នគរបាលខេត្តរតនគិរី នៅថ្ងៃទី១៤ ខែកញ្ញា ២០១២នេះ កំពុងបន្តសួរចម្លើយជនសង្ស័យ២នាក់ប្តីប្រពន្ធ ទាក់ទងការស្លាប់អ្នកកាសែតវរជនខ្មែរ ដែលត្រូវបានគេសម្លាប់កាលពីដើមសប្តាហ៍នេះ។
មន្ត្រីនគរបាលខេត្តរតនគិរី បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យខាងលើ ដែលនគរបាលកំពុងដំណើរការសួរចម្លើយ ឈ្មោះ អ៊ាន ប៊ុនហេង ហៅអេង ជាមន្ត្រីអាវុធហត្ថខេត្ត និងប្រពន្ធឈ្មោះស៊ឹម វី នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតនគិរី។
ប្រភពពត៌មានពីខេត្តរតនគិរីឲ្យ ដឹងថា តាមរយះការស្រាវជ្រាវរយះពេល៣ថ្ងៃកន្លងមក និងភស្តុតាង ដែលរកឃើញនៅខាងក្រៅផ្ទះជនសង្ស័យខាងលើ នគរបាលបានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី១៣ ខែកញ្ញា ២០១២។

ប្រភពខាងលើបន្តថា ការឈានទៅចាប់ខ្លួនជនទាំង២ខាងលើ គឺដំបូងឡើយគេរកឃើញស្បែកជើងជនរងគ្រោះ គឺលោក លោកហង្ស សិរីឧត្ដម អ្នកយកព័ត៌មានកាសែត វរជនខ្មែរ ប្រចាំខេត្ដរតនគិរី នៅក្នុងផ្ទះមួយ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ២០១២ និងបន្ទាប់មករកឃើញ កម្រាលពូក មួយផ្ទាំង ប្រឡាក់ដាមដោយឈាមធុំក្លិនឆ្អាបស្អុយត្រាំទឹកចោលនៅខាងក្រោយ ផ្ទះ ជនសង្ស័យ នាំឲ្យសមត្ថកិច្ចធ្វើការកំណត់មុខសញ្ញានិងចាប់ខ្លួនតែម្តង។
សូមបញ្ជាក់ថា លោក ហង្ស សិរីឧត្តម អាយុ៤៤ឆ្នាំ ជាអ្នកយកពត៌មាន កាសែតវរជនខ្មែរ បានបាត់ខ្លួននៅយប់ថ្ងៃទី៩ កញ្ញា ២០១២។ លុះ៣ថ្ងៃក្រោយ គឺនៅ ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ គេបានប្រទះឃើញសាកសពលោក នៅក្នុងឃ្លុបឡានរបស់លោក បន្ទាប់ពីមានអ្នកភូមិជនជាតិភាគតិចក្នុងភូមិធួយអម្ពិល បានផ្តល់ដំណឹងដល់ក្រុមអ្នកកាសែត និងសមត្ថកិច្ចថា បានឃើញរថយន្តកាមរីមួយគ្រឿងចតចោលនៅក្នុងចម្ការស្វាយ ចន្ទី ហើយក្រុមអ្នកតាមរកក៏បានទៅកាន់ទីនោះទើបស្គាល់ថា ជារថយន្តរបស់លោក ហង្ស សេរីឧត្តម មែន។
ប្រពន្ធលោក ហង្ស សិរីឧត្តម អ្នកស្រី ចន្ធី អាយុ២៨ឆ្នាំ ដែលមានផ្ទៃពោះ៧ខែ ដែលមានទីលំនៅក្នុងភូមិមួយ សង្កាត់ឡាបានសៀក ក្រុងបានលុង បានឲ្យដឹងថា លោក ហង្ស សិរីឧត្តម បានបាត់ខ្លួនតាំងពីម៉ោង ៧យប់ ថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១២ ដោយពុំដឹងជាទៅទីណា ក្រោយពីមានទូរស័ព្ទហៅទៅជួប។
មកទល់ថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១២ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ សមត្ថកិច្ចនៅតែបន្តសាកសួរ ទៅតាមនិតិវិធី និងប្រមូលភស្តុតាងបន្ថែម ហើយនៅមិនទាន់មានពត៌មានផ្លូវការថា ជនសង្ស័យខាងលើជាឃាតករពិត និងមានអ្នកណាខ្លះជាប់ពាក់ព័ន្ធនៅឡើយទេ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ NKW