ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅចំណុច វ៉ើនខាវ ខាងច្រកទ្វារជើងទឹកព្រំដែនកម្ពុជា-ឡាវ រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ (ឡាវ) កាលពីថ្ងៃទី១០ មករា ។ មន្ត្រីប៉ូលិសប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា វត្ថុតាងបទល្មើសមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៩គ្រាប់ និងថ្នាំ ញៀន ICE ទឹកកកប្រភេទមេតំហ្វេតាមីនចំនួន២កញ្ចប់តូច ។ ចំណែកជនសង្ស័យជួញដូរគ្រឿងញៀនទាំង២នាក់នេះ ម្នាក់ឈ្មោះសោម ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងម្នាក់ទៀតឈ្មោះភិត ឃិត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ។គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះសោម ពៅ ហៅសោមប្រុស ឬពៅ ធ្លាប់ជាប់ពន្ធនាគារម្តងហើយពីបទសមគំនិតប៉ុនប៉ងធ្វើមនុស្សឃាតគិតទុកជាមុនក្នុងអំពើ ប្លន់ និងប្រើប្រាស់អាវុធខុសច្បាប់ ។ ជនទាំង២នាក់បានសារភាពថា ពួកខ្លួនពិតជាបានទៅទិញគ្រឿងញៀនទាំងនេះពីឈ្មោះសី ភេទស្រី ជាជនជាតិឡាវនៅណងប៉ា ខេត្តចំប៉ាសាក់ ក្រោយពីទិញហើយក៏ឆ្លងដែនត្រឡប់មកវិញ ។ មន្ត្រីប៉ូលិសបានឱ្យដឹងថា បន្ទាប់ពីឃើញអាកប្បកិរិយាពួកគេគួរឱ្យសង្ស័យសមត្ថកិច្ចក៏បានចាប់ឃាត់ធ្វើការត្រួត ពិនិត្យ ស្រាប់តែរកឃើញវត្ថុតាងបទល្មើសជាថ្នាំញៀនជាក់ស្តែង ទើបបញ្ជូនជនសង្ស័យទាំង២នាក់ និងវត្ថុតាងថ្នាំញៀន ព្រមទាំងរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ សាលាដំបូងខេត្តបានចេញដីកាឃុំខ្លួនជនសង្ស័យទាំង២នាក់នេះ ដាក់ពន្ធនាគារជាបណ្តោះអាសន្នដោយចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ។មន្ត្រីប៉ូលិសបានបន្តទៀតថា ក្នុងការកសាងសំណុំរឿងករណីនេះមានការយឺតយ៉ាវបន្តិច ដោយសារជនសង្ស័យឈ្មោះភិត ឃិត មានទីលំនៅ២ផ្សេងគ្នា ។ ទីលំនៅបច្ចុប្បន្នជាក់ស្តែង និងប័ណ្ណសំគាល់ខ្លួនជនជាតិខ្មែរ ដែលទទួលដឹងឮជាផ្លូវការពីអាជ្ញាធរថា ឈ្មោះភិត ឃិត គឺរស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ប៉ុន្តែលិខិតបើកផ្លូវឱ្យឆ្លងដែនទៅប្រទេសឡាវ លេខ០២៨ ធ្វើនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១១ ចេញដោយមន្រ្តីច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល បែរជាសរសេរថា ឈ្មោះភិត ឃិត នេះ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងទៅវិញ ។ករណីនេះគេមិនដឹងថា អ្នកសរសេរលិខិតបើកផ្លូវនេះមានបំណងយ៉ាងដូចម្តេចទេ បានជាចេះតែសរសេរបំពានលើអត្តសញ្ញាណប័ណ្ណជាក់ស្តែង បង្កឱ្យមានការស្មុគស្មាញក្នុងការកសាងសំណុំរឿងរបស់សមត្ថកិច្ច និងលំបាកក្នុងការតាមដានមុខសញ្ញាទៀតផង ។ គេបារម្ភថា ការសរសេរបន្លំលិខិតបើកផ្លូវបែបនេះ ធ្វើឱ្យជនទុច្ចរិតរកស៊ីគ្រឿងញៀនងាយស្រួលក្នុងការគេចវេះពីសមត្ថកិច្ច ៕