រាជធានីភ្នំពេញ​ ៖ ព្រឹក​ថ្ងៃ​ទី​៤ មករា​ ឆ្នាំ​២០១១ នៅក្នុង​សាល​សន្និ​សីទ​ចតុ​មុខមាន​​ប្រារព្ធ​ពិធី​បិទ​អនុ​សំ​វច្ឆរ​មហា​សន្និ​បាត​មន្ត្រី​សង្ឃ​លើក​ទី​១ ៩ ក្រោម​អធិបតី​ភាព​លោក​ជំទាវ​បណ្ឌិត​ម៉ែន សំអន​ ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ ចូល​រួម​ក្នុង​ឱកាស​នោះ​ មាន​សម្តេច​ព្រះ​អគ្គ​​មហា​សង្ឃ​រាជា​ធិបតី​ទេព វង្ស​ សម្តេច​ព្រះ​​អគ្គ​មហា​សង្ឃ​រាជគណៈ​មហា​និកាយ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ សម្តេច​ព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជា​ធិបតី​បួរ គ្រី សម្តេច​ព្រះ​មហា​សង្ឃ​រាជគណៈ​ធម្ម​យុត្តិ​​ក​និ​កាយ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ សម្តេច​ព្រះ​មហា​សុមេ​ធា​ធិបតី​​ នន្ទ ង៉ែត សម្តេច​ព្រះ​សង្ឃ​នាយក​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ព្រម​ទាំង​រាជា​គណៈ​សង្ឃ​ និង​ព្រះ​សង្ឃ​ដែល​និមន្ត​មក​ពី​វត្ត​នានា​ទាំង​២៤​រាជធានី-ខេត្ត​​ អស់​លោក លោក​ជំទាវ​ជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ ព្រម​ទាំង​មន្ត្រី​រាជ​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។លោក​មិន​ ឃិន រដ្ឋ​មន្ត្រី​ក្រសួង​ធម្ម​ការ​ និង​សាសនា​បាន​ធ្វើ​របាយ​ការណ៍​​បូក​សរុប​ដោយ​លោក​បាន​គូស​បញ្ជាក់​អំពី​ការ​​បិទ​អនុ​សំវច្ឆរ​មហា​​សន្និ ​បាត​មន្ត្រី​សង្ឃ​លើក​ទី១៩​ ដែល​បាន​​ប្រព្រឹត្ត​ទៅក្នុង​​រយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​៣ និង​ទី​៤ មករា ២០១១ ដែល​ប្រារព្ធ​ឡើង​ក្រោម​អធិបតី​ភាព​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា ស៊ឹម ប្រធាន​ព្រឹទ្ធ​សភា​ និង​បាន​បិទ​ទៅ​វិញ​ក្រោម​អធិបតី​ភាព​លោក​ជំទាវ​បណ្ឌិត​ ម៉ែន សំអន ឧប​នាយក​រដ្ឋ​មន្ត្រី​​​ប្រចាំ​ការ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដោយ​​មាន​សមា​ជិក​ចូល​រួម​ប្រមាណ​៨៥០​អង្គ​/នាក់​ ។ ក្នុង​នោះ​មាន​សម្តេចព្រះ​រាជា​គណៈ​ ព្រះ​មេ​គណ​ ព្រះ​អនុ​គណ​ ព្រះ​ចៅ​អធិការ​ ថ្នាក់​ដឹក​នាំ​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ អភិ​បាល​ អភិ​បាល​រង​ខេត្ត​-រាជ​ធានី​ ប្រធាន អនុ​ប្រធាន​មន្ទីរ​ធម្ម​ការ​​ខេត្ត​-រាជ​ធានី​ និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​របស់​ក្រសួង​ធម្ម​ការ​ និង​សាសនា​ ដើម្បី​បើក​កិច្ច​ពិភាក្សា​ផ្លាស់​ប្តូរ​យោ​បល់​ និង​ការ​លើកឡើង​​នូវ​ទស្សនៈ​ស្ថាប​នាដល់​​អង្គ​អនុ​សំ​វច្ឆរ​មហា​សន្និ​បាត​​មន្ត្រី​សង្ឃ​ទាំង​មូល​។លោក​ រដ្ឋ​មន្ត្រី​​បាន​បន្ត​ទៀត​ថា ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ វិស័យ​ព្រះ​ពុទ្ធ​​​សាសនា​ រួម​នឹង​សាសនា​ផ្សេងៗ​បាន​រស់​ឡើង​វិញ​។ ព្រះ​ពុទ្ធ​សាសនា​បាន​ចាប់​ផ្តើម​​ដំបូង​មាន​ព្រះ​សង្ឃ​តែ​៧​អង្គ​ប៉ុណ្ណោះ​ រហូត​ដល់​បច្ចុ​ប្បន្ន​មាន​ព្រះ​សង្ឃ​សរុប​ចំនួន​៥៦.៣០១​អង្គ​ ក្នុង​នោះ​គណៈ​មហា​និកាយ​​មាន​៥៤.៨៦១​អង្គ និង​គណៈ​ធម្ម​យុត្តិ​​កនិ​កាយ​មាន​១.៤៤៣អង្គ​ និង​វត្ត​អារាម​សរុប​មាន​ចំនួន​៤.៤៦៦​វត្ត​ ។ ដោយ​ឡែក​វិស័យ​ពុទ្ធិ​ក​សិក្សា​ គឺ​បាន​បណ្តុះ​បណ្តាល​ព្រះ​សង្ឃ​តាំង​ពី​ថ្នាក់​ធម្ម​វិន័យ​ថ្នាក់​ពុទ្ធិ​ក​បឋម​សិក្សា ​​រហូត​ដល់​ថ្នាក់​ឧត្តម​សិក្សា​ ដែល​មាន​​សម​ណសិស្ស​ពីថ្នាក់​​ធម្ម​វិន័យ​ថ្នាក់​ត្រី​-ទោ-ឯក ចំនួន​៧៨៣​សាលា​ មាន​ សមណ​សិស្ស​ចំនួន​១១.២១៥​អង្គ/នាក់​ សាលា​ពុទ្ធិ​ក​បឋម​សិក្សា​​ មាន​៥៤៩​សាលា​ មាន​សម​ណ​សិស្ស​ចំនួន​១២.១៧៤​អង្គ​/នាក់​ ​ពុទ្ធិ​ក​អនុ​វិទ្យា​ល័យ​ចំនួន​២៤​សាលា​ មាន​សមណ​សិស្ស​ចំនួន​៣.៨៦៣​អង្គ​/នាក់​ ពុទ្ធិ​កវិទ្យា​ល័យ​មាន​១២​សាលា​ មាន​សម​ណ​សិស្ស​ចំនួន​១.៨២៤​អង្គ​/នាក់​ ។ចំណែក​​ពុទ្ធិ​ក​សាកល​វិទ្យា​ល័យ​មាន​ពី​រ គឺ​ពុទ្ធិ​ក​សាកល​វិទ្យា​ល័យ​ព្រះ​សីហនុ​រាជ ​មាន​មហា​វិទ្យា​ល័យ​ចំនួន​៥​ជា​ចំណុះ​ មាន​សមណ​និស្សិត​៩៧២​អង្គ​/នាក់​ កំពុង​សិក្សា។ ​លើស​ពី​នោះ​ ពុទ្ធិ​ក​សាកល​វិទ្យា​ល័យ​ព្រះ​សីហនុ​រាជក៏​​មាន​សាខាពុទ្ធិ​ក​របស់​ខ្លួនដែរ​គឺ​ ១-ពុទ្ធិ​ក​មហា​វិទ្យា​ល័យ​ខេត្ត​កំពង់​ចាម ​មាន​សម​ណ​និស្សិត​​៣៨០​អង្គ​/នាក់​, ២-ពុទ្ធិ​ក​មហា​វិទ្យា​ល័យ​ខេត្ត​កំពង់​ឆ្នាំង​ មាន​សម​ណ​និស្សិត​​៣០៦​អង្គ​/នាក់​ និង៣-ពុទ្ធិក​មហា​វិទ្យា​ល័យ​ខេត្ត​បាត់​ដំបង​ មាន​សមណ​និស្សិត​៤៨៣​អង្គ​/នាក់​ ។ ចំណែក​ឯ​ពុទ្ធិ​ក​សាកល​វិទ្យា​ល័យ​ព្រះ​សីហ​មុនី​រាជា មាន​៤​​មហា​វិទ្យា​ល័យ​ជា​ចំណុះ និង​​មាន​សម​ណ​និស្សិត​ចំនួន​៤៣​០អង្គ​/នាក់​ កំពុង​សិក្សា ។ ​ជារួម​គិត​មក​ទល់​នឹង​ពេល​នេះ​ធន​ធាន​ដែល​បាន​បញ្ចប់​ការ​សិក្សា​ ហើយ​បាន​ទទួល​សញ្ញា​បត្រ​បរិញ្ញា​បត្រ​ទៅ​តាម​ឯក​ទេស​នីមួយៗ​មាន​ចំនួន​ជាង​៥០០​អង្គ​/នាក់។លោក​ជំទាវ​បណ្ឌិត​ម៉ែន សំអន​ បាន​ថ្លែង​សុន្ទ​រកថា​​ផ្តោត​ការ​កោត​សរ​សើរ​ដល់​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ដែល​បាន​រីក​ដុះ​ដាលទូ​ទាំង​ប្រ ទេស​ទាំង​ផ្នែក​ពុទ្ធ​ចក្រ​ និង​អាណា​ចក្រ​ ព្រោះ​ថា​ប្រទេស​ដែល​ជឿន​លឿន​លើ​គ្រប់​វិស័យ​អាស្រ័យ​ដោយ​​ប្រទេស​នោះ​មាន​អ្នក​​ចេះ​ដឹង​ច្រើន​ទើប​ការ​អ ភិវឌ្ឍ​ប្រទេស​មាន​ការ​ជឿន​លឿន​ទៅមុខ​ជា​លំដាប់ ​ក្រោម​កិច្ច​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រក​ម្ពុជា​។ ទន្ទឹម​នឹង​នោះ​ដែរ ក្នុង​ការ​បំពេញ​​ក្រប​ខណ្ឌ​គតិ​យុត្តិ​ក្រសួង​ធម្ម​ការ​ និង​សាសនា​​បាន​​ពុះ​ពារ​គ្រប់​ឧបសគ្គ​ បញ្ចូល​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​នានា​របស់​ខ្លួន​ទៅ​ក្នុង​​ផែន​ការ​​យុទ្ធ​សាស្ត្រ​​អភិ​វឌ្ឍ​ជាតិ​ ឆ្នាំ​២០០៩-២០១៣ និង​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​អប់​រំ​សីល​ធម៌ ចរិយា​ធម៌ តាម​រយៈ​នាទី​​ព្រះ​ពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​ទៅ​នឹង​សង្គម​ ដែល​បាន​ចាក់​ផ្សាយ​តាម​វិទ្យុ​​ ទូរ​ទស្សន៍​គ្រប់​ប៉ុស្តិ៍​​ដើម្បី​​បង្កើន​ចំណេះ​ដឹង​ដល់​ប្រជា​ពល​រដ្ឋ​ទូទៅ​​ទូទាំង​​ប្រទេស​ សំដៅ​កាត់​បន្ថយ​នូវ​ភាព​អសីល​ធម៌​របស់​ក្មេង​ទំនើង​នៅ​គ្រប់​គ្រឹះ​ស្ថាន​សិក្សា​ ៕