ខេត្តកំពង់ចាម ៖ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៣ និងថ្ងៃទី៤ មករា ឆ្នាំ២០១០ ភ្លើងបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៣ខ្នង ក្នុងនោះមាននៅក្រុងសួង១ខ្នង និងស្រុកព្រៃឈរចំនួន២ខ្នង តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសដល់ជីវិតទេ។ លោកវរសេនីយ៍ត្រី លាង អេង អធិការនគរបាលក្រុងសួងប្រាប់ថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣ មករា ២០១១ ភ្លើងបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះជឹម ចាន់ ភេទប្រុស អាយុ៥៣ឆ្នាំ មានទំហំ៤គុណ៥ម៉ែត្រ រស់នៅភូមិជើងវត្ត សង្កាត់វិហារហ្លួង ក្រុងសួង។ លោកអធិការនគរបាលក្រុងសួងបានប្រាប់បន្តថា ក្នុងពេលអគ្គីភ័យកើតឡើង ម្ចាស់ផ្ទះប្រញាប់ប្រញាល់ជញ្ជូនចេញបានរបស់ទ្រព្យមួយចំនួន។ ដោយសារភ្លើងឆេះខ្លាំងពេកមិនមានអ្នកណាចូលទៅក្បែរទេ។ សំភារដែលត្រូវបាត់បង់រួមមាន ទូរទស្សន៍១គ្រឿង កង់១គ្រឿង គ្រែ១ តុ១ និងខោអាវ។ ចំពោះការឆាបឆេះនេះគឺបណ្តាលមកពីភ្លើងចង្ក្រានបាយ។ចំណែកលោកវរសេនីយ៍ត្រី នួន សាម៉ន អធិការនគរបាលស្រុកព្រៃឈរប្រាប់ថា កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៤ មករា ឆ្នាំ ២០១១ នៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ភ្លើងបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន២ខ្នង គឺផ្ទះតៀមផ្ទាល់ដីរបស់ឈ្មោះវ៉ាន់ ម៉ុង ភេទប្រុស អាយុ៦៤ឆ្នាំ មានទំហំ៣គុណ៤ម៉ែត្រ ប្រក់ស្លឹក។ ការខូចខាតក្រៅពីផ្ទះមានលុយចំនួន១៥ម៉ឺនរៀល កង់១គ្រឿង និងសំលៀកបំពាក់, ២-ផ្ទះតៀមរបស់ឈ្មោះអេង អឿ ភេទប្រុស អាយុ៤៨ឆ្នាំ ទំហំ៤គុណ៥ម៉ែត្រ ប្រក់ស្លឹក។ ទ្រព្យសម្បត្តិត្រូវភ្លើងឆេះក្រៅពីផ្ទះគឺ ទូដាក់ខោអាវ និងខោអាវ។ លោកអធិការនគរបាលស្រុកព្រៃឈរបានបញ្ជាក់ថា តាមការស្រាវជ្រាវសង្ស័យថា គ្រោះអគ្គីភ័យនោះកើតឡើងដោយសារភ្លើងកន្ទុយបារីដែលគេបោះចោលទៅលើសំរាមវាលស្រែ ស្ថិតនៅខាងក្រោយផ្ទះរបស់ឈ្មោះម៉ុង ហើយវាឆេះរាលដាលមកដល់ផ្ទះ៕