ខេត្ត​កំពង់ចាម​ ៖ ​រថយន្ត​កាមរី​​បាឡែន ​ពណ៌​ខ្មៅ មួយគ្រឿង បានបោះពួយ​យ៉ាង​លឿន​ ទៅបុកគល់​​ដើម​អំពិល​​ពេញ​​ទំហឹង​​ ស្ថិតនៅ​​ជាប់​របង​​​​បញ្ជា​ការ​ដ្ឋាន​​​​យោធ​ភូមិភាគ​២ ភូមិ​ទី​​១៤ ​សង្កាត់​កំពង់ចាម​ ​ក្រុង​កំពង់ចាម ​កាលពីវេលា​ម៉ោង​​​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​​២ មករា ២០១១ ​បណ្តាល​ឱ្យ​ស្លាប់​​២នាក់ភ្លាមៗ​​ និង​រង​របួស​ចំនួន​៧នាក់ ត្រូវបាន​រថយន្ត​​សាមុយ​​​ដឹក​​យកទៅសង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​៧ “D” និង​មន្ទីរ​ពេទ្យ​​ខេត្ត​ជា​បន្ទាន់​ផងដែរ ។តាមមន្ត្រីនគរបាលចរាចរក្រុងកំពង់ចាមបានឱ្យ​ដឹងថា អ្នកស្លាប់២នាក់រួមមាន ១-ឈ្មោះ​​ងួន សុវណ្ណារិទ្ធ ហៅ​ខ្លា ភេទប្រុស អាយុជាង២០ឆ្នាំ​ជាអ្នកបើកបររថយន្ត ២-ឈ្មោះ​ចាន់ សោភា​ ភេទស្រី អាយុ៣១​ឆ្នាំ រស់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម និងអ្នករង​របួស ៧នាក់ទៀតក្នុងនោះ មាន១-ឈ្មោះថា ពន្លឺ ភេទ ប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាល វង់ ក្រុងកំពង់ចាម ២-ឈ្មោះ​ស្រី មុំ ភេទស្រី អាយុ​២២ឆ្នាំ រស់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ៣-ឈ្មោះ​គង់ សុខឿន ភេទប្រុស អាយុ២៤ឆ្នាំ ៤-ឈ្មោះ​សី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅ ភូមិមេម៉ាយ ៥-ឈ្មោះសោភ័ណ្ឌ ភេទស្រី អាយុ ២៣ឆ្នាំ ៦-ឈ្មោះ​ស្រី លីន ភេទស្រី អាយុ២៧ ឆ្នាំ រស់នៅភូមិមេម៉ាយ និងអ្នកទី៧ប្រុសមិន ស្គាល់​ឈ្មោះ ។មន្រ្តីនគរបាលចរាចរក្រុងកំពង់ចាមបានបញ្ជាក់ថា ​​ក្រុមអ្នករងគ្រោះទាំងអស់ដែលជិះ លើរថយន្ត​បាននាំគ្នាផឹកស៊ីនៅហាងមួយ​កន្លែង នាក្រុងកំពង់ចាម ដោយម្នាក់ៗស្រវឹងធ្លាក់ភ្នែក ហើយបាននាំគ្នាឡើងជិះ​រថយន្តត្រឡប់ទៅផ្ទះ វិញ ដោយបើកចេញពី​ទិស​ខាង​កើតមកលិច​យ៉ាង​​លឿន​​ ។ ប៉ុន្តែដោយសារ​ផ្លូវកោង​កាច់​ចង្កូត​មិន​ទាន់ ទើបជាហេតុបណ្តាលឲ្យបុកគល់​ដើមអំពិល​យ៉ាងពេញទំហឹងតែម្តង ៕