អ្នកភូមិបឹងកក់ ចំនួន១៣នាក់ ត្រូវបានសាលាឧទ្ធរណ៍ដោះលែង កាលពីប៉ុន្មានម៉ោងមុន នៅថ្ងៃពុធ ទី ២៧ មិថុនានេះ ក្រោយពីបើកសវនាការពេញមួយព្រឹក ដែលមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជាច្រើននាក់ បានចូលរួមតាមដាន។

អ្នកភូមិបឹងកក់ទាំង១៣ នាក់នោះ ដែលត្រូវសាលាឧទ្ធរណ៍កាត់អោយជាប់ពន្ធនាគាររយៈពេល ២ឆ្នាំនិង ៦ខែនោះ ពេលនេះត្រូវបានបន្ថយទោសមកត្រឹម ១ខែវិញ។
អ្នកភូមិទាំង១៣នាក់ខាងលើ ត្រូវជាប់ពន្ធនាគារ គិតមកដល់ពុធនេះ គឺជាង១ខែទៅហើយដូច្នេះ នេះជាពេលវេលាដែលតុលាការត្រូវដោះលែងពួកគេ។ ជាចុងក្រោយ បន្ទាប់ពីចៅក្រមសាលាឧទ្ធរណ៍ប្រកាសលទ្ធផល អ្នកភូមិបឹងកក់ទាំង ១៣នាក់នោះ ក៏ត្រូវបានដោះលែងភ្លាមៗផងដែរ។

គួររំឭកថា អ្នកភូមិបឹងកក់ ចំនួន១៣នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២២ ខែឧសភា ដោយត្រូវបានចោទពីបទទន្ទ្រានយកដីរបស់បុគ្គលដទៃ និងជេរប្រមាថមន្ត្រីសាធារណៈ។ រយៈពេលពីរថ្ងៃក្រោយមកអ្នកទាំងនោះ ត្រូវបានតុលាការរាជធានី កាត់ទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ២ឆ្នាំ ៦ខែ៕
ដោយ ៖ សូរីយ៉ា