រាជធានីភ្នំពេញ ៖ សម្តេចអគ្គ​មហា​សេនា​បតីតេជោហ៊ុន សែន ​នាយករដ្ឋ​​មន្ត្រី​បាន​មាន​ប្រសាសន៍​​ដាក់បន្ទុក​ឆ្លើយតប​ខ្លាំងៗ​ថា ចំពោះ​​ពលរដ្ឋ​​ថៃ​៧​នាក់ ​ដែលកំពុង​ជាប់ឃុំ​ឃាំង​បណ្តោះ​អាសន្ន​​នៅពន្ធនាគារ​​ព្រៃ.ស ពីបទ​ចូល​ក្នុងទឹកដីកម្ពុជា​ខុសច្បាប់​​នោះនឹង​​មិនត្រូវ​​មាន​ការ​​លើក​​លែង​ណាមួយទេ បើទោះ​ជា​មានការ​ធ្វើ​អន្តរាគមន៍​​ឱ្យមានការ​ដោះលែង​​យ៉ាង​ណា​ក៏​ដោយ ​ព្រោះ​នេះជា​​ច្បាប់​...​​ច្បាប់គឺច្បាប់ ។​ សម្តេច​តេជោហ៊ុន សែន ​ប្រតិកម្ម​ចំពោះ​​​ទិដ្ឋ​ភាពផ្សេងៗទាក់ទង​នឹង​​ជនជាតិថៃ​៧​នាក់​ជា​ថ្មី​​ម្តង​ទៀត​នេះ​ ធ្វើឡើង​​កាលពី​ព្រឹក​​ថ្ងៃទី​​១០ មករា ​២០១១ នៅវិទ្យា​ស្ថាន​​ជាតិអប់រំ ​ខណៈ​អញ្ជើញ​​​ជាអធិបតី​​ភា​ពក្នុង​​ពិធី​ប្រគល់​​សញ្ញា​បត្រ​​ដល់​និស្សិត​​នៃវិទ្យាស្ថាន​​វណ្ណ​ដា ​ដោយ​មាន​ការ​​ចូល​រួម​​ពីមន្ត្រី​​ជាន់ខ្ពស់​​ជា​ច្រើននាក់​...។ ​សម្តេច​​តេជោ​​នាយករដ្ឋ​មន្ត្រី​បានលើកឡើង​ថា តាម​ដំណឹង​​លេច​ឮ​​មក​ថា មានគណបក្ស​​ភឿ​ថា ​និង​លោក​​ថាក់ស៊ីន ​ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋ​​​មន្ត្រីថៃ​ ចង់ធ្វើ​អន្តរាគមន៍​​...គឺ​មិន​​អាច​ទៅរួចទេ វា​​មិនមែន​ជារឿង​របស់​​រដ្ឋាភិបាល​​ឡើយ ​ហើយ​ឥឡូវនេះ​​​តុលាការ​​កំពុងដំណើរការ​​​ទៅតាម​​នីតិ​វិធី​​...​វាជារឿង​​របស់តុលាការ​​ គ្មាន​នរណា​​ម្នាក់ទៅ​បង្គាប់​​​​បញ្ជា​តុលាការ​​បានទេ ។​សម្តេច​​តេជោ​នាយករដ្ឋ​មន្ត្រី​​​បានសង្កត់​​ធ្ងន់​ថា ​ភាគី​ណា​ក៏ដោយ ក៏​មិន​​អាច​ធានា ឬ​អន្តរា​គមន៍​​បានដែរ​...​នៅស្ងៀម​​ជាជាង​ស្រដី ​ស៊ី​ចេក​ខ្ចី​​ជាជាង​​មាត់ទទេ...​អង្គ​តុលាការ​​គឺជា​​ស្ថាប័ន​​ឯក​រាជ្យ យើងមិនអាច​ទៅ​បង្គាប់​បញ្ជា​តុលាការ​​ម្តង​ថា ធ្វើ​អញ្ចេះ​ ម្តង​ថាធ្វើអញ្ចុះ​បានទេ ​ដូច្នេះ​អ្នក​​ឯង​​លុក​លុយ​ប្រទេស​កម្ពុជា​ខុសច្បាប់ ​គឺ​ត្រូវ​​ឱ្យ​​ច្បាប់​​ចាត់ការ...​នេះគឺជា​រឿង​របស់​តុលាការ ។​គួររំលឹក​ថា ជនជាតិសៀម​​៧​នាក់​ ​​មាន​​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​​កំពុង​កាន់អំណាច​របស់​លោក​អាប់ភីស៊ីត វ៉េ​ចាជី​វ៉ា ​ម្នាក់​ផង​នោះ​ត្រូវនាំខ្លួន​ត្រឡប់ទៅឃុំ​ឃាំង​នៅ​គុក​​ព្រៃ.ស​វិញ​​បន្ទាប់​ពី​ឡើង​តុលាការ​​កម្ពុជា​សំ រាប់​​ចៅក្រម​សាក​សួរ​លើ​កដំបូងកាលពី​ព្រឹក​ថ្ងៃទី​​៦ មករា ​រហូត​ដល់​​យប់​ ពីបទ​ចូល​លុក​លុយ​​ទឹកដី​កម្ពុជា​​ខុស​ច្បាប់​​​នោះ ពេលនេះ​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ​ថែម​ទៀត ខណៈ​​​ការ​​ឃុំខ្លួន​ពួកគេ​នឹង​ត្រូវអូស​បន្លាយ​​គ្មាន​ពេល​​កំណត់​​​ ឯ​ការ​ស្នើ​​​សុំ​​​អនុញ្ញាត​​នៅ​ក្រៅ​ឃុំ​ដោយ​​បង់​​ប្រាក់ធានា​​នោះ​ហាក់​ដូច​​ជា​គ្មាន​​សង្ឃឹម​​ទាល់ត ែ​សោះ​។ ការឆ្លង​​ចូលទឹកដីកម្ពុជា​​ដោយចេតនា​ ឬ​អចេតនា​ក៏ដោយ ​មិនមែន​​ជនជាតិថៃ​​ទាំង​៧​នាក់​នោះ​មិន​​ដឹងថា ខ្សែបន្ទាត់ព្រំដែន​​នៅត្រង់​​ណា​នោះទេ ព្រោះ​​ថា មានបង្គោល​សីមា​លេខ​៤៦ ​និង​​៤៧ បង្ហាញ​​យ៉ាង​ជ្រងរៗ ហេតុអ្វីពួកគេ​​មិន​ប្រុង​ប្រយ័ត្ន​​​? នេះ​គឺ​មកពីពួកគេ​​ប្រព្រឹត្ត​​ទាំង​បំពាន​​មក​លើ​​ទឹកដីកម្ពុជា​​យ៉ាង​គឃ្លើន​​តែម្តង ។​គេ​បានកត់​សំគាល់​ថា ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​សួរ​ចម្លើយ​ ជនជាតិ​សៀម​ទាំង​៧​នាក់​​នេះ​បង្ហាញ​​នូវ​​អាកប្បកិរិយា​មួយ​ ដែល​ខ្មែរ​យើង​ហៅ​ថា ​«​ឈ្លើយណាស់​»​ និយាយ​ស្តី​គ្មាន​ការ​គួរសម​ក្នុង​នាម​ជា​មនុស្ស ​​មាន​សុជីវធម៌​​សោះ ។ ដំណើរ​ការ​នាំ​ខ្លួន​​ជន​​ជាប់​​ចោទ​ជនជាតិ​សៀម​ទាំង៧​​នាក់​នេះ​ ក៏​មាន​ការ​តាម​ដាន​យ៉ាង​ដិត​ដល់​ពីឯក​អគ្គ​រាជទូត​​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​ផងដែរ ។ ភាពខុស​ប្លែ​កគ្នា​​រវាង​ចំណាត់​ការ​របស់​តុលាការ​​ថៃ និង​កម្ពុជា​ត្រូវបាន​គេ​មើលឃើញ​​ថា ជនជាប់​​ចោទ​​កម្ពុជា ដែលតុលាការ​​​ថៃ​ហៅមក​​សាក​សួរ​ ឬបើក​សវនាការ​​គឺសុទ្ធ​​តែដាក់ខ្នោះដៃ ​និង​ច្រវាក់​ជើង...​ចំណែក​​ជន​​ជាប់ចោទ​ថៃ​​វិញ ពេល​តុលាការ​​កម្ពុជាហៅ​មកសាកសួរ​​ ឬ​បើក​សវនា​ការ​​ គឺ​ដើរ​​បង់បោយ​​ឱ្យរំភើយ គ្មានដាក់​ខ្នោះ​​ច្រវាក់​​អ្វីទេ​... ដូចយើង​​ឃើញ​រូបភាព​​នេះ​ជាក់​ស្តែង​ហើយ ។​សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​​កំលាំង​​ការពារព្រំដែន​ជួរមុខ​ចាប់​​​ឃាត់ខ្លួន​​ ខណៈ​​ពួក​​​គេ​​​ចូលលុកលុយ​​ក្នុង​​ទឹ​កដី​​កម្ពុជា​​​​ដោយ​ខុស​ច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទ ីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០ ស្ថិត​​ក្នុងភូមិ​​​ជោគជ័យ ឃុំ​​អូរបីជាន់ ស្រុកអូរជ្រៅ ​ខេត្ត​​បន្ទាយមានជ័យ៕ ​