ខេត្តស្វាយរៀង ៖ ច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិកម្ពុជា-វៀតណាម ត្រូវបានដំឡើងទៅជាច្រកទ្វារអន្តរជាតិជាអ្វីដែលហៅថា ពង្រីកការអភិវឌ្ឍន៍រវាងប្រទេសទាំង២ ឈានទៅបើកចំហសំរាប់សេដ្ឋកិច្ចសាកលភាវូបនីយកម្ម ទេសចរ ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការ ។ច្រកទ្វារអន្តរជាតិថ្មីនេះ មានឈ្មោះថា ព្រៃវល្លិ-បិញហ៊ីប ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ត្រូវបានបើកឱ្យដំណើរការជាផ្លូវការកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ មករា ២០១១ ក្រោមបរិយាកាសរីករាយដោយមានការអញ្ជើញចូលរួមពីភាគីកម្ពុជាលោកឧត្តមសេនីយ៍សុខ ផល អគ្គស្នងការរងនគរបាលជាតិ លោកជៀង អំ អភិបាលខេត្ត ស្វាយរៀង ចំណែកភាគីវៀតណាមមានលោកហ៊ូ សុនសឺន អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកទួន ង្វៀនទៀន លេខាទី២ នៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត ។អភិបាលខេត្តស្វាយរៀង លោកជៀង អំ បានមានប្រសាសន៍ថា ការពង្រីកឈានទៅបើកច្រកទ្វារអន្តរជាតិព្រៃវល្លិ-បិញហ៊ីបនេះ គឺជាការអភិវឌ្ឍន៍ថ្មីមួយទៀតរវាងប្រទេសទាំង២ កម្ពុជា-វៀតណាមឈានទៅពន្លឿនកំណើនសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ សំរួលការឆ្លងកាត់ដល់ភ្ញៀវទេសចរ ពាណិជ្ជកម្ម ដឹកជញ្ជូនទំនិញ និងជំរុញដល់ការពង្រីកវិស័យជាច្រើនទៀត ៕