ខេត្តបាត់ដំបង ៖ លោកលឹម សេងហួរ អ្នកទទួលម៉ៅការបន្តផ្នែកអនាម័យក្នុងផ្សារធំៗ ចំនួន៣ ក្នុងក្រុងបាត់ដំបងពីក្រុមហ៊ុន ស៊ិនទ្រី បានព្រមានថា លោកនឹងដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្ត បើសិនជាក្រុមហ៊ុនស៊ិនទ្រី មិនអនុវត្តតាមកិច្ចព្រមព្រៀងរវាងរូបលោក និងក្រុមហ៊ុននេះ។ ការព្រមានរបស់លោកលឹម សេងហួរ នេះបានប្រកាសជាលាយលក្ខណ៍អក្សរក្នុងលិខិតជូនដំណឹងមួយច្បាប់ ដែលលោកជំរាបជូនលោកប្រធានសាខាក្រុមហ៊ុនស៊ិនទ្រី កម្ពុជាចំកាត់ប្រចាំខេត្តបាត់ដំបង ចុះថ្ងៃទី២១ ធ្នូ ឆ្នាំ២០១០ កន្លងទៅ។ លោកលឹម សេងហួរ បាននិយាយក្នុងលិខិតជូនដំណឹងរបស់ខ្លួនថា ក្រុមហ៊ុនស៊ិនទ្រី បានរំលោភលើកិច្ចព្រមព្រៀង ហើយលិខិតជូនដំណឹងនេះគឺជាការឆ្លើយតបទៅនឹងលិខិតរបស់លោកងួន រស្មី ប្រធានសាខាក្រុមហ៊ុនស៊ិនទ្រីប្រចាំខេត្តបាត់ដំបង ចុះថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១០ ដែលកម្មវត្ថុស្តីពីការសូមបញ្ចប់នូវកិច្ចព្រមព្រៀង ការម៉ៅការយកថ្លៃអនាម័យក្នុងផ្សារទាំង៣ គឺផ្សារណាត់ ផ្សារបឹងឈូក និងផ្សារ១៣មករា (ផ្សារថ្មី) ពោលគឺបញ្ឈប់មិនឱ្យលោកលឹម សេងហួរ បន្តការងារទៀត។បើយោងលើលិខិតមួយច្បាប់របស់លោកងួន រស្មី ប្រធានសាខាក្រុមហ៊ុនស៊ិនទ្រីប្រចាំខេត្តបាត់ដំបងចុះថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១០ ជំរាបជូនលោកលឹម សេងហួរ អ្នកទទួលម៉ៅការថ្លៃអនាម័យលើផ្សារទាំង៣ខាងលើនេះ លោកងួន រស្មី បាននិយាយក្នុងលិខិតនោះថា ក្រុមហ៊ុនស៊ិនទ្រី នឹងធ្វើការបញ្ចប់កិច្ចព្រមព្រៀងម៉ៅការយកថ្លៃអនាម័យក្នុងផ្សារទាំង៣ដែលមានផ្សារណ ាត់ ផ្សារបឹងឈូក និងផ្សារ១៣មករា ត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១០ ដោយក្រុមហ៊ុនស៊ិនទ្រីនេះសំអាងថា មានភាពចាំបាច់ និងតំរូវឱ្យមានការកែប្រែលើកម្មវិធីប្រមូលសំរាម និងសំអាតទីក្រុងបាត់ដំបង។ នៅក្នុងលិខិតឆ្លើយតបរបស់លោកលឹម សេងហួរ អ្នកទទួលម៉ៅការបន្តយកថ្លៃអនាម័យក្នុងផ្សារទាំង៣ខាងលើពីក្រុមហ៊ុនស៊ិនទ្រីបានបញ្ជាក ់ថា កិច្ចព្រមព្រៀងរវាងរូបលោក និងក្រុមហ៊ុនស៊ិនទ្រីមានសុពលភាពរយៈពេលមួយឆ្នាំដោយគិតចាប់ពីថ្ងៃទី១ កក្កដា ឆ្នាំ២០១០ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១១ទើបផុតកិច្ចព្រមព្រៀងនេះ ប៉ុន្តែមកដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១០ គឺដំណើរការនេះទើបបានពាក់កណ្តាលឆ្នាំប៉ុណ្ណោះ ដូច្នេះក្រុមហ៊ុនស៊ិនទ្រី គ្មានសិទ្ធិក្នុងការបញ្ចប់កិច្ចព្រមព្រៀងដោយឯកឯងក្នុងពេលកំពុងអនុវត្តកិច្ចព្រមព្រៀង នេះក្រោមហេតុផលក្រុមហ៊ុនមានភាពចាំបាច់ស្អីនោះទេ។សូមបញ្ជាក់ថា បើយោងលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនស៊ិនទ្រីសាខាខេត្តបាត់ដំបងជាភាគី«ក&raqu o; និងលោកលឹម សេងហួរ ជាភាគី«ខ» ចុះថ្ងៃទី២៨ មិថុនា ឆ្នាំ២០១០ គឺក្រោយពីក្រុមហ៊ុននេះទទួលបានសិទ្ធិផ្តាច់មុខក្នុងការប្រមូលកាកសំណល់រឹង និងសំអាតក្រុងបាត់ដំបង លោកលឹម សេងហួរ បានម៉ៅការបន្តពី ក្រុមហ៊ុននេះក្នុងការយកថ្លៃអនាម័យតាមបណ្តាផ្សារធំៗចំនួន៣ក្នុងក្រុងបាត់ដំបង គឺផ្សារណាត់ ផ្សារបឹងឈូក និងផ្សារ១៣មករា ។ ក្នុងកិច្ចព្រមព្រៀងនេះ គឺភាគីក្រុមហ៊ុនជាអ្នកផ្តល់សេវាកម្មផ្នែកដឹកជញ្ជូនកាកសំណល់រឹង រីឯភាគីលោកលឹម សេងហួរ ដែលទទួលម៉ៅការបន្តមានភារកិច្ចទុកដាក់សំរាម និងសំអាតផ្សារទាំង៣ខាងលើត្រូវបង់ថ្លៃសេវាជូនក្រុមហ៊ុនស៊ិនទ្រីនូវទឹកប្រាក់១០លានរៀ លក្នុង១ខែ ដោយគិតចាប់ពីថ្ងៃទី១ កក្កដា ឆ្នាំ២០១០ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១១ ទើបផុតកំណត់ដែលមានរយៈពេល១ឆ្នាំ។ កិច្ចព្រមព្រៀងនេះក៏បានបញ្ជាក់ត្រង់ចំណុច៤ថា ភាគីទាំង២អាចប្រឈមមុខនឹងផ្លូវច្បាប់បើភាគីណាមួយមិនអនុវត្តតាមកិច្ចព្រមព្រៀងនេះ។ទោះ ជាបែបណា បើយោងលិខិតឆ្លើយតបចុងក្រោយរបស់លោកងួន រស្មី ប្រធានសាខាក្រុមហ៊ុនស៊ិនទ្រីប្រចាំខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១០ បានស្តីបន្ទោសលោកលឹម សេងហួរ ថា មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការទុកដាក់សំរាម ឬសំអាតតាមផ្សារនីមួយៗឱ្យបានល្អ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុននេះបញ្ចប់កិច្ចព្រមព្រៀងពាក់កណ្តាលឆ្នាំបែបនេះ។ ប៉ុន្តែភាគីលោកលឹម សេងហួរ និងមជ្ឈដ្ឋាននានាបាននិយាយថា ភាគីក្រុមហ៊ុនលើកហេតុផលបែបនេះវាគ្រាន់តែជាលេសមួយប៉ុណ្ណោះ ការពិតគេបានដឹងគ្រប់គ្នាថា ក្រុមហ៊ុននេះហ៊ានបំពានកិច្ចព្រមព្រៀង និងរំលោភលើផ្លូវច្បាប់ដោយដកហូតភារកិច្ចនេះពីលោកលឹម សេងហួរ ទាំងពាក់កណ្តាលទីទៅប្រគល់ឱ្យអ្នកម៉ៅការផ្សេងទៀត ក៏ព្រោះតែអ្នកម៉ៅការក្រោយហ៊ានបង់ថ្លៃសេវាខ្ពស់ជាងលោកលឹម សេងហួរ ។គួររំលឹកថា ក្រុមហ៊ុនស៊ិនទ្រីសាខាប្រចាំខេត្តបាត់ដំបងបានទទួលសិទ្ធិផ្តាច់មុខពីអាជ្ញាធរខេត្តក្នុង ការប្រមូលកាកសំណល់រឹង និងសំអាតទីក្រុងបាត់ដំបង ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០១០ កន្លងមក បើគិតមកដល់ពេលនេះមានអាយុកាលកន្លះឆ្នាំហើយ។ ជាមួយគ្នានេះ ក្រុមហ៊ុនមួយនេះបានទទួលរងនូវការរិះគន់មិនឈប់ឈរពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដ ំបងដែលបំពេញការងារមិនបានល្អប្រសើរតាមការសន្យារបស់ខ្លួន។ ការប្រមូលកាកសំណល់មិនអស់ពីកន្លែងនៅតាមដងផ្លូវ នៅតាមភោជនីយដ្ឋាននានា និងមានភាពយឺតយ៉ាវរហូតកាកសំណល់ត្រូវស្អុយរលួយនៅតាមលំនៅឋានទៀតផង រីឯថ្លៃសេវាកម្មទារថ្លៃជាងក្រុមហ៊ុនមុនៗមួយជាពីរ ៕