Amazon ទើបតែបានបន្ទាន់សម័យផលិតផលមួយចំនួនរបស់ខ្លួន រួមមាន ការបំពាក់គ្រឿងម៉ាស៊ីនខ្លាំងក្លា សម្រាប់ស្រឡាយ Kindle Fire HDX 8.9 ព្រមទាំងឧទ្ទេសនាមឧបករណ៍អានសៀវភៅអេឡិចត្រូវនិក (e-reader) មួយ ដ៏គួរឱ្យចាប់អារម្មណ៍។ ប៉ុន្ដែ ការបន្ទាន់សម័យដែលសំខាន់បំផុត ប្រហែលជាធ្វើ ថេប្លេតប្រភេទតូច Kindle Fire HD ។

/

Amazon បញ្ចេញ Kindle Fire HD ថ្មី ចំនួន ២កំណែ (ឬ ១២កំណែ ប្រសិនគិតរួមទាំងពណ៌ ទំហំ និងម៉ូដែល សម្រាប់ក្មេងៗ) ក្នុងគោលបំណង បង្កើតនិយមន័យឡើងវិញនូវ ថេប្លេត Android តម្លៃទាប។

Kindle Fire HD ថ្មី មានអេក្រង់ ៦ និង ៧ inch និងមាន ៥ពណ៌ផ្សេងៗគ្នា។ កំណែ អេក្រង់ ៦ inch គឺពិតជាគូប្រជែងសំខាន់របស់ស្មាតហ្វូនមួយចំនួន នាបច្ចុប្បន្ន ជាជាង ជាគូប្រជែងរបស់ ថេប្លេត។ Kindle Fire HD ៦ inch មានតម្លៃចាប់ពី ៩៩ដុល្លារ ចំណែក កំណែ ៧ inch មានតម្លៃ ១៣៩ដុល្លារ។ Kindle Fire HD ទាំង ២កំណែ នេះ នឹងត្រូវបានដាក់លក់ ចាប់ពីខែតុលាខាងមុខ។

Kindle Fire HD ទាំង ២ ម៉ូដែលនេះ សុទ្ធតែប្រើឈីប 4-core របស់ MediaTek កម្រិត 1,5 GHz ដែលមានកម្លាំងក្រាហ្វិក ខ្លាំងជាង Samsung Galaxy Tab 4 ដល់ទៅ ៣ដង នេះបើតាមសម្ដីរបស់អ្នកតំណាងរបស់ Amazon ។

/

អេក្រង់របស់ ថេប្លេត នេះ ត្រូវបានបំពាក់កញ្ចក់ Gorilla ជួយការពារអេក្រង់ មិនឱ្យខូច នៅពេលធ្លាក់ពីកំពស់ ១ម៉ែត្រ។ Kindle Fire ជំនាន់ថ្មីនេះ ក៏អាចទប់ទល់នឹងការបាញ់ទឹក បូករួមទាំងទឹកអំបិល។ នៅក្នុងព្រឹត្តិការណ៍ឧទ្ទេសនាម Amazon ថែមទាំងបានសម្ដែងបង្ហាញអំពីភាពខ្លាំងរបស់ផលិតផលទាំង ២ នេះ ដោយការដាក់វាទៅក្នុងម៉ាស៊ីនគក់ខោអាវ។

/

ថេប្លេតទាំងនេះ របស់ Amazon ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ បំប្លែងពី Android 4.4 KitKat ដែល​មានឈ្មោះថា Fire OS 4 Sangria ។ មុខងារមួយដ៏អស្ចារ្យរបស់ ប្រព័ន្ធប្រតិបត្តិ នេះ គឺ Family Library អនុញ្ញាតឱ្យបណ្ដាសមាជិកក្នុងគ្រួសារ ចែករំលែកដល់គ្នា នូវ ហ្គេម ភាពយន្ដ សៀវភៅ ជាដើម សូម្បីតែពួកគេប្រើប្រាស់គណនី Amazon ផ្សេងៗពីគ្នា។

/

ក្រៅពីនេះ Amazon ក៏មានកំណែសម្រាប់ក្មេងៗ  (Kids Edition) ដែលមានគ្រឿងម៉ាស៊ីនប្រហាក់ប្រហែលនឹងកំណែខាងលើ  ប៉ុន្ដែវាមានភ្ជាប់មកជាមួយ  នូវសម្បកការពារដ៏ស្រស់ស្អាត។  តម្លៃរបស់កំណែនេះ ខ្ពស់ជាង ៥០ដុល្លារ ធៀបនឹងកំណែស្ដង់ដា៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ nextpowerup