ខេត្តប៉ៃ​លិន ៖ ​លំនៅ​ឋាន​​ចំនួន​៥​ខ្នង ត្រូវ​ព្រះអគ្គី​ឆាប​ឆេះ​អស់គ្មាន​សល់​កាលពី​វេលា​ម៉ោង​១ និង​៥០​នាទី​រសៀល​ថ្ងៃទី៥​ មករា នៅភូមិ​ប៉ា​ហ៊ីខាង​ត្បូង សង្កាត់ប៉ៃ​លិន ក្រុង​ប៉ៃ​លិន ។ សមត្ថ​កិច្ច​​និងសាក្សី​ជា​ច្រើន​សង្ស័យ​ថា អគ្គីភ័យបង្ក​ឡើង​​​ដោយ​ម្ចាស់​ផ្ទះ​មួយបើក​ចង្ក្រាន​ហ្គាស​​ចោល ។ ​លោកអ៊ុំ សុផាន ស្នង​ការ​​រងខេត្តប៉ៃលិន​​បាន​ថ្លែង​ថា ភ្លើងឆាបឆេះ​ដំបូង​ពីផ្ទះ​មួយ​របស់​ឈ្មោះ​​ណុល វាសនា ភេទស្រី អាយុ​៣៣​ឆ្នាំ ​​នៅ​ផ្សារ​ប៉ា​ហ៊ី ។ សាក្សី​ជាច្រើន​​​បានឃើញ​ភ្លើង​​ឆាបឆេះ​​ចេញ​ពីចង្ក្រាន​ហ្គាសនៅ​ផ្ទះ​ស្ត្រី​ឈ្មោះ​វាសនា ​ភ្លេច​បិទ ។ ទោះជា​យ៉ាងណាក្តី ​ម្ចាស់​ផ្ទះ​នេះ​បាន​ព្យា​យាម​​បដិសេធ​​ ហើយ​អះ​អាង​ថា គឺ បណ្តាល​មក​ពី​ការ​ទុស្សេ​ខ្សែភ្លើង​នៅ​ក្នុង​ផ្ទះ​ទៅ​វិញ ។​បើ​តាម​សាក្សី​​ដែល​ឃើញ​ផ្ទាល់​​ភ្នែក​​ប្រាប់​កោះ​សន្តិ​ភាព​ពីកន្លែង​​កើត​ហេតុ​​ថា មនុស្ស​ជា​ច្រើន​បាន​ឃើញ​​អណ្តាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ចេញ​ពី​ចង្ក្រាន​​ហ្គាស​ក្នុង​ផ្ទះ​​របស់ស្ត្រីឈ ្មោះវាស​នា ​ក្នុង​គ្រា​ម្ចាស់​ផ្ទះ​កំពុង​សំរាន្ត​លក់ពេលថ្ងៃ ។ ម្ចាស់​ផ្ទះ​បានដឹង​នៅពេល​អ្នក​ភូមិ​ស្រែក​ផ្អើល​ឆោឡោ​ឡើង ។​ ទោះ​បីជា​បែបណាក្តី ម្ចាស់​​ផ្ទះ​ឈ្មោះ​ណុល វាសនា ​ប្រាប់​សមត្ថកិច្ចថា អគ្គីភ័យ​មិន​បណ្តាល​មក​ពី​ភ្លើង​​ចង្ក្រាន​ហ្គាស​របស់​គាត់​នោះ​ទេ គឺ​បណ្តាល​មកពី​​ទុស្សេ​ខ្សែ​ភ្លើង​ក្នុង​ផ្ទះ​គាត់​។លោក​អ៊ុំ សុផាន ស្នងការ​រងខេត្ត​ប៉ៃលិន​​បញ្ជាក់​ប្រាប់​តាមទូរស័ព្ទ​ថា លោក​​បាន​បញ្ជា​ឱ្យសមត្ថ​កិច្ច​បញ្ចេញ​រថ​យន្ត​ពន្លត់​អគ្គី​ភ័យ​ចំនួន២គ្រឿង​ទៅ​ជួយ​ពន្លត់​ភ្លើង​ ។ ភ្លើងបានឆាប​ឆេះ​យ៉ាងគំហុក​ក្នុងរយៈ​ខ្លី ប៉ុន្តែ​សំណាងល្អ ​រថយន្ត​ពន្លត់​អគ្គី​ភ័យ​​បានទៅ​ជួយ​ទប់ស្កាត់​កុំឱ្យ​ភ្លើង​ឆេះ​រាល​ដាល​ទៅផ្ទះ​ផ្សេងៗ​ទៀត ។ លោក​ស្នង​ការ​រង​បញ្ជាក់​ទៀតថា លំ​នៅ​ឋាន​​ធ្វើពីឈើ​ចំនួន​៥​ខ្នងបានក្លាយ​ជា​ផេះ ហើយ​ទ្រព្យ​សម្បត្តិ​តិចតួច​ណាស់​ដែល​ម្ចាស់​ផ្ទះ​​រំដោះ​បាន ប៉ុន្តែ​មិនបណ្តាល​ឱ្យគ្រោះ​ថ្នាក់​​ដល់​មនុស្សទេ​ ។ សមត្ថ​កិច្ច​កំពុង​ធ្វើកំណត់ហេតុ​អំពីការ​ខូច​ខាត​នេះហើយ ៕