រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដោយសារធ្វើដំណើរឆ្លងវិថីនេហ៍រុក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ត្រូវរថយន្តបុកកាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១១។ ស្រ្តីរូបនោះគេពុំស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជា៥៥ឆ្នាំ ស្លៀកពាក់ខោអាវឈុតពណ៌លឿងលាយផ្កាខៀវ និងពាក់អាវរងាពណ៌ទឹកប៊ិចពីក្រៅ។ មន្ត្រីប៉ូលិសខណ្ឌទួលគោកឱ្យដឹងថា នៅវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១ ខែមករា ស្ត្រីរូបនោះត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក និងស្លាកលេខបើកបុកនៅតាមវិថីនេហ៍រុ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ពេលគាត់ដើរឆ្លងផ្លូវ។ រថយន្តនោះបានបើកគេចបាត់ភ្លាម។ ឯស្រ្តីរងគ្រោះត្រូវរថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដោយសារតែបោកក្បាលខ្លាំង នៅវេលាម៉ោង១១ និង៣០នាទីយប់ គាត់បានស្លាប់ទៅ។ សពបានតំកល់នៅសាលមន្ទីរពេទ្យដើម្បីរង់ចាំក្រុមគ្រួសារទៅទទួលយក ៕