ព្រះសង្ឃមានជាងតែ៧អង្គ ប៉ុន្តែមកដល់សព្វថ្ងៃនេះ ព្រះសង្ឃមាន៥៦.០០០អង្គ និងវត្តជាង៤.០០០នៅទូទាំងប្រទេស។ ដោយទ្បែក នៅខេត្តកំពង់ចាមមានវត្តចំនួន១៨១ និងព្រះសង្ឃជាង៧.០០០អង្គ ហើយនៅស្រុកកំពង់សៀមវិញមានវត្តចំនួន៤៨ និងព្រះសង្ឃជាង៥៧០អង្គ។ ចំពោះប្អូនៗជាសិស្សានុសិស្សត្រូវតែនាំគ្នាជៀសវាងឲ្យឆ្ងាយពីក្រុមក្មេងទំនើង និងបំបាត់អំពើហិង្សានៅក្នុងគ្រួសារ។ ដោយឡែកក្នុងពេលថ្មីៗនេះ រាជរដ្ឋភិបាលកម្ពុជាបានប្រកាសច្បាប់ប្រឆាំងអំពើពុករលួយ កត្តានេះនឹងធ្វើឲ្យប្រទេសជាតិយើងកាន់តែមានការរីកចំរើនយ៉ាងឆាប់រហ័យដូចបណ្តាប្រទេសជិតខាង។ បន្ទាប់មក ក៏មានពិធីបង្សុកូលទៅដល់អ្នកស្លាប់នៅក្នុងរបបប៉ុល ពត និងអ្នកស្លាប់ដោយគ្រោះមហន្តរាយនៅស្ពានពេជ្រផងដែ៕