រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៥ មករា នៅទីស្តីការក្រសួងធម្មការ លោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលជួបសវនាការជាមួយលោក Archbishop Giovanni d’Aniello ឯកអគ្គរដ្ឋទូតបុរីវ៉ាទីកង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។ លោករដ្ឋមន្ត្រីមិន ឃិន បានមានប្រសាសន៍គូសបញ្ជាក់ពីភាពរីកចំរើនលើវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋដែលមានប្រជាពលរដ្ឋកម្ពុជាជាង៩៥% គោរពបូជា តែជាមួយនេះសាសនាដទៃទៀតក៏មានការវិវត្តដូចគ្នាដែរ ។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ វត្តអារាមក្នុងទូទាំងប្រទេសត្រូវបនប្រល័យពូជសាសន៍ប៉ុល ពត វាយកំទេចចោលហើយនៅសេសសល់ប៉ុន្មាន ពួកអាវខ្មៅដាក់ចិញ្ចឹមជ្រូក មាន់ ទា ធ្វើជាឃ្លាំងដាក់សំភារ និងយុទ្ធោបករណ៍សំរាប់ធ្វើសឹកសង្គ្រាម ។លោករដ្ឋមន្ត្រីបានបន្តទៀតថា បច្ចុប្បន្ន វត្ត អារាមនៅក្នុងទូទាំងប្រទេសមានរហូតដល់៤.៤៦៦វត្ត និងព្រះសង្ឃសរុប៥៦.៣០១អង្គ មានសាលាពុទ្ធិកសិក្សាតាំងពីថ្នាក់បឋមសិក្សា រហូតដល់ពុទ្ធិកសាកលវិទ្យាល័យ ដែលមានសមណសិស្ស និងសមណនិស្សិតរាប់ម៉ឺនអង្គ។ បើគិតជារួមធនធានមនុស្សដែលបានបញ្ចប់ការសិក្សាហើយបានទទួលសញ្ញាបត្របរិញ្ញាបត្រ ទៅតាមឯកទេសនីមួយៗបានជាង៥០០អង្គ ។ ទន្ទឹមនឹងនោះ ទំនាក់ទំនងរវាងសាសនាធំៗ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺរាជរដ្ឋាភិបាលមិនមែនរើសអើង ឬប្រកាន់និន្នាការអ្វីឡើយ មហាជនមានជំនឿលើសាសនាណាក៏បានដែរ ហើយចំពោះសាមគ្គីភាពរវាងសាសនាព្រះពុទ្ធ សាសនាអ៊ិស្លាម និងសាសនាគ្រិស្តក៏ពុំដែលមានទំនាស់ជាមួយគ្នាឡើយ ។លោក Archbishop Giovanni d’Aniello បានកោតសរសើរស្នាដៃរបស់ក្រសួងធម្មការ និងសាសនាដែលមានការរីកចំរើនជាលំដាប់ ចំណែកសាសនាទាំងអស់ក៏មានសកម្មភាពរីកដុះដាល និងបានជួយបណ្តុះបណ្តាលចំណេះដឹងដល់កុមារតាំងពីទីក្រុងដល់ជនបទ។ ជាមួយនេះ លោកបានស្នើសុំឱ្យក្រសួងធម្មការ និងសាសនារក្សាចំណងសាមគ្គីភាពរវាងសាសនាមួយទៅសាសនាមួយ ឱ្យបានស្ថិតស្ថេរចីរកាល ៕