ខេត្តពោធិ៍សាត់ ៖ ដោយមានការសង្ស័យនិងមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋផងនោះ នាព្រឹកថ្ងៃទី១៦ មករា ២០១១ សមត្ថកិច្ចចំរុះមួយក្រុមរួមមានមន្ត្រីមេព្រៃ កងរាជអាវុធហត្ថនគរបាល និងមេភូមិ ដឹកនាំដោយលោកយូ យឺននី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ស្តីទី បានចុះទៅធ្វើការឆែកឆេរផ្ទះឈ្មួញឈើ២ផ្ទះនៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។ ផ្ទះឈ្មួញឈើទី១-ឈ្មោះមាស ចន្ទ្រា ភេទស្រី អាយុ២៩ឆ្នាំ មានប្តីឈ្មោះងួន ឡុង ជាមន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ។ ម្ចាស់ផ្ទះទី២-ឈ្មោះភុំ ប្រសើរ ភេទប្រុស អាយុ៥៤ឆ្នាំ ។ ក្នុងការឆែកឆេរនេះ សមត្ថកិច្ចបានរកឃើញឈើគ្រញូងជាច្រើនកំណាត់ ប៉ុន្តែមិនទាន់បូកសរុបដឹងចំនួនភ្លាមទេ ព្រោះកំពុងបន្តយុទ្ធនាការឆែកឆេរផ្ទះឈ្មួញដទៃទៀត ។ស្ត្រីឈ្មោះមាស ចន្ទ្រា ឆ្លើយថា ឈើទាំងអស់គ្នានោះគេយកមកផ្ញើ ប៉ុន្តែមិនស្គាល់ឈ្មោះទេ ហើយក៏មិនដឹងគេនៅឯណាដែរ ។ ចំណែកម្ចាស់ផ្ទះឈ្មោះភុំ ប្រសើរ មិននៅផ្ទះទេ ព្រោះផ្ទះនោះជួលឱ្យសិស្សសាលាស្នាក់នៅ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីនោះឱ្យដឹងថា ផ្ទះទាំងពីរខាងលើជាបងប្អូនសាច់ញាតិនឹងគ្នា ហើយគេតែងឃើញរថយន្តចេញចូលញឹកញាប់ណាស់ ពិសេសនៅពេលយប់ ។ បើសិនជាសមត្ថកិច្ចមកឡោមព័ទ្ធម្សិលមិញវិញ ប្រហែលជាមានឈើគ្រញូងលាក់ទុកច្រើនជាងនេះទៀត ព្រោះពួកគេបានរំដោះចេញផុតមួយចំនួនធំហើយ។មន្ត្រីសមត្ថកិច្ចឱ្យដឹងថា ទោះបីម្ចាស់ផ្ទះទាំងពីរខំប្រឹងឆ្លើយពង្វាងដាន ឬដោះសារយ៉ាងណាក៏ដោយ ក៏គេស្គាល់មុខសញ្ញាអស់ហើយ ហើយយើងកំពុងតែស្រាវជ្រាវប្រមូលភស្តុតាងដើម្បីដាក់បន្ទុកធ្វើការចោទប្រកាន់ជនទាំ ងនោះឈានទៅធ្វើការឃាត់ខ្លួននាំយកទៅផ្តន្ទាទោសតាមច្បាប់ ។ សូមសួរថា បើមិនដឹង មិនស្គាល់មុខ ឬឈ្មោះអ្នកផ្ញើអីវ៉ាន់ ដូចជាឈើគ្រញូងនេះជាដើម ហេតុអ្វីហ៊ានទទួលបញ្ញើពីគេ?