ខេត្ត​មណ្ឌល​គិរី ៖ ​មន្ទីរ​កសិ​កម្ម​​ខេត្ត​មណ្ឌល​គិរី បាន​ធ្វើយុទ្ធ​នា​ការ​​​ផ្សព្វ​ផ្សាយ​ទប់​ស្កាត់​​ការ​រាល​ដាល​​នៃ​ជំងឺ​ផ្តា​សាយ​បក្សី និង​មនុស្ស​ដោយ​​សហ​ការ​ជា​មួយ​អង្គ​ការ​ឌីភីអេ (DPA) និង​ការិយា​ល័យ​​ផលិត​​កម្ម​បសុ​​ព្យា​បាល​ (គំរោង A.H.I.C.P.E.P) កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១០ នៅ​ក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ។ ​ការ​ផ្សព្វ​ផ្សាយ​នេះ​​មាន​ការ​​ដង្ហែ​ជា​ក្បួន​​ដោយ​មាន​ប្រជា​ពល​រដ្ឋ​ចូល​រួម​​ចំនួន​១១៧​នាក់ ​និង​មាន​ការ​គាំទ្រ​ពី​អាជ្ញា​ធរ​ដែន​ដី ភូមិ ឃុំ ស្រុក ខេត្ត កង​កំលាំង​ប្រដាប់​អាវុធ​​​មាន​មន្ត្រី​នគរ​​​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​ ។លោក​ប៊ូ សុវុធ ប្រធាន​​មន្ទីរ​កសិ​កម្ម​ខេត្ត​មណ្ឌល​គិរី បាន​​​ឱ្យ​ដឹង​ថា យុទ្ធ​នា​ការ​ផ្សព្វផ្សាយ​នេះ មាន​ការ​​ប្រើ​ប្រាស់​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​​មួយ​ចំនួន​ដែល​​​ពាក់​ព័ន្ធ​ជា​មួយ​ជំងឺ​ផ្តាសាយ​ប ក្សី និង​មនុស្ស ​ដូច​ជា​​យើង​ត្រូវ​លាង​ដៃ​នឹង​សាប៊ូ​​បន្ទាប់​ពី​​ប៉ះ​ពាល់​បក្សី ត្រូវ​ចិញ្ចឹម​មាន់​​ និ​ងទា​ដាក់​ក្នុង​​ទ្រុង​ដាច់ដោយ​ឡែក​​ពី​គ្នា​ ​កើប​សំអាត​​លាមក​ចេញ​ពី​ទ្រុង ​​ត្រូវ​ដាក់​​មាន់ និង​ទា​​ចាស់​ថ្មី​​ឱ្យ​ដាច់​ពី​គ្នា​រយៈ​១៤​ថ្ងៃ។ ម្យ៉ាង​ទៀត​បើ​មាន​សត្វ​មាន់​ ទាឈឺ ឬ​ងាប់​​ដោយ​សារ​ជំងឺ​យើង​ត្រូវ​ស្វែង​​យល់​ពី​ជំងឺ​ផ្តាសាយ​​បក្សី ព្រោះ​វា​អា​ច​ឆ្លង​ទៅ​​មនុស្ស​បាន ។លោក​ប៊ូ សុវុធ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ​បន្ទាប់​​ពី​ការ​ហែ​ក្បួន​នេះ ​​មន្ទីរ​កសិ​កម្ម និង​ការិយា​ល័យ​ផលិត​​កម្ម​ និង​បសុព្យា​បាល (គំរោង A.H.I.C.P.E.P) បាន​រៀប​ចំ​វេទិការ​​សំ​ណួរ-ចម្លើយ​នៅ​ក្នុង​ទី​ស្នាក់​ការ​​អង្គ ការ​ឌីភី​អេ ដើម្បី​ឱ្យ​សិស្សានុ​សិស្ស​​ ប្រជា​ពល​រដ្ឋ​ដែល​​ជាជន​​ជាតិ​ភាគ​តិច​ព្នង និង​​ភ្នាក់​ងារ​សត្វ​ភូមិ​​បាន​សួរ​សំណួរ​ជា​ច្រើន​​​ពាក់​ព័ន្ធ​ទៅ​នឹង​ជំងឺ​ផ្តាសាយ​បក្សី ជំងឺ​សត្វ​​ទូទៅ​ ជា​ពិសេស​ជំងឺ​សត្វ​គោ ក្របី ហើយ​​សំណួរ​ទាំង​អស់​នោះ ត្រូវ​​បាន​មន្ត្រី​​​ជំនាញ​នៃ​មន្ទីរ​​​កសិ​កម្ម​ខេត្ត​ឆ្លើយ​បំភ្លឺ​យ៉ាង​ក្បោះ​ក្បាយ​ និង​បាន​​ផ្តល់​អនុ​សាសន៍​ជាច្រើន​​ជូន​ប្រជា​ពល​រដ្ឋ​ ​ដើម្បី​​យក​ទៅ​អនុ​វត្ត​​តាម​មូល​ដ្ឋាន​រប​ស់​ពួក​គាត់ ៕