ខេត្តបាត់ដំបង ៖ ជនក្លែងបន្លំជាសង្ឃម្នាក់ និងម្នាក់ទៀតធ្វើកូនសិស្ស រួមជាមួយអ្នកឌុបម៉ូតូម្នាក់ផងបានត្រូវកំលាំងនគរបាលមូលដ្ឋានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១ ៥ មករា ខណៈក្រុមជននេះក្លែងបន្លំដើរបិណ្ឌបាតប្រាក់ពីប្រជាពលរដ្ឋនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ដែលដំបូងឡើយគេសង្ស័យថា ជាក្រុមចោរប្លន់ផង ។ នាយប៉ុស្តិ៍នគរបាលឃុំចែងមានជ័យ លោកទីវ ចន្ទរិទ្ធ បានឱ្យដឹងថា ក្រុមជនក្លែងបន្លំទាំង៣នាក់នោះ រួមមាន១-ឈ្មោះអ៊ី កូយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (ក្លែងធ្វើសង្ឃ), ២-ឈ្មោះនី វី ហៅវីត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ធ្វើកូនសិស្ស) និង៣-ឈ្មោះហេង សំអុន ហៅកាំង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង(អ្នកឌុបម៉ូតូ) ។លោកនាយប៉ុស្តិ៍បានថ្លែងថា អ្នកភូមិបានរាយការណ៍អំពីក្រុមក្លែងបន្លំនេះ នៅពេលដែលគេប្រទះឃើញក្រុមនេះដើរសុំប្រាក់ពីអ្នកភូមិក្នុងសកម្មភាពគួរឱ្យសង្ស័យ ទើបកំលាំងរបស់លោកចេញអន្តរាគមន៍ឃាត់ខ្លួនតែម្តង ។ ក្រោយពីត្រូវឃាត់ខ្លួន ជនឈ្មោះអ៊ី កូយ ដែលបន្លំពាក់ស្បង់ចីវរធ្វើជាសង្ឃសារភាពថា ខ្លួនបានទិញស្បង់ចីវរនេះពីក្មេងរើសអេតចាយម្នាក់ ហើយបន្លំធ្វើជាសង្ឃ ដោយលើកទី១ ពួកខ្លួនទាំង៣នាក់ទៅបោកប្រាស់គេនៅខេត្តបន្ទាយមានជ័យ លើកទី២ ទៅបោកប្រាស់គេនៅស្រុកបវេល លុះលើកទី៣ចុងក្រោយនេះក៏ត្រូវអស់លក្ខណ៍នៅឃុំចែងមានជ័យ ស្រុកបាណន់តែម្តង ។តាមប្រជាពលរដ្ឋនៅស្រុកបាណន់និយាយថា ដំបូងគេឃើញសកម្មភាពក្រុមនេះហាក់ដូចជារារែកៗនៅពេលចូលទៅសុំលុយពីអ្នកភូមិ ហើយមើលទៅមិនគួរឱ្យជឿថា ពួកគេជាមនុស្សល្អ រីឯម្នាក់បន្លំធ្វើជាសង្ឃនោះក៏មានទឹកមុខ និងភ្នែកក្រឡិបក្រឡាប់ដូចចោរដែរ ។ ដូច្នេះហើយទើបអ្នកភូមិសង្ស័យគ្រាដំបូងថា ពួកគេជាសមាសភាពក្រុមចោរប្លន់ផង ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្តងទៅ ។ ទោះបីជាបែបណា មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិយាយថា ក្រុមជនក្លែងបន្លំទាំង៣នាក់នេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី ១៧ មករា ៕