ខេត្តព្រះសីហនុ ៖ ជារៀងរាល់ឆ្នាំសិស្សានុសិស្សតែងតែមកសាលារៀននៅម៉ោង៦និង៤៥នាទីព្រឹក ដើម្បីចូលរួមគោរពទង់ជាតិ រួចហើយនៅម៉ោង៧សិស្សានុសិស្សត្រូវចូលដល់ក្នុងបន្ទប់ថ្នាក់រៀន ។ ដោយឡែកនៅឆ្នាំសិក្សា២០១០-២០១១ នេះ គេសង្កេតឃើញសិស្សានុសិស្សមួយចំនួននៅក្នុងខេត្តព្រះសីហនុ ពុំបានមករៀនទៀងទាត់ទាន់ពេលវេលាដែលបានកំណត់ឡើយ ។ លោកសាស្ត្រាចារ្យមួយរូបបង្រៀននៅវិទ្យាល័យក្រុងព្រះសីហនុ សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ពិតណាស់សាលារៀនជាកន្លែងអប់រំមនុស្សឱ្យយល់ដឹងពីផ្នែកសង្គម និងវិទ្យាសាស្ត្រ ប៉ុន្តែសាលារៀនក៏ត្រូវការការគាំទ្រពីឪពុកម្តាយ សហគមន៍ និងស្ថាប័នពាក់ព័ន្ធផងដែរ បើប្អូនៗសិស្សានុសិស្សមកពីផ្ទះចូលមកដល់ថ្នាក់រៀន គឺមានលោកគ្រូ អ្នកគ្រូជាអ្នកអប់រំ ។ ដោយឡែកសិស្សដែលពុំបានមករៀន ឬមកពុំទាន់ពេលវិញនោះ ពុំមែនជារឿងរបស់សាលាទាំងស្រុងនោះទេ គឺសាលាមានតួនាទីចុះអវត្តមានសិស្សដែលពុំមករៀនទាន់ពេល និងសិស្សគេចសាលាតែប៉ុណ្ណោះ ហើយផ្តល់ដំណឹងដល់អាណាព្យាបាលជារៀងរាល់ខែពុំដែលអាក់ខានឡើយ ។លោកសាស្ត្រាចារ្យរូបនោះបានបន្តទៀតថា សិស្សដែលមករៀនពុំទាន់ពេល និងសិស្សដែលគេចសាលានោះមានមុខដដែលៗ ទង្វើរបស់ពួកគេហាក់បីដូចជាគ្មានកោតញញើតពីបញ្ហាវិន័យសាលាទាល់តែសោះ ។ តាមការសង្កេតរបស់លោកឃើញថា សិស្សទាំងនោះមានការគាំទ្រពីអាណាព្យាបាលរបស់ខ្លួន លោកនិយាយបែបនេះព្រោះលោកសំអាងថា នៅពេលដែលសិស្សប្រព្រឹត្តខុស ក្រុមប្រឹក្សាវិន័យរបស់សាលាបានអប់រំណែនាំ និងធ្វើលិខិតអញ្ជើញឪពុកម្តាយ ឬអាណាព្យាបាលមកឱ្យទទួលស្គាល់ និងជួយដឹងឮពីកំហុសរបស់សិស្សនោះ បែរជាមានប្រតិកម្មដូចជា ឪពុកម្តាយសិស្សខ្លះបែរជាដាក់បន្ទុកមកលើលោកគ្រូ អ្នកគ្រូដែលបង្រៀនកូនរបស់ខ្លួនទៅវិញថា មិនជួយអប់រំកូនរបស់គាត់ ហើយកូនគាត់ឈប់ច្រើនហេតុអ្វីបានជាមិនផ្តល់ដំណឹងដល់រូបគាត់ឱ្យបានដឹងទាន់ពេលវេលាផ ង ។សូមរំលឹកឡើងវិញថា សាលាបានជូនដំណឹងរៀងរាល់ខែ សូមអាណាព្យាបាលសួរកូនៗសៀវភៅតាមដានការសិក្សា នឹងឃើញពីកំហុសកូនហើយ ។ លោកសាស្ត្រាចារ្យបានបន្តទៀតថា ក្នុងនាមឪពុកម្តាយ អាណាព្យាបាល ក៏ដូចជាសហគមន៍សូមជួយតាមដានកូនផង ពេលដល់ផ្ទះត្រូវអប់រំកូនបន្ថែមទៀត គួរតែលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ជួយក្មេងគេចសាលា ឬមករៀនពុំទាន់ពេលវេលា ។ លោកខូវ វុទ្ធី នាយករងវិទ្យាល័យក្រុងព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា ជារៀងរាល់ដើមឆ្នាំ សាលាបានផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអប់រំដល់សិស្សានុសិស្សឱ្យបានដឹង និងអនុវត្តតាម ។ លោកបានបន្តទៀតថា ចំពោះសិស្សដែលមករៀនមិនទាន់ពេលត្រូវនៅខាងក្រៅសាលាមួយម៉ោង ដល់ពេលចេញលេងម៉ោងទី១ ទើបអនុញ្ញាតឱ្យចូលក្នុងបរិវេណសាលា ហើយសិស្សដែលឈប់១ម៉ោងនេះស្មើអវត្តមានមួយថ្ងៃ ។លោករំលឹកទៀតថា សិស្សដែលអវត្តមាន១០ដង ត្រូវពិន័យឱ្យប្រឡងឡើងថ្នាក់ និងត្រួតថ្នាក់ចំពោះសិស្សដែលអវត្តមានចាប់ពី៤០ដងឡើងទៅ ។ លោកនាយករង ខូវ វុទ្ធី សំណូមពរដល់ឪពុកម្តាយ ឬអាណាព្យាបាលសិស្សសូមជួយដាស់តឿនក្រើនរំលឹកដល់កូនៗឱ្យមករៀនទាន់ពេលវេលា និងឈប់គេចវេះពីសាលាទៀត ។ ជាងនេះទៀតលោកបានផ្តាំផ្ញើដល់មាតាបិតាអាណាព្យាបាលសូមជួយតាមឃ្លាំមើលកូនក្មួយ ដែលមករៀនថា បានចូលសាលារៀនដែរ ឬអត់? កុំឱ្យដូចទិសស្លោកមួយឃ្លាបានពោលថា «កូនចេញពីផ្ទះមកសាលាមិនប្រាកដថា ចូលរៀនទាំងអស់គ្នានោះឡើយ» ៕