រាជធានីភ្នំពេញ ៖ យោងតាមមន្រ្តីសាលាក្តីខ្មែរក្រហមឲ្យដឹងថាសាលាក្តីគម្រោង ការបើកសវនាការជម្រះទោសសំណុំរឿង០០២ នៅខែមិថុនា ឆ្នាំ២០១១ ។ ក្នុងសំនុំរឿង០០២មានជនជាប់ចោទ៤រូបគឺលោក អៀង សារី លោក ខៀវ សំផន លោក នួន ជា និងលោកស្រី អៀង ធីរិទ្ធ ។ សាលាក្តីបន្តថាដើមបណ្ដឹងសំណុំរឿង០០២ ចំនួន២.១២៤នាក់ កំពុងចង់ដឹង និងចង់បានសំណងជំងឺចិត្តជាក់ស្ដែង ចំពោះអ្វីដែលពួកគាត់បានរងគ្រោះនៅក្នុងរបបខ្មែរក្រហមកន្លងមក នៅគ្រាដែលសំណុំរឿង ០០២ នឹងផ្ដើមជម្រះទោសនៅខែមិថុនា ឆ្នាំ២០១១ ខាងមុខ ។ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមមកពីខេត្តកំពត និងខេត្តកំពង់ចាម ថតរូបអនុស្សាវរីយ៍ជាមួយមន្ត្រីសាលាក្ដីខ្មែរក្រហម នៅសាលសវនាការនៃសាលាក្ដីខ្មែរក្រហម នារាជធានីភ្នំពេញ ។ស្របពេលជាមួយគ្នានេះដែរអង្គភាពគាំពារជនរងគ្រោះនៅ ក្នុងរបបខ្មែរក្រហមនៃសាលាក្ដីខ្មែរក្រហម មានគម្រោងការបើកវេទិកាថ្នាក់តំបន់សំខាន់មួយ លើកទី២ នៅក្នុងខេត្តកំពត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១ ខាងមុខនេះ ដើម្បីពិភាក្សាផ្ដោតលើការទាមទារសំណងជំងឺចិត្តនៅក្នុងសំណុំរឿង ០០២ ដែលនឹងចាប់ផ្ដើមបើកការជម្រះទោសលើអតីតមេដឹកនាំក្នុងរបបខ្មែរ ក្រហមជាន់ខ្ពស់ មានលោក អៀង សារី លោក ខៀវ សំផន លោក នួន ជា និងលោកស្រី អៀង ធីរិទ្ធ នៅខែមិថុនា ឆ្នាំ២០១១ ខាងមុខ ។ដើមបណ្ដឹងរដ្ឋប្បវេណីសំណុំរឿង ០០២នេះ មានចំនួន ២.១២៤នាក់ នៅក្នុងនោះមានជនជាតិខ្មែរ ជនជាតិចាម ខ្មែរកម្ពុជាក្រោម និងជនជាតិវៀតណាម ដែលជាជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម កាលពីចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ កន្លងទៅ ។ គេនៅចាំបានថាសាលាក្តីបានបើកវេទិកាថ្នាក់តំបន់លើក ទី១ បានធ្វើទ្បើងនៅក្នុងខេត្តក្រចេះ និងវេទិកាលើកទី២នេះ នៅក្នុងខេត្តកំពត និងមានប្រជាពលរដ្ឋចំនួន ៣៥០នាក់ចូលរួមមកពីខេត្តចំនួន៥ ក្នុងនោះមានខេត្តកែប ខេត្តកំពត ខេត្តតាកែវ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលនឹងបានជួបជាមួយព្រះរាជអាជ្ញា ចៅក្រម និងមន្ត្រីរដ្ឋបាលនៃសាលាក្ដីខ្មែរក្រហម តំណាងស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតបារាំង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១ ខាងមុខនេះ។មន្ត្រីសាលាក្តីបន្តថា នៅក្នុងសំណុំរឿង០០១ របស់ ឌុច មេគុកទួលស្លែង គឺមានដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៩០នាក់ បើធៀបទៅនឹងសំណុំរឿង០០២ មានដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២.១២៤នាក់ គឺសំខាន់បំផុតគឺថា ការបណ្ដុះបណ្ដាលបងប្អូនដែលជាដើមបណ្ដឹងរដ្ឋប្បវេណីនៃសំណុំរឿង០០២ គាត់ត្រៀមខ្លួន ដើម្បីចូលរួមនៅក្នុងសំណុំរឿង០០២ តើគាត់ត្រូវត្រៀមលក្ខណៈយ៉ាងដូចម្ដេចក្នុងនាមគាត់ជាដើមបណ្ដឹង រដ្ឋប្បវេណី? តើសហការជាមួយខាងមេធាវីដើមបណ្ដឹង រដ្ឋប្បវេណី។មន្ត្រីសម្របសម្រួលនៃអង្គភាពគាំពារជនរងគ្រោះ លោក អ៊ឹម សុភា បានមានប្រសាសន៍ថា កន្លងមកដើមបណ្ដឹងរដ្ឋប្បវេណីសំណុំរឿង០០២នេះ បានដាក់សំណុំឯកសារទាមទារសំណងជំងឺចិត្តចំនួន ៤ប្រភេទ មានដូចជា ទី១ ការអប់រំ ទី២ ឯកសារកត់ត្រាទុក ទី៣ ការធ្វើឲ្យមានការចងចាំជាទូទៅ និងទី៤ ការស្ដារនីតិសម្បទាផ្លូវចិត្ត ឬវិបត្តិផ្លូវចិត្តដល់ជនរងគ្រោះ ៕