ខេត្តតាកែវ ៖ អ្នកអាណាព្យាបាលសិស្សដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាល័យជា ស៊ីម តាកែវ បាននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរនិងសមត្ថកិច្ចថា ហាក់បីដូចជាកំពុងតែបណ្តែតបណ្តោយឱ្យមានល្បែងគ្រប់ប្រភេទបើកលេងនៅមុខសាលារៀងរាល់ថ្ងៃ ធ្វើឱ្យកូនចៅរបស់ពួកគាត់គេចវេះមិនព្រមចូលរៀន គិតតែមកលេងហ្គេម និងបុកប៊ីយ៉ា បើតែយ៉ាងនេះ តើអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណា ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅទល់មុខវិទ្យាល័យជា ស៊ីម តាកែវ ក្នុងភូមិតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ បានឱ្យដឹងថា ល្បែងដែលធ្វើឱ្យកូនសិស្សគេចសាលាមិនព្រមចូលរៀន រួចនាំគ្នាមកលេងរាល់ថ្ងៃនេះនៅផ្ទះបើកហ្គេមទល់មុខសាលាឆ្លងថ្នល់១ដោយមានទូហ្គេមចំនួន ២០ទូ កំពុងតែបើកឱ្យសិស្សចូលលេងរៀងរាល់ថ្ងៃ ។ ឯនៅខាងត្បូងសាលាមានផ្ទះបើកលេងប៊ីយ៉ា និងផ្ទះបើកលេងបាល់ទះ ហើយទាំងព្រឹកទាំងល្ងាចគេសង្កេតឃើញមានកូនសិស្សគេចសាលាមិនព្រមចូលរៀនរៀងរាល់ថ្ងៃបានមក លេងបាល់ទះ បុកប៊ីយ៉ា ពិសេសលេងហ្គេមតែម្តង ។ ផ្ទះបើកហ្គេមនៅទល់មុខវិទ្យាល័យនោះ គេមិនដែលឃើញអាជ្ញាធរ ឬសមត្ថកិច្ចក្រុងណាចុះមកបង្ក្រាបទេ ។ប្រភពដដែលបានបន្តទៀតថា ទាំងល្បែងបុកប៊ីយ៉ា បាល់ទះ ហ្គេម និងល្បែងគ្រប់ប្រភេទដែលបានបើកលេងពង្វក់សិស្សសាលារាល់ថ្ងៃនេះ មានតែលោកអភិបាលខេត្តទេទើបអាចចាត់វិធានការបង្ក្រាប និងទប់ស្កាត់បាន ។ តាមប្រភពព័ត៌មានមួយទៀតបានឱ្យដឹងថា នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ មានកន្លែងលក់ដូរចំនួន២ដែលមានធ្វើជាក្យូសសំរាប់អង្គុយលេង គេឃើញសិស្សប្រុស-ស្រី ដែលគេចសាលាមិនចូលរៀន តែងបានណាត់គ្នាមកអោបថើបកៀកកើយគ្នាផងដែរ ៕