ខេត្តព្រះវិហារ ៖ ​បុរស​ជនជាតិ​ខ្មែរ​​ចំនួន​​៨​នាក់ ​ត្រូវបាន​អាជ្ញាធរ​ខ្មែរ​​ឃាត់ខ្លួន​​យកមកធ្វើ​​​​កា​រអប់រំណែនាំ ​ខណៈ​ពួក​​គេទាំង​៨​នាក់នោះ​បាន​ព្យាយាម​​​​​ឆ្លងដែនទៅស៊ីឈ្នួល​កាប់ឈើ​គ្រញូង​នៅក្នុងទឹកដី​ថៃ កាលពីវេលាម៉ោង​​៧​និង​​៤៥​នាទីយប់​ថ្ងៃចន្ទ ទី​១០ មករា ​កន្លងមក​នេះ ស្ថិត​នៅ​​ត្រង់ចំណុច​​កំពស់​​៧៦៦​ម៉ែត្រ ​លើ​ដង​ភ្នំ​ដង​រែក ​ខាងកើត​​ច្រកអានសេះ ក្នុងភូមិជាំ​ក្សាន្ត​ ស្រុកជាំ​ក្សាន្ត ។ បើ​តាម​​អ្នកយកព័ត៌មាន​​​​កោះសន្តិភាព​​ប្រចាំ​ខេត្តព្រះវិហារ​​​បាន​ឱ្យ​ដឹង​ទៀត​ថា ​​ប្រជាពលរដ្ឋ​​​ខ្មែរទាំង​​៨​នាក់នោះ ​មានទីលំនៅ​ក្នុង​ភូមិ​-ឃុំ​ខាង​លើ ​ហើយបច្ចុប្បន្ន​​​​ត្រូវបានអាជ្ញាធរ​​​​អនុញ្ញាត​​ឱ្យ​​វិលត្រឡប់​ទៅកាន់​លំនៅ​ឋានវិញអស់ហើយ ​បន្ទាប់ពី​​បាន​បញ្ជូន​ទៅកាន់​អធិកា​រដ្ឋាន​នគរ​បាលស្រុក​​​ជាំក្សាន្ត ដើម្បី​សាកសួរ​ព័ត៌មាន​ និង​ធ្វើការ​​អប់រំណែនាំ​​នោះរួចមក ​​។ ក្រោយ​ពី​​ធ្វើ​​ការ​សាកសួរ​ព័ត៌មាន​​ពីប្រជាពលរដ្ឋ​​ខ្មែរ​ទាំង​​៨​នាក់​​នោះ​​ ​សមត្ថកិច្ច​​​​កំពុង​បើកការ​​ស៊ើបអង្កត​​បន្ត ​ដើម្បី​​ឈានទៅ​ឃាត់​​ និងចាប់​ខ្លួន​​ថៅកែ​អារឈើ​ជនជាតិខ្មែរ ដែលល្បួង​​​ប្រជា​ពលរដ្ឋ​​ខាងលើ​ឱ្យទៅ​ស៊ីឈ្នួល​​កាប់ឈើគ្រញូង​។​គួរបញ្ជាក់​​ថា ការឃាត់ខ្លួន​​ប្រជាពលរដ្ឋ​​ខ្មែរ​ទាំង​​៨​នាក់​​យកមកធ្វើ​ការ​អប់រំ​​ពីសំណាក់​​អាជ្ញា​ធរ​​​ខ្មែរ​​នាពេ លនេះ ​ធ្វើឡើង​​បន្ទាប់ពី​មានប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​​នាក់​ត្រូវបាន​ទាហាន​ព្រំដែន​ថៃ​បាញ់​​សំលាប់​​ជា​ បន្តបន្ទាប់ ខណៈ​ពេល​កំពុង​ឆ្លង​​ដែន​ចូលទៅកាប់ឈើប្រណីត​​ក្នុងទឹកដីថៃ ។ ជាពិសេស​​ការឃាត់ខ្លួន​​នេះផងដែរ ធ្វើឡើង​​បន្ទាប់ពី​​ប្រជាពលរដ្ឋ​​ខ្មែរ​ចំនួន​២នាក់​​ត្រូវបាន​ទាហាន​​​ព្រំដែន​ថៃ​ចាប់ខ្លួន​នៅ​ចំណុច​​ ទីតាំង​​ខាង​លើ ​និងបានបញ្ជូន​ទៅតុលាការ​​​ខេត្ត​អ៊ូប៊ុន ​ដើម្បីកាត់​ទោស​ពីបទ​ឆ្លងដែន​​ចូលទឹកដី​​ថៃ​ ដោយ​​ខុសច្បាប់​​​កាលពីរសៀលថ្ងៃទី​២៩ ធ្នូ ​ឆ្នាំ​២០១០ ​កន្លង​មកនេះ ៕