ខេត្តបាត់ដំបង ៖ យុវជនរងគ្រោះម្នាក់ត្រូវដើមឈើរលំសង្កត់លើបណ្តាលឱ្យស្លាប់ ខណៈដែលកំពុងអង្គុយអារស្ទុះងើបរត់ចេញមិនទាន់។ ឧប្បតិ្តហេតុគ្រោះថ្នាក់ដោយចៃដន្យនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី៨ មករា នៅចំណុចអូរទ្រូងអណ្តើក ភូមិព្រៃទទឹងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡបានឱ្យដឹងថា យុវជនដែលស្លាប់ដោយដើមឈើសង្កត់នោះឈ្មោះថន សាវនី អាយុ២២ឆ្នាំ រស់នៅភូមិបន្ទាយចារ ឃុំឆ្នាល់មាន់។ ក្រុមគ្រួសាររបស់យុវជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់បានទៅរកកាប់ឈើនៅតំបន់ព្រៃភ្នំខាងលើ។ ពេលកំពុងអង្គុយអារដើមឈើ ពួកគេហាក់ដូចជាមិនបានត្រៀមលក្ខណៈក្នុងការរត់គេចទេ លុះពេលឈើចាប់ផ្តើមរលំ ទើបពួកគេងើបរត់ តែឈ្មោះសាវនី បានរត់មិនទាន់ទើបដើមឈើដ៏ធំនោះបាក់សង្កត់ពីលើជាប់បណ្តាលឱ្យស្លាប់តែម្តង។សូមបញ្ជា ក់ថា ព្រៃឈើនៅតំបន់ភូមិសាស្ត្រស្រុកគាស់ក្រឡ ស្រុកមោងឫស្សី ស្រុករុក្ខគិរី និងស្រុកសំឡូតកំពុងរងការកាប់បំផ្លាញរាល់ថ្ងៃ គ្មានមន្ត្រីព្រៃឈើ ឬអាជ្ញាធរមានវិធានការទប់ស្កាត់ទេ។ ផ្ទុយទៅវិញគេឃើញក្រុមមន្ត្រីព្រៃឈើ បរិស្ថាន ឬសមត្ថកិច្ចដាក់ពង្រាយកំលាំងបណ្តាក់គ្នាដូចខ្យងនៅតាមបណ្តាផ្លូវនានាក្នុងតំបន់នោះ ដើម្បីចាំយកលុយពីអ្នកដឹកឈើដែលឆ្លងកាត់តំបន់របស់ខ្លួន ហើយកន្លងមកធ្លាប់មានផ្ទុះអាវុធជាញឹកញាប់ ដោយការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធ និងពួកឈ្មួញរកស៊ីឈើខុសច្បាប់ដែលចរចាបង់ប្រាក់មិនត្រូវគ្នា។ រីឯនៅតាមតំបន់ភ្នំដែលត្រូវបានហាមឃាត់ដោយច្បាប់របស់រដ្ឋមិនអនុញ្ញាតឱ្យមានការកាប់រ ាលដាលដល់តំបន់ភ្នំទាំងនោះ ក៏គ្មានស្ថាប័នណាមួយចេញទៅទប់ស្កាត់ដែរ មានតែឃុបឃិតគ្នាកាប់បំផ្លាញព្រៃឈើដើម្បីវាតយកដីធ្វើចំការតែប៉ុណ្ណោះ។ ភាគច្រើននៃអ្នកប្រព្រឹត្តគេតែងសង្កេតឃើញជាមន្ត្រីយោធា ឬអ្នកមានអំណាចនៅតំបន់ទាំងនោះតែម្តង៕