ខេត្តកំពត ៖ លោកអ៊ុក សុខុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយលោកកៅ ផល ប្រធាននាយកដ្ឋានផលិតកម្មបសុព្យាបាល ព្រមទាំងមន្ត្រីកសិកម្មខេត្ត និងពេទ្យសត្វខេត្តកំពត កាលពីព្រឹកថ្ងៃទី១៦ មករា ២០១១ បានទៅចាក់ថ្នាំបង្ការដល់សត្វពាហនៈនៅភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ បន្ទាប់ពីផ្ទុះជំងឺអុតក្តាម និងសាទឹកទៅលើសត្វគោ ក្របី គួរឱ្យមានការព្រួយបារម្ភ ។ លោកម៉េង សន្តិភាព ប្រធានការិយាល័យពេទ្យសត្វខេត្តប្រាប់ឱ្យដឹងថា គោចំនួន៧០ក្បាលបានកើតជំងឺអុតក្តាម និងសាទឹកនៅភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ក្នុងនោះមានកូនគោ២ក្បាលបានងាប់ ។ គោអ្នកស្រុកចំនួន៦០០ក្បាលត្រូវបានចាក់ថ្នាំបង្ការ ចៀសវាងឆ្លងរាលដាលទៅឃុំផ្សេង ។ ចំពោះគោចំនួន៧០ក្បាលដែលកើតជំងឺគឺចាប់ពីដើមខែ មករា មក ។ ពលរដ្ឋម្នាក់នៅភូមិចាក់ជ្រុំនិយាយថា គោរបស់គាត់ចំនួន៣ក្បាលឆ្លងជំងឺអុតក្តាម ហើយគាត់បានហៅពេទ្យសត្វវៀតណាមដើរចាក់ថ្នាំតាមផ្ទះមកចាក់ តែគោគាត់មិនបានធូរស្បើយទេ ។ លោកអ៊ុក សុខុន រដ្ឋលេខាធិការក្រសួងកសិកម្មមានប្រសាសន៍ទៅកាន់ប្រជាកសិករថា សត្វពាហនៈមានសារសំខាន់បំផុត ព្រោះជាកំលាំងអូសទាញមិនអាចខ្វះបាន ដូច្នេះហើយត្រូវថែទាំឱ្យល្អ ។ លោកជឿជាក់ទៅលើពលរដ្ឋចេះថែទាំគោក្របីដែលកើតជំងឺតាំងពីដូនតាមកម្ល៉េះ ។ លោកបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា បន្ទាប់ពីចាក់វ៉ាក់សាំងរួចហើយគោ ក្របី ឈប់មានជំងឺឆ្លងទៀតហើយ ៕